ប្រទេសវៀតណាម

តើកត្តាអ្វីខ្លះនឹងធ្វើឲ្យវៀតណាមអាចនឹងក្លាយជាប្រទេសផលិតគ្រឿងបង្គុំអេឡិចត្រូនិចឈានមុខគេមួយក្នុងតំបន់?


ទីផ្សារគ្រឿងបង្គុំអេឡិចត្រូនិច ដែលភាសាបច្ចេកទេសហៅថា semiconductors ក្នុងប្រទេសវៀតណាម ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំប្រមាណជាជាង ៦% ជាមធ្យមនៅក្នុងរយៈពេលចន្លោះពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧។ ទំហំទីផ្សារផលិតផលដ៏សំខាន់នេះ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងចំនួនជិត២ពាន់លានដុល្លារ។ និន្នាការនេះ ត្រូវបានគេរំពឹងថា នឹងនាំឱ្យផលិតករបរទេសលំដាប់ពិភពលោកបង្កើនវត្តមានពួកគេក្នុងប្រទេសវៀតណាមកាន់តែច្រើនឡើង។
វៀតណាមទាក់ទាញក្រុមហ៊ុនផលិតគ្រឿងបង្គុំអេឡិចត្រូនិចពិភពលោក

សារព័ត៌មាន Vietnam News បានរាយការណ៍ថា ក្រុមហ៊ុនផលិតគ្រឿងបង្គុំអេឡិចត្រូនិចពិភពលោកមួយចំនួន កំពុងបង្កើនវត្តមានរបស់ពួកគេនៅវៀតណាម ដែលធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍នេះក្លាយជាតារាកំពុងរះឡើងលើទីផ្សារគ្រឿងបង្គុំអេឡិចត្រូនិចពិភពលោក។

តួយ៉ាងថ្មីៗនេះ ក្រុមហ៊ុន Hanmi Semiconductor របស់ប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនផលិតឧបករណ៍គ្រឿងបង្គុំអេឡិចត្រូនិចឈានមុខគេលំដាប់ពិភពលោកមួយ បានប្រកាសពីការបើកដំណើរការជាផ្លូវការនៅវៀតណាមកាលពីចុងខែឧសភា។

លោក ក្វាក ដុងស៊ីន ( Kwak Dong-shin) នាយកប្រតិបត្តិក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះ បានប្រាប់សារព័ត៌មាន Vietnam Investment Review ថា ក្រុមហ៊ុនជឿជាក់ថា វៀតណាមកំពុងក្លាយជាមជ្ឈមណ្ឌលផលិតសម្រាប់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជាច្រើន។

នៅដើមខែមិថុនា ឆ្នាំ ២០២៣, ក្រុមហ៊ុនបច្ចេវិទ្យា អ៊ិនហ្វីនីអន (Infineon Technologies AG) ដែលជាក្រុមហ៊ុនធំជាងគេរបស់ប្រទេសអាល្លឺម៉ង់ និងដែលមានឯកទេសផលិតគ្រឿងបង្គុំអេឡិចត្រូនិក សម្រាប់ឧស្សាហកម្មថាមពល និងប្រព័ន្ធបណ្តាញបច្ចេកវិទ្យាព័ត៌មាន បានប្រកាសពីការពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាម រួមជាមួយនឹងការបង្កើតក្រុមអភិវឌ្ឍន៍បន្ទះគ្រឿងចម្លងចរន្តអគ្គិសនីទំនើបនៅទីក្រុងហាណូយផង។

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ ដែលមានឈ្មោះថា ថិកណាវីអៅ (Technavioa) បានអះអាងថា ទីផ្សារគ្រឿងបង្គុំអេឡិចត្រូនិច ក្នុងប្រទេសវៀតណាម ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំជាង ៦% ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ រីឯទំហំនៃទីផ្សារត្រូវបានគេព្យាករថា នឹងកើនឡើងចំនួនជិត២ពាន់លានដុល្លារ។

ផលិតផលអេឡិចត្រូនិច ដែលកំពុងតែប្រើប្រាស់គ្រឿងបង្គុំអេឡិចត្រូនិកផលិតនៅប្រទេសវៀតណាម គឺមានចាប់ពីទូរស័ព្ទ កាមេរ៉ា ឧបករណ៍ចាប់រលកសញ្ញា ប្រព័ន្ធបញ្ជា ឧបករណ៍ចល័ត និងប្រព័ន្ធស្វ័យប្រវត្តិកម្មជាដើម។

ស្ថានភាពនៃការវិនិយោគ និងកំណើននៃការប្រើប្រាស់គ្រឿងបង្គុំអេឡិចត្រូនិកដែលផលិតនៅក្នុងប្រទេសវៀតណាម បានកើនឡើងចាប់តាំងពីពេលដែលសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខ១ និងលេខ២ មានជម្លោះនឹងគ្នា។ ប៉ុន្តែបញ្ហាប្រឈមមួយសម្រាប់ប្រទេសវៀតណាមគឺស្ថិតនៅក្នុងការពង្រីកសមត្ថភាព និងទីផ្សារគ្រឿងបង្គុំអេឡិចត្រូនិកនេះ ដោយសារវៀតណាមខ្វះអ្នកជំនាញ។ បច្ចុប្បន្ន វៀតណាមកំពុងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាល។

ស្ថិតិបានបង្ហាញថា ឧស្សាហកម្មបន្ទះគ្រឿងចម្លងអគ្គិសនីរបស់វៀតណាមទទួលបានប្រាក់ចំណូលចំនួន ជា៥៦២ លានដុល្លារ ពីការនាំចេញទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ១២ ខែកន្លងមកនេះ ពោលគឺកើនឡើងជិត៧៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ វៀតណាម មានចំណែក១០ភា% ក្នុងការនាំចេញគ្រឿងបង្គុំអេឡិចត្រូនិក ទៅសហរដ្ឋអាមេរិក ហើយវៀតណាមឈរនៅលំដាប់ទី៣ បន្ទាប់ពីម៉ាឡេស៊ី និងតៃវ៉ាន់៕




អត្ថបទបន្ទាប់


ឥណ្ឌានឹងផ្តល់នាវាចម្បាំងឱ្យវៀតណាម ខណៈពេលប្រទេសទាំងពីរ រឹតចំណងទំនាក់ទំនងយោធាកាន់តែខ្លាំង

ព័ត៌មាន
ឥណ្ឌាបាននិយាយកាលពីថ្ងៃទី ១៩ មិថុនា ថា ខ្លួននឹងផ្តល់ឱ្យប្រទេសវៀតណាមនូវនាវាចម្បាំងមួយគ្រឿង ដើម្បីរឹតចំណងការពារជាតិរវាងប្រទេសទាំងពីរ ដែលក…

វីធីសាស្រ្តជ្រើសរើសរថយន្តដឹកទំនិញ សំរាប់អាជីវកម្ម!

ព័ត៌មាន
បច្ចុប្បន្ននេះទីផ្សាររថយន្ត និងម៉ាករថយន្តថ្មី នៅក្នុងប្រទេសកម្ពុជាមានការកើនឡើង ទាំងនេះហើយជាមូលហេតុដែលធ្វើអោយម្ចាស់អាជីវកម្មមានកាពិបាកក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ