អតិផរណានឹងធ្លាក់ទាបនៅឆ្នាំ២០២៣

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកថា អតិផរណានឹងធ្លាក់ទាបនៅឆ្នាំ២០២៣


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី Janet Yellen កាលពីថ្ងៃទី១១ខែធ្នូ បានព្យាករណ៍ថា អតិផរណារបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៣នឹងថយចុះខ្លាំង បើសិនជាមិនមានរឿងអាក្រក់ដ៏គួរឱ្យភ្ញាក់ផ្អើលណាមួយកើតឡើងនោះទេ។ ការលើកឡើងបែបនេះរបស់ មន្ត្រីជាន់ខ្ពស់អាមេរិក គឺផ្ទុយស្រឡះពីវិស័យឯកជន ពិសេសក្រុមហ៊ុនធំៗនៅអាមេរិក ដែលកំពុងមានទុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចអាមេរិកនៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកថា អតិផរណានឹងធ្លាក់ទាបនៅឆ្នាំ២០២៣!

នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍អាមេរិក CBSលោកស្រី Janet Yellenបាននិយាយដោយជឿថា នៅឆ្នាំក្រោយ អតិផរណានឹងធ្លាក់ចុះទាប ប្រសិនបើចន្លោះពេលនេះទៅដំណាច់ឆ្នាំក្រោយ នឹងមិនមានរឿងអាក្រក់ដែលមិននឹងស្មានដល់ណាមួយកើតឡើងទេនោះ។ ក៏ប៉ុន្ដែ នៅពេលត្រូវបានគេសួរអំពី ភាគរយដែលសេដ្ឋកិច្ចអាមេរិកអាចធ្លាក់ក្នុងវិបត្តិ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះថ្លែងថា«ហានិភ័យពិតជាមាន ប៉ុន្តែលោកស្រីសង្កត់ធ្ងន់ថា វិបត្តិនឹងមិនកើតឡើងឡើយ ហើយអ្វីដែលសំខាន់នៅពេលនេះ គឺគេត្រូវធ្វើយ៉ាងណាឱ្យអតិផរណាធ្លាក់ចុះមកវិញឲ្យបានសិន។

ប្រសាសន៍របស់លោកស្រី Yellen ធ្វើឡើង នៅប៉ុន្មានថ្ងៃមុនពេលធនាគារកណ្តាលអាមេរិក ត្រូវបានគេរំពឹងថានឹងបន្ថយល្បឿននៃការដំឡើងអត្រាការប្រាក់គោលនៅឆ្នាំនេះ។ ប្រធានធនាគារកណ្តាល លោក ជេរោម ផូវែល(Jerome Powell) ធ្លាប់បានលើកឡើងពីការដំឡើងអត្រាការប្រាក់គោលម្តងទៀត ក្នុងអត្រា 0,៥% ដែលអាចធ្វើឱ្យអត្រាការប្រាក់សរុបមានដល់ចន្លោះពី ៤,២៥% ទៅ ៤,៥% បន្ទាប់ពីការដំឡើង0,៧៥% អស់ចំនួនបួនដងនៅក្នុងឆ្នាំនេះ។

ទោះយ៉ាងណាលោកស្រី Yellen នៅតែបង្ហាញសុទិដ្ឋិនិយមថា កំណើនសេដ្ឋកិច្ចអាមេរិកនឹងបានធូរស្បើយទោះបីមានកំណើនយឺតក្ដី ហើយអតិផរណានឹងបានធូរស្រាលដែរ ខណៈលោកស្រីនៅតែសង្ឃឹមថាទីផ្សារការងារនឹងនៅតែមានសុខភាពល្អ។

ទោះយ៉ាងណា បើតាមការស្ទង់មតិកាលពីពេលថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុនធំៗមួយចំនួននៅអាមេរិកកំពុងរៀបផែនការសម្រាប់៦ខែឆ្នាំក្រោយ ក្នុងការកាត់បន្ថយការជួលបុគ្គលិក និងកាត់បន្ថយការវិនិយោគ។ ទន្ទឹមនោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗទាំងនេះ សុទ្ធតែបានព្យាករណ៍ថា អតិផរណាអាមេរិក នឹងមានខ្ពស់ ហើយអាចធ្លាក់ចូលក្នុងវិបត្តិ និងមានអ្នកខ្លះទៀតអះអាងថា វិបត្តិអាចអូសបន្លាយដល់ឆ្នាំ ២០២៤ទៀតផង។

ប៉ុន្តែភាពជឿជាក់របស់មន្ត្រីក្រុងវ៉ាស៊ីនតោនខាងលើដដែលទំនងដោយសារតែ ថ្លៃដឹកជញ្ជូនបានធ្លាក់ចុះ ហើយការយឺតយ៉ាវនៃការដឹកជញ្ជូនបានធូរស្រាល ខណៈដែលតម្លៃប្រេងសាំងក៏បានធ្លាក់ចុះដែរ៕




អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីកំពុងឈរចំកណ្ដាលនៃការប្រទាញប្រទង់ឥទ្ធិពលរវាងចិន និងអាមេរិក?

ព័ត៌មាន
ការស្វែងរកកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាអំណាចថ្នាក់កណ្តាល នៅចន្លោះឥទ្ធិពលនៃមហាអំណាចផុតលេខសហរដ្ឋអាមេរិក និងចិន ដែលកំពុងប្រទ…

ចិនបានបង្កើនជំនួយយោធាដល់ប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក ខណៈដែលទ្វីបនេះកំពុងព្រួយបារម្ភពីឥទ្ធិពលរបស់រុស្ស៊ី

ព័ត៌មាន
ប្រទេសចិនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ខ្លួនជាមួយបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកខណៈដែលសង្រ្គាមនៅប្រទេសអ៊ុយក្រែនបានធ្វើឱ្យទ្វីបនេះម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ