វិស័យពាណិជ្ជកម្ម

តើការដំឡើងពន្ធដាក់គ្នារវាងអាម៉េរិក អឺរ៉ុប និងចិន អាចជាឱកាសក្នុងការទាក់ទាញការវិនិយោគដែរ ឬទេ?


សហរដ្ឋអាម៉េរិក អឺរ៉ុប និងចិន កំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយគ្នា ក្រោយពួកគេបានរាំងខ្ទប់ការនាំចេញទំនិញសំខាន់ៗ និងការដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ដែលកំពុងបង្កជាក្ដីបារម្ភ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងរងគ្រោះដោយសារឥទ្ធិពលសង្គ្រាមស្រាប់ហើយនោះស្ថិតក្នុងភាពមិនប្រាកដប្រជាកាន់តែខ្លាំង។ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗទាំងនេះ ក៏បានហុចផលប្រយោជន៍ដល់បណ្តាប្រទេសក្នុងតំបន់មួយចំនួនផងដែរ។
វិស័យពាណិជ្ជកម្ម
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការដំឡើងពន្ធដាក់គ្នាទៅវិញទៅមករវាងសហរដ្ឋអាម៉េរិក អឺរ៉ុប និងចិន ចង់ ឬមិនចង់វានឹងធ្វើក្រុមហ៊ុនមួយចំនួនត្រូវរើអាជីវកម្មរបស់ខ្លួនចេញពីប្រទេសទាំងនោះទៅកាន់ប្រទេសផ្សេងៗ ដើម្បីគេចចេញពីគំនាបពន្ធ និងការដាក់ទណ្ឌកម្មផ្សេងៗ ដែលវានឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសផ្សេងៗ រួមទាំងកម្ពុជា ផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជាអាចនឹងស្រូបទាញផលប្រយោជន៍បានច្រើនពីភាពតានតឹងផ្នែកពាណិជ្ជកម្មក្នុងរង្វង់ប្រទេសមហាអំណាចទាំងនេះ ដ្បិតថា កម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន កូរ៉េ និងEBA ព្រមទាំងការអនុគ្រោះពន្ធមួយចំនួនទៀតផងដែរ។

បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ គោលការណ៍អនុគ្រោះពាណិជ្ជកម្មសម្រាប់ការវិនិយោគនៅកម្ពុជានឹងរួមចំណែកជួយទាក់ទាញក្រុមវិនិយោគចិន ឱ្យមកបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីផលិតកែច្នៃនាំចេញទៅកាន់បណ្ដាប្រទេស ដែលជាប់ពន្ធខ្ពស់។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបានគូសបញ្ជាក់ថា ការវិនិយោគនៅកម្ពុជា មានស្ថានភាពល្អប្រសើរគួរឱ្យកត់សម្គាល់នៅដើមឆ្នាំ២០២៤ នេះ តាមរយៈការទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់។

​លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ជឿជាក់ថា ការដំឡើងពន្ធដាក់គ្នារវាងអាម៉េរិក សហគមអឺរ៉ុប និងចិននឹងបង្កបញ្ហាដល់ការធ្វើពាណិជ្ជកម្មនៅទូទាំងពិភពលោក តាមរយៈការជំរុញតម្លៃទំនិញ និងសេវាកម្មឱ្យហក់ឡើងខ្ពស់។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បញ្ហានេះចង់ឬមិនចង់វានឹងជះឥទ្ធិពលណាមួយមកលើកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ លោកជឿជាក់ថា បញ្ហានេះក៏នឹងហុចផលប្រយោជន៍ដល់កម្ពុជាផងដែរ។

​បើតាមអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រូបនេះ គោលនយោបាយពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន។ តាមរយៈលក្ខខណ្ឌនៃគោលនយោបាយពាណិជ្ជកម្មនេះ នឹងធ្វើឱ្យកម្ពុជាទាក់ទាញបានក្រុមវិនិយោគិនបរទេសបន្ថែមទៀតនាពេលខាងមុខ ខណៈនៅអំឡុងឆ្នាំ២០២៤នេះ សកម្មភាពវិនិយោគនៅកម្ពុជាហាក់មានកំណើនគួរឱ្យកត់សម្គាល់៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកកំពុងស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន ធំៗ៣ ក្រោយបារម្ភក្រុមហ៊ុននេះលួចទាញយកទិន្នន័យរបស់អាម៉េរិក

ព័ត៌មាន
រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក កំពុងស៊ើបអង្កេតក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Telecom និងក្រុមហ៊ុន China Unic…

ការលក់បណ្ណបំណុលរដ្ឋហាក់ទទួលបានលទ្ធផលល្អ តែមន្ត្រីថា ការជួញដូរមិនទាន់មានភាពសស្រាក់សស្រាំនៅឡើយទេ

ព័ត៌មាន
ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋហាក់ទទួលបានលទ្ធផលល្អនៅឆ្នាំ២០២៤ នេះ ពោលគឺនៅត្រីមាសទី១ឆ្នាំនេះ រដ្ឋអាចលក់បណ្ណបំណុលបានជាង៤៥លានដុល្លារអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ