អត្រាការប្រាក់អាម៉េរិក

ធនាគារកណ្តាលអាម៉េរិក អាចនឹងសម្រេចចិត្តលើបញ្ហាកាត់បន្ថយអត្រាការប្រាក់នៅខែមីនា


ស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក បានកើនឡើងក្នុងល្បឿនប្រចាំឆ្នាំ៣,៣% ដែលជាកម្រិតនៃល្បឿនខ្ពស់ ដែលអ្នកវិភាគមិននឹកស្មានដល់នៅចុងត្រីមាសនៃឆ្នាំ២០២៣ ខណៈដែលជនជាតិអាម៉េរិកបានបង្ហាញពីឆន្ទៈបន្តក្នុងការចំណាយដោយសេរី ទោះបីជាអត្រាការប្រាក់នៅតែខ្ពស់ក៏ដោយចុះ។ ផ្អែកតាមស្ថានភាពដ៏វិជ្ជមាននេះ គេជឿជាក់ថា ធនាគារកណ្តាលអាម៉េរិកអាចនឹងសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នៅក្នុងរង្វង់ខែមីនា ខាងមុខនេះ។
អត្រាការប្រាក់អាម៉េរិក
ដោយ

នៅត្រីមាសទី៤នៃឆ្នាំ២០២៣ កន្លងទៅ ស្ថានភាពសេដ្ឋកិច្ចអាម៉េរិក បានកើនឡើងក្នុងល្បឿន៣,៣% ដ៏រឹងមាំគួរឱ្យភ្ញាក់ផ្អើល ដោយរបាយការណ៍ពីការិយាល័យពាណិជ្ជកម្មនៃប្រទេសមហាអំណាចពិភពលោកនេះបានរាយការណ៍ថា អត្រាផលិតផលក្នុងស្រុកសរុបនៅតែឆ្លុះបញ្ចាំងពីភាពធន់ដ៏គួរឱ្យភ្ញាក់ផ្អើល​។

ទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា អត្រាផលិតផលក្នុងស្រុកសរុបអាម៉េរិក ប្រចាំឆ្នាំបានកើនឡើងក្នុងល្បឿនប្រចាំឆ្នាំ២% ស្របពេលដែលអ្នកប្រើប្រាស់ ដែលមានប្រហែល៧០% នៃសេដ្ឋកិច្ចសរុបជាអ្នកដែលបានជំរុញកំណើននេះ។

ការចំណាយរបស់ប្រជាជនបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជិត៣% ខណៈដែលការចំណាយលើទំនិញរាប់ចាប់ពីសម្លៀកបំពាក់ គ្រឿងសង្ហារិម យានជំនិះ កម្សាន្ត និងការចំណាយទិញទំនិញផ្សេងៗទៀត រហូតដល់សេវាកម្មដូចជាសណ្ឋាគារ និងអាហារភោជនីយដ្ឋានជាដើម គឺសុទ្ធតែកើនឡើង។

ពាក់ព័ន្ធនឹងស្ថានភាពនេះ លោក ជេរ៉ូម ផូវែល (Jerome Powell) ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកណ្តាលអាម៉េរិក​ បានថ្លែងនៅក្នុងសន្និសីទកាសែតបន្ទាប់ពីអ្នកជំនាញការសេដ្ឋកិច្ច អាម៉េរិកបានជួបប្រជុំគ្នាកាលពីសប្តាហ៍មុននេះថា ក្រុមប្រឹក្សាសេដ្ឋកិច្ចអាម៉េរិកនឹងជួបប្រជុំគ្នាជាថ្មីម្តងទៀតនៅក្នុងរង្វង់ខែមីនា​។

តាមទំព័រសារព័ត៌មានធំៗបានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតនោះ លោក ជេរ៉ូម មិនបានបង្ហាញចំៗនូវអ្វី ដែលពិភពលោកកំពុងតែរង់ចាំនោះទេ ប៉ុន្តែលោកបានបង្ហាញនូវសូចនាករដ៏វិជ្ជមានផ្សេងៗ ដោយបញ្ជាក់ថា នេះអាចជារបៀបវារៈនៃការសម្រេចចិត្តនៅក្នុងខែមីនា នោះ ប៉ុណ្ណោះ។

ដោយឡែកអ្នកវិភាគសេដ្ឋកិច្ចពីររូបផ្សេងទៀត ដូចជាលោក ស្ទូអាត ប៉ូល (Stuart Paul) និងលោក អេស្តែល អ៊ូ (Estelle Ou) បានបង្ហាញនូវការជឿជាក់ថា ខែមីនា ខាងមុខពិតជាពេលដែលធនាគារកណ្តាលអាម៉េរិកនឹងសម្រេចចិត្តលើបញ្ហាអាត្រាការប្រាក់នេះ ។ ពួកគេបានបញ្ជាក់ថា វាគួរតែដល់ពេលហើយ ដែលធនាគារកណ្តាលចាប់ផ្តើមចាត់វិធានការឆ្ពោះទៅរកការកាត់បន្ថយអត្រាការប្រាក់នៅក្នុងប៉ុន្មានខែខាងមុខនេះ ខណៈដែលគេដឹងថា អត្រាការប្រាក់នៅអាម៉េរិកនៅពេលនេះគឺនៅក្នុងរង្វង់៥%៕

ដោយៈសរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការខ្វះស្តង់ដាររបាំងមិនមែនពន្ធធ្វើឲ្យត្រីសាច់ និងបន្លែរបស់ប្រទេសក្បែរខាងហូរចូលទីផ្សារកម្ពុជាយ៉ាងគំហុក

ព័ត៌មាន
ទោះបីការបង្កបង្កើនផលក្នុងវិស័យកសិកម្មនៅកម្ពុជាមានការរីកចម្រើននៅប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ តែយើងនៅតែសង្កេតឃើញមានការនាំចូលបន្លែ ផ្លែឈើ ត្រី…

ថៃទាក់ទាញភ្ញៀវទេសចរបរទេសច្រើនជាងគេនៅអាស៊ាន ខណៈកម្ពុជាប្រដំប្រសងនឹងហ្វីលីពីន

ព័ត៌មាន
ប្រទេសថៃ នៅតែបន្តនាំមុខគេខាងវិស័យទេសចរណ៍ដោយអាចទាក់ទាញភ្ញៀវទេសចរបរទេសសរុបបានជាង២៨លាននាក់ នៅឆ្នាំ២០២៣ កើនឡើងដល់ទៅ១៥៤% ខណៈដែលប្រទេសផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ