ទីផ្សារមាស

វៀតណាមជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការជួញដូរមាស ខណៈមាសនៅថៃរំពឹងហក់ឡើងលើស៣ពាន់ដុល្លារ


ធនាគារកណ្ដាលវៀតណាម បានជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការជួញដូរមាស ខណៈតម្លៃមាសក្នុងប្រទេសវៀតណាម កំពុងតែឡើងខ្លាំងរហូតដល់ជាង៣ពាន់៤រយដុល្លារអាម៉េរិកក្នុងមួយតម្លឹង។ ទន្ទឹមនេះ នៅទីផ្សារប្រទេសថៃ ឯណោះវិញ តម្លៃមាសត្រូវបានរំពឹងថា នឹងហក់ឡើងលើស៣ពាន់ដុល្លារក្នុងមួយតម្លឹងនៅឆ្នាំ២០២៤ នេះ ខណៈហាងឆេងមាសនៅកម្ពុជានៅព្រឹកថ្ងៃទី២ ខែមករា មានតម្លៃប្រមាណ២ពាន់៥រយដុល្លារក្នុងមួយតម្លឹង។
ទីផ្សារមាស
ដោយ

បើយោងតាមសារព័ត៌មានវៀតណាម VN Express បច្ចុប្បន្នមាសដុំក្នុងប្រទេសវៀតណាមមួយតម្លឹងមានតម្លៃដល់ទៅជាង៣ពាន់៤រយដុល្លារ​ ខណៈនៅប្រទេសថៃ មាសដុំដូចគ្នាត្រូវបានរំពឹងថា នឹងហក់ឡើងថ្លៃដល់ប្រមាណ៣ពាន់៦០ដុល្លារ ក្នុងមួយតម្លឹងក្នុងឆ្នាំ២០២៤ នេះ ខណៈនៅកម្ពុជា ហាងឆេងមាសគីឡូមួយតម្លឹងមានតម្លៃត្រឹមតែ២ពាន់៥រយដុល្លារ​ប៉ុណ្ណោះ។

តម្លៃមាសដុំនៅប្រទេសវៀតណាម បានហក់ឡើងខ្ពស់ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពោលគឺឡើងដល់ជាង៣ពាន់៤រយដុល្លារក្នុងមួយតម្លឹង រហូតដល់ធនាគារកណ្តាលវៀតណាម បានព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្ននៅពេលជួញដូរមាស ចំពេលមានការប្រែប្រួលខ្លាំង។

លោក ដាវ ហ្សាន់ ទួន ( Đào Xuân Tuấn) ប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់បរទេសនៃធនាគារកណ្ដាលវៀតណាម បានកត់សម្គាល់ថា ធនាគារបានរៀបចំវិធានការ ដើម្បីរក្សាស្ថិរភាពទីផ្សារមាសក្នុងស្រុក ដោយសំដៅលើការកើនឡើង នៃការផ្គត់ផ្គង់មាស ដែលមានម៉ាក និងចុះបញ្ជីត្រឹមត្រូវ។

លោកបានបញ្ជាក់ថា ធនាគារកណ្តាលវៀតណាម តែងតែតាមដានយ៉ាងដិតដល់ចំពោះការវិវត្តរបស់ទីផ្សារ ហើយត្រៀមខ្លួនទទួលយកដំណោះស្រាយដើម្បីរក្សាស្ថិរភាព និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃមាសទៅលើអត្រាប្តូរប្រាក់ អតិផរណា និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកបន្តថា ធនាគារកណ្ដាលវៀតណាម នឹងបន្តសម្របសម្រួលជាមួយក្រសួងសន្តិសុខសាធារណៈ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងការត្រួតពិនិត្យលើអាជីវកម្មមាស។

នៅប្រទេសថៃ ឯណោះវិញ តម្លៃមាស ក៏មិនធម្មតាដែរ ដោយមានការព្យាករថា តម្លៃមាសអាចនឹងហក់ឡើងរហូតដល់ប្រមាណ៣ពាន់៦០ដុល្លារអាមេរិក ក្នុងមួយតម្លឹងនៅដើមឆ្នាំ២០២៤ នេះ។

លោក គ្រីតឆារ៉ាត់ ហ៊ីរ៉ានយ៉ាស៊ីរី (Kritcharat Hiranyasiri) ប្រធានសមាគមអ្នកជូញដូរមាសថៃ បានឱ្យដឹងថា ដោយសារអត្រាការប្រាក់ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ហើយប្រាក់ដុល្លារ ក៏នឹងធ្លាក់ថ្លៃ មាសដែលគេទទួលស្គាល់ថា ជាទ្រព្យសកម្មដ៏មានសុវត្ថិភាពនឹងហក់ឡើងថ្លៃខ្លាំងនៅដើមឆ្នាំ២០២៤ នេះ។

លោកបានបន្តថា ប្រាក់ដុល្លារ បាននិងកំពុងធ្លាក់ថ្លៃ ខណៈដែលទីផ្សាររំពឹងថា ការដំឡើងអត្រាការប្រាក់នឹងឈានដល់ទីបញ្ចប់ ហើយធនាគារកណ្តាលមួយចំនួននៅជុំវិញពិភពលោកកំពុងរង់ចាំពេលវេលាដ៏ស័ក្ដិសម ដើម្បីបញ្ចុះអត្រាការប្រាក់ ដូច្នេះហើយបានជាធ្វើឱ្យហាងឆេងមាសកម្រើកឡើងខ្លាំង៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ស៊ី ជីនភីង បើកទំព័រឆ្នាំថ្មីជាមួយនឹងការទទួលស្គាល់ដ៏កម្រថា សេដ្ឋកិច្ចចិន កំពុងមានបញ្ហា

ព័ត៌មាន
នៅក្នុងអំឡុងថ្លែងសុន្ទរកថាកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលជាថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី២០២៤ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានទទួលស្គាល…

កម្ពុជា និងឥណ្ឌា ក្លាយជាទីផ្សារទេសចរណ៍ដែលមានសន្ទុះកំណើនលឿនបំផុតរបស់ប្រទេសវៀតណាម

ព័ត៌មាន
កម្ពុជា និងឥណ្ឌាបានក្លាយជាទីផ្សារទេសចរណ៍ដែលមានសន្ទុះកំណើនលឿនបំផុតរបស់ប្រទេសវៀតណាម ខណៈដែលប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះ ទទួលបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ