ឧបទ្វីបកូរ៉េ

បញ្ហានៅឧបទ្វីបកូរ៉េអាចកាន់តែតានតឹងក្រោយកូរ៉េខាងជើងលុបចោលកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងត្បូង


កូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរួមជាមួយនឹងសព្វាវុធថ្មីៗនៅតាមព្រំដែនជាមួយកូរ៉េខាងត្បូងឡើងវិញ មួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ រវាងកូរ៉េទាំងពីរ ក្នុងការតវ៉ាជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាងដោយជោគជ័យកាលពីថ្ងៃអង្គារ។ ទន្ទឹមនឹងការផ្អាកនេះ កូរ៉េខាងត្បូងថា ខ្លួនក៏នឹងដាក់ពង្រាយយន្តហោះស៊ើបការណ៍នៅតាមព្រំដែនជាមួយកូរ៉េខាងជើងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
8
ដោយ

សេចក្តីថ្លែងការណ៍ចេញដោយក្រសួងការពារជាតិកូរ៉េខាងជើង បានឱ្យដឹងថា ខ្លួននឹងស្ដារឡើងវិញនូវវិធានការយោធាទាំងអស់ ដែលខ្លួនបានផ្អាកក្រោមកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង ដែលត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយភាពតានតឹងនឹងគ្នានៅតាមព្រំដែន។ ចាប់ពីពេលនេះតទៅ យោធាកូរ៉េខាងជើង នឹងលែងគោរពតាមកិច្ចព្រមព្រៀង ដែលបានចុះថ្ងៃ១៩ ខែកញ្ញា ហើយនឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល និងប្រភេទយោធាថ្មីៗ និងទំនើបនៅក្នុងតំបន់តាមខ្សែបន្ទាត់ព្រំដែនយោធាជាមួយកូរ៉េខាងត្បូង។

ការប្រកាសដាក់ពង្រាយយោធានេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថា បានលុបចោលកិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ (CMA) ហើយថាទីក្រុងសេអ៊ូលនឹងទទួលខុសត្រូវទាំងស្រុងក្នុងករណី ដែលមានការប៉ះទង្គិចគ្នាណាមួយនាពេលខាងមុខនៅឧបទ្វីបកូរ៉េ។ កូរ៉េខាងត្បូងកាលពីថ្ងៃពុធ បានប្រកាសផ្អាកចូលរួមកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង កាលពីពេលថ្មីៗ ហើយថា ខ្លួននឹងបង្កើនសកម្មភាពស៊ើបការណ៍តាមព្រំដែនភ្លាមៗជាមួយកូរ៉េខាងជើង។

តាមការចុះផ្សាយដោយសារព័ត៌មានយ៉ុនហ៉ាប់ កូរ៉េខាងត្បូងកាលពីថ្ងៃពុធ ក្រោយការប្រកាសផ្អាកកិច្ចព្រមព្រៀងបានប្រើប្រាស់ឡើងវិញនូវយន្តហោះឈ្លបយកការណ៍ ដែលគ្មានមនុស្សបើកនៅតំបន់ព្រំដែន។ គួរជម្រាបថា កិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ (CMA) រវាងកូរ៉េទាំងពីរត្រូវបានផ្តួចផ្តើមឡើងនៅក្នុងឆ្នាំ២០១៨ រវាងលោក គីម ជុនអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន (Moon Jae-in) ដើម្បីបន្ថូរបន្ថយភាពតានតឹងនៅតាមព្រំដែន។ ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកម្នាក់បាននិយាយថា ការសម្រេចចិត្តផ្អាករបស់កូរ៉េខាងត្បូងពិតជាត្រឹមត្រូវ ព្រោះកូរ៉េខាងជើងមិនដែលប្រកាន់ភ្ជាប់ការគោរពតាមកិច្ចព្រមព្រៀង CMA ឡើយ។

មែនទែនទៅ ការផ្អាកកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង គឺជាការតវ៉ាប្រឆាំងនឹងការបាញ់បង្ហោះផ្កាយរណបកាលពីពេលថ្មីៗ។ កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនដោយជោគជ័យចូលទៅក្នុងគន្លងតារាវិថី។ ការណ៍នេះបានទាញឱ្យមានការថ្កោលទោសជាអន្តរជាតិ ព្រោះវារំលោភទៅលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលរារាំងទីក្រុងព្យុងយ៉ាងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែ។ ទោះជាយ៉ាងណា ការបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃអង្គារនោះ គឺជាការប៉ុនប៉ងលើកទីបីហើយរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ បន្ទាប់ពីបានបរាជ័យពីរលើកាលពីពេលកន្លងទៅ ហើយត្រូវបានមន្ត្រីយោធាកូរ៉េខាងត្បូង និងអ្នកវិភាគមួយចំនួនយល់ថា ទំនងជាមានការជួយផ្នែកបច្ចេកទេសពីប្រទេសរុស្ស៊ី បន្ទាប់ពីលោក គីម ជុងអ៊ុន បានទៅជួបលោក ពូទីន កាលពីខែកញ្ញា ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរបន្ថែម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចជំរុញឱ្យរដ្ឋាភិបាលចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចឱ្យមានស្ថិរភាពនៅឆ្នាំ២០២៤

ព័ត៌មាន
ទីប្រឹក្សារដ្ឋាភិបាលចិនសំខាន់ៗបានអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់លេខ២នៅលើពិភពលោកមួយនេះ កំណត់គោលដៅកំណើនសេដ្ឋកិច្…

វៀតណាមផ្ដោតលើការបង្កើនព្រលានយន្តហោះ ដើម្បីជំរុញកំណើនវិស័យទេសចរណ៍ និងខ្សែច្រវាក់ផ្គត់ផ្គង់

ព័ត៌មាន
ដោយមើលឃើញពីភាពកកស្ទះនៅតាមព្រលានយន្តហោះដោយសារតែកំណើនភ្ញៀវទេសចរទៅកម្សាន្តនៅវៀតណាមមានចំនួនកាន់តែច្រើនឡើងធ្វើឱ្យពួកគេរង់ចាំយូរនៅព្រលានយន្តហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ