សេដ្ឋកិច្ចតៃវ៉ាន់

តៃវ៉ាន់ បន្ថយការវិនិយោគនៅប្រទេសចិន ដោយងាកទៅបង្កើនការបោះទុននៅសហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់


ការវិនិយោគរបស់កោះតៃវ៉ាន់ នៅប្រទេសចិន បានធ្លាក់ចុះខ្លាំងក្នុងឆ្នាំ២០២៣ មកនៅត្រឹមជាង១០% នៃការវិនិយោគផ្ទាល់ក្រៅប្រទេសសរុបរបស់កោះមួយនេះ ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ប៉ុន្តែកោះនេះបានងាកទៅបង្កើនការវិនិយោគយ៉ាងឆាប់រហ័សនៅសហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចតៃវ៉ាន់
ដោយ

ទិន្នន័យផ្លូវការរបស់តៃវ៉ាន់ បានបង្ហាញថា បើទោះជាការវិនិយោគផ្ទាល់នៅបរទេសរបស់កោះតៃវ៉ាន់ ចន្លោះពីខែមករា ដល់ខែវិច្ឆិកា បានកើនឡើង៨៧% ក្នុងឆ្នាំនេះឈានដល់ជាង២៥ពាន់លានដុល្លារក៏ដោយ ក៏ការវិនិយោគនៅក្នុងប្រទេសចិន បានធ្លាក់ចុះ៣៤% មកនៅត្រឹមជិត៣ពាន់លានដុល្លារ ឬស្មើ១២%ប៉ុណ្ណោះ នៃការវិនិយោគសរុប។

ការធ្លាក់ចុះនូវការវិនិយោគរបស់ក្រុមហ៊ុនតៃវ៉ាន់ នេះគឺបណ្ដាលមកពីកត្តាមួយចំនួនដូចជាភាពតានតឹងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន ការជះឥទ្ធិពលនៃភាពតានតឹងដែលមានជាយូរមកហើយរវាងភាគីទាំងពីរ និងការខ្វែងគំនិតគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលនាំឱ្យអាមេរិក យកពន្ធលើទំនិញរបស់ចិន។

រដ្ឋាភិបាលកោះតៃវ៉ាន់ ដែលដឹកនាំដោយគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់ប្រធានាធិបតី គឺលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ដែលបានប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងទីក្រុងប៉េកាំង កំពុងខិតទៅរកអាមេរិកកាន់តែកៀក ខណៈកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកតែទៅលើសេដ្ឋកិច្ចរបស់ចិន។

ដូច្នេះហើយទើបបានក្រុមហ៊ុនតៃវ៉ាន់ ជាច្រើនសម្រុកដកការវិនិយោគរបស់ខ្លួនចេញពីប្រទេសចិន ហើយឆ្ពោះទៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ក្នុងល្បឿនលឿនបំផុត។

ការវិនិយោគផ្ទាល់របស់តៃវ៉ាន់ នៅសហរដ្ឋអាមេរិក បានកើនឡើង៩ដងចន្លោះពីខែមករា ដល់ខែវិច្ឆិកា គឺឡើងដល់ទំហំទឹកប្រាក់ចំនួនជាង៩ពាន់លានដុល្លារ ឬស្មើនឹង៣៧% នៃទំហំវិនិយោគសរុប។ ចំណែកការវិនិយោគក្នុងប្រទេសអាល្លឺម៉ង់វិញ បានកើនលើសតួលេខវិនិយោគនៅចិន រហូតដល់២៥ដង គឺឡើងដល់ជិត៤ពាន់លានដុល្លារ ដោយសារតែក្រុមហ៊ុនបន្ទះឈីបដ៏ធំបំផុតរបស់តៃវ៉ាន់ TSMC បានបោះទុនបង្កើតរោងចក្រមួយនៅទីនោះ។

ការវិនិយោគផ្ទាល់របស់តៃវ៉ាន់ នៅសហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងកើនឡើង៣ដងបើធៀបនឹងការវិនិយោគរបស់តៃវ៉ាន់ នៅប្រទេសចិន សម្រាប់រយៈពេលពេញមួយឆ្នាំ។ ការនេះបានធ្វើឱ្យសហរដ្ឋអាម៉េរិក ស្ថិតនៅលើកំពូលតារាងជាលើកដំបូងចាប់តាំងពីតៃវ៉ាន់ បានចាប់ផ្តើមអនុញ្ញាតឱ្យមានការវិនិយោគផ្ទាល់នៅក្នុងប្រទេសចិន ក្នុងឆ្នាំ១៩៩៣។

លោក ស៊ុន មីងទ័រ (Sun Ming-te) មកពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចតៃវ៉ាន់ បាននិយាយថា ការវិនិយោគរបស់តៃវ៉ាន់ នៅក្នុងប្រទេសចិន ដែលបន្តធ្លាក់ចុះបែបនេះ នឹងក្លាយជាសេណារីយ៉ូដ៏សំខាន់ ដរាបណាភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តមាន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បាងកក ជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានភ្ញៀវទេសចរទៅលេងច្រើនបំផុតក្នុងពិភពលោក

ព័ត៌មាន
ទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានភ្ញៀវទេសចរទៅលេងច្រើនបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៣ ខណៈទីក្រុងថៃ ចំនួនពីរទៀត គឺភូ…

ទឹកប្រាក់ដែលពលករឆ្លងប្រទេសផ្ញើត្រលប់ទៅស្រុក មានទំហំរហូតដល់ទៅ៨៦០ពាន់លានដុល្លារ

ព័ត៌មាន
ពលករឆ្លងប្រទេសកំពុងតែក្លាយជាប្រភពផលិតភាពពលកម្មដ៏ចម្បង ដែលអាចរួមវិភាគទានដល់ដំណើរការសេដ្ឋកិច្ចពិភពលោកកាន់តែសកម្ម ដោយនៅក្នុងឆ្នាំ២០២៣ នេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ