ធុរកិច្ចថៃ

តើស្ថានភាពធុរកិច្ចថៃបច្ចុប្បន្ន ពិតជាអាក្រក់ជាងសម័យកាលកូវីដ-១៩ រីករាលដាលមែនឫ?


សមាគមអ្នកទីផ្សារថៃ បានអះអាងថា បញ្ហាថ្មីៗដែលកំពុងកើតមាននៅលើពិភពលោកដូចជាអន្តរកាលនៃការអភិវឌ្ឈបច្ចេកវិទ្យា បញ្ហានៃពហុប៉ូលសកល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចបានធ្វើឱ្យវិស័យធុរកិច្ចនៅប្រទេសថៃ ធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរជាងពេលដែលថៃ កំពុងផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅទៀត។ បច្ចុប្បន្នទីផ្សារសំខាន់ៗដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចថៃ គឺមានការធ្លាក់ចុះខ្លាំង ដែលរួមមានការលក់រថយន្ត និងលក់លំនៅឋានជាដើម។ តើស្ថានភាពធុរកិច្ចថៃបច្ចុប្បន្ន ពិតជាអាក្រក់ជាងសម័យកាលកូវីដ-១៩ រីករាលដាលមែនឫ?
ធុរកិច្ចថៃ
ដោយ

លោក ប៊ូរ៉ានិន រតនាសម្បត្តិ (Buranin Rattanasombat) ប្រធានសមាគមអ្នកទីផ្សារថៃ បាននិយាយប្រាប់សារព័ត៌មាន the Nation ថា ប្រតិបត្តិករអាជីវកម្មនៅថៃនឹងប្រឈមមុខនឹងបញ្ហាខាងលើរហូតដល់ឆ្នាំក្រោយឯណោះ។ លោកបានព្រមានថា វិស័យអាជីវកម្មនឹងរងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរបច្ចេកវិទ្យានៅក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ ដោយសារតែការប្រណាំងប្រជែងដណ្តើមទីតាំងឈរជើងរបស់ពិភពលោក។ ការរីកចម្រើននៃបញ្ញាសិប្បនិមិត្តនិងបច្ចេកវិទ្យាឯទៀត ក៏កំពុងជះឥទ្ធិពលមកលើចរន្តសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់កំពុងតែផ្លាស់ប្តូរទម្លាប់ពីការចូលចិត្តការទិញទំនិញតាមហាងជាក់ស្តែងទៅជាការបញ្ជាទិញតាមអនឡាញ។ ជាមួយគ្នានេះវិស័យធុរកិច្ច និងអ្នកទីផ្សារ ក៏ត្រូវទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកផងដែរ ដោយក្នុងនោះចិនត្រូវបានគេព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់៥% អឺរ៉ុប០,៦% ហើយជប៉ុនតិចជាង ១%។

យ៉ាងណាមិញ លោកជំរុញឱ្យស្ថាប័នពាក់ព័ន្ធត្រូវធ្វើ និងពង្រឹងកិច្ចមួយចំនួន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៅឆ្នាំនេះ ដូចជាការលើកកម្ពស់សីលធម៌របស់ប្រតិបត្តិករធុរកិច្ចថៃជាមួយនឹងព័ត៌មានវិជ្ជមាន និងការលើកទឹកចិត្ត, លើកកម្ពស់សមភាពក្នុងចំណោមមនុស្ស រួមជាមួយនឹងការជំរុញកំណើនសេដ្ឋកិច្ច, សហការជាមួយប្រទេសផ្សេងទៀត ដើម្បីជ្រៀតចូលទីផ្សារពិភពលោក, បើកដំណើរការសហគ្រាសធុនតូច និងមធ្យម ដើម្បីចូលទៅកាន់ទីផ្សារផ្សេងៗគ្នា។ សម្រាប់អ្នកជំនាញរូបនេះ អាជីវកម្មនៅថៃត្រូវតែផ្លាស់ប្តូរប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ដោយឡែកគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារបានអះអាងថា វិស័យធុរកិច្ចមួយចំនួន គឺស្ថិតក្នុងស្ថានភាពអាក្រក់បំផុត។ ជាក់ស្តែងការលក់រថយន្តបានបន្តធ្លាក់ចុះរហូតដល់២៤%នៅ៥ខែឆ្នាំនេះ ខណៈការលក់លំនៅឋានធ្លាក់ចុះជិត១២% រីឯខុនដូធ្លាក់ចុះ៧,៤%។

លោក ផៃវង្ស ស្រ៊ីវ៉ានិច ( Payong Srivanich) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុក ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារបាននិយាយប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ប្រសិនបើការលក់នៅក្នុងវិស័យទាំងនេះបន្តថយចុះ នោះកំណើនផលិតផលក្នុងស្រុករបស់ថៃ អាចនឹងថយចុះពី០,៣ទៅ០,៤%នៅឆ្នាំនេះ។

យ៉ាងណាក៏ដោយគណៈកម្មាធិការនេះបានរក្សាការព្យាករកំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃក្នុងកម្រិតពី២,២%ទៅ២,៧%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤ ជាមួយនឹងអត្រាអតិផរណាប៉ាន់ស្មាននៅកម្រិតពី០,៥ទៅ១%៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំស្តីពីការវិភាគមុខងាររបស់ទីស្តីការ គណៈរដ្ឋមន្ត្រី

ព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹក…

តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃខ្លាំងបំផុតនៅ៣សប្ដាហ៍មកនេះ?

ព័ត៌មាន
ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល៣សប្តាហ៍មកនេះ ខណៈដែលទិន្នន័យបង្ហាញថា វិស័យសេវាកម្មនៅសហរដ្ឋអាម៉េរិក នៅអំឡុងខែមិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ