រោងចក្ររ៉េអាក់ទ័រ

អាម៉េរិកនឹងជួយហ្វីលីពីនបង្កើតរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែខ្នាតតូច


ក្រុមហ៊ុនចែកចាយថាមពលដ៏ធំរបស់ប្រទេសហ្វីលីពីន ដែលមានឈ្មោះថា Manila Electric កំពុងសហការជាមួយក្រុមហ៊ុន Ultra Safe Nuclear Corp. (USNC) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក រួមគ្នាដំឡើងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែខ្នាតតូច ដើម្បីប្រែក្លាយប្រទេសអាស៊ីអាគ្នេយ៍មួយនេះលែងឱ្យប្រើប្រាស់ថាមពលចេញពីឥន្ធនៈហ្វូស៊ីល។
រោងចក្ររ៉េអាក់ទ័រ
ដោយ

ស្របពេលជាមួយគ្នានេះ លោក ហ្វើឌីណង់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន ក៏នឹងត្រៀមជួបលោក ស៊ី ជិនពីង នៅអំឡុងកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco ដើម្បីបន្សាបភាពភាពតានតឹងរវាងប្រទេសទាំងពីរជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូងផងដែរ។

យោងតាមការប្រកាសដោយការិយាល័យប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ការសម្រេចជួយនេះកើតឡើងបន្ទាបពីក្រុមហ៊ុនថាមពលអាម៉េរិក USNC បានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Manila Electric ឬដែលគេស្គាល់ថា Meralco អំឡុងដំណើរទស្សនកិច្ចរបស់លោក ម៉ាកូស ទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

ក្រោយចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Meralco របស់ហ្វីលីពីន បាននិយាយសាទរការជួយរបស់អាម៉េ​ រិកនេះថា ជាជំហានមួយដ៏សំខាន់សម្រាប់ហ្វីលីពីន ក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត និងជម្រើសថាមពលប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស។ បើតាមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុនទាំងពីរនឹងធ្វើការសិក្សាជាមុនអំពីលទ្ធភាពក្នុងការប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រខ្នាតតូច ក្នុងការប៉ាន់ប្រមាណផលប៉ះពាល់បរិស្ថាន ចំនួនវិនិយោគ និងការចំណាយប្រតិបត្តិការជាមុន។ ហើយក្រុមហ៊ុនMeralco នឹងត្រូវពិនិត្យមើលការដំឡើងរ៉េអាក់ទ័រនៅក្នុងតំបន់ណាមួយក្នុងប្រទេសហ្វីលីពីន ដែលខ្វះខាតថាមពលអគ្គិសនី។

ទន្ទឹមគ្នានេះ ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស ដែលកំពុងមានវត្តមាននៅសហរដ្ឋអាម៉េ​រិក បាននិយាយនៅថ្ងៃសុក្រនេះថា លោកនឹងជួបជាមួយសមភាគីចិន លោកស៊ី ជិនពីង នៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco ដើម្បីពិភាក្សាអំពីភាពតានតឹង និងបង្កើតផ្លូវឆ្ពោះទៅមុខនៅសមុទ្រចិនខាងត្បូង។ លោកបានសង្កត់ធ្ងន់ថា ផ្លូវឆ្ពោះទៅមុខរួមគ្នានេះ គឺដើម្បីរក្សាឱ្យបានសន្តិភាពនៅសមុទ្រហ្វីលីពីនខាងលិច ឬសមុទ្រខាងចិនខាងត្បូងនោះឯង។ ការជួបនេះធ្វើឡើងក្រោយពេលដែលភាពតានតឹងរវាងទីក្រុងប៉េកាំង និងម៉ានីល បានកើនឡើងកម្តៅខ្លាំងនៅរយៈចុងក្រោយជុំវិញជម្លោះនៅសមុទ្រចិន។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសហ្វីលីពីន បានប្តេជ្ញាជាថ្មី ក្នុងការបន្តបេសកកម្មផ្គត់ផ្គង់ជំនួយនិងស្បឿងដល់កងទ័ព និងអ្នកនេសាទរបស់ខ្លួនដែលកំពុងធ្វើប្រតិបត្តិការក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះជាមួយចិន ហើយថា ហ្វីលីពីនមិនចាំបាច់ជូនដំណឹងជាមុនដល់ប្រទេសចិននោះទេ។ ក្នុងពេលជាមួយគ្នា ក្រសួងការបរទេសហ្វីលីពីន ក៏បានអំពាវនាវឱ្យប្រទេសចិន ដកសំណង់ខុសច្បាប់ទាំងអស់ ដែលខ្លួនបានសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ព្រមទាំងបញ្ឈប់ការរុះរើឡើងវិញនៅក្នុងតំបន់ទាំងនោះ និងទទួលខុសត្រូវចំពោះការខូចខាតនៃសកម្មភាពដែលបានបង្កឡើងកន្លងទៅផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីចិនយកគំរូតាមសិង្ហបុរីចាក់បញ្ចូលលុយរាប់ពាន់លានដុល្លារសាងសង់លំនៅឋានសង្គម?

ព័ត៌មាន
ប្រទេសចិនគ្រោងនឹងចាក់បញ្ចូលប្រាក់រាប់ពាន់លានដុល្លារក្នុងការសាងសង់លំនៅឋានសង្គមដោយយកគំរូតាមប្រទេសសិង្ហបុរី ដើម្បីជួយបញ្ចប់វិបត្តិនៃការធ្លាក…

ក្រុមអ្នកសេដ្ឋកិច្ចយល់ឃើញបែបណាចំពោះការធ្វើពាណិជ្ជកម្មអន្តរជាតិកម្ពុជានៅ១០ខែឆ្នាំនេះ?

ព័ត៌មាន
ស្ថានភាពការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ហាក់នៅតែមានទំនោរធ្លាក់ចុះ ពោលគឺនៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ