Advertisement
ជំនួញឆ្លងដែន

អ្នក​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង សម្រុក​ចាប់សត្វ​​កណ្ដុរ​លក់​ឲ្យ​ឈ្មួញ​វៀតណាម


សត្វកណ្តុរ​ស្រែ​នៅ​ឃុំ​បាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវ​ប្រជា​ពលរដ្ឋ​និយម​ដើរ​ដាក់​អង្គប់​ពេល​យប់ តាម​វាលស្រែ​​ ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម គ្រាន់​ដោះស្រាយ​ជីវភាព​ក្រៅ​ពី​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ។
កណ្ដុរ​ស្រែ​ត្រូវ​បាន​ពលរដ្ឋ​អ្នក​ស្រែ​ចម្ការ​នាំ​គ្នា​ចាប់​ធ្វើ​អាហារ និង​នាំ​ចេញ​ទៅ​លក់​ឲ្យ​ប្រជាជន​វៀតណាម។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

បើ​តាម​ឈ្មួញ​​កណ្តាល​ដែល​ទិញ​​សត្វ​​កណ្តុរ​​រស់​​ពី​ពលរដ្ឋ បាន​ឱ្យ​ដឹង​ថា ក្នុង១ថ្ងៃៗ គាត់ដឹក​ជញ្ជូន​កណ្តុរ​ទាំង​នោះ​ទៅ​ប្រជាជន​វៀតណាម​ចាប់​ពី​៨០០​​គីឡូក្រាម រហូត​១​តោន។

ប្រជា​កសិករ​ជាង​៧​០​ភាគរយ​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​រយ​គ្រួសារ នៅ​ក្នុង​ឃុំ​បាបោង ស្រុក​ពាមរក៍ សព្វ​ថ្ងៃ​នេះ កំពុងតែ​និយម​ទាក់​សត្វ​កណ្តុរ​លក់​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម ដើម្បី​គ្រាន់​នឹង​ដោះ​ទ័ល​ជីវភាព​រស់នៅ​ក្នុង​គ្រួសារ​ប្រចាំ​ថ្ងៃ។ 

ក្នុង​១​យប់ៗ ពលរដ្ឋ​អាច​ដាក់​អង្គប់​យក​សត្វ​កណ្តុរ​រស់​តាម​វាល​ស្រែ ឬ​ព្រៃ​រនាម​បាន​ប្រមាណ ៨ ទៅ ១០​គីឡូក្រាម ជួន​បាន​លើស​នេះ​ក៏​មាន​ដែរ។

លោក អ៊ុំ យូភុន ពលរដ្ឋ​រស់​នៅ​ភូមិ​ជោគជ័យ ឃុំបាបោង បាន​លើក​ឡើង​ថា ក្រៅពី​មុខ​របរ​ធ្វើ​ស្រែ ការ​ដាក់​អង្គប់​យក​សត្វ​កណ្តុរ​រស់​ជា​ការងារ​បន្ត​បន្សំ សម្រាប់​រក​ប្រាក់​បន្តិច​បន្តួច​ដោះស្រាយ​ជីវភាព​គ្រួសារ ជៀសវាង​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។ 

សត្វ​កណ្តុរ​រក​បាន គឺ​គាត់​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​កណ្តាល មុន​នឹង​បញ្ជូន​ទៅ​លក់​នៅ​ច្រក​ព្រំដែន​កម្ពុជា​-វៀតណាម។ លោក អ៊ុំ យូ ភុន៖ «ទំនេរៗ​ចេះ​តែ​ដើរ​រក​ជាមួយ​ហ្នឹង​គេឯង​ទៅ​ក្មួយ​អើយ គ្រាន់​នឹង​យក​លុយ​នេះ​មក​ទិញ​ម្ហូប​ចំណី និង​ចំណង​ដៃការ​គេ​ក្នុង​ភូមិ។ ឲ្យ​ថា យក​ទៅធ្វើមាន​បាន គ្មាន​ទេ»។

យុវជន​នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង នាំគ្នា​ដាក់​អង្គប់​ទាក់​កណ្ដុរ​ស្រែ​លក់​ឲ្យ​ឈ្មួញ​វៀតណាម។

យុវជន យាន យ៉ាទី ជា​អ្នក​ដើរ​ដាក់​អង្គប់​កណ្តុរ​ម្នាក់​ដែរ ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​របស់​ខ្លួន​រស់នៅ​ជាង ៧០​ភាគរយ​ហើយ​ដែល​និយម​ទាក់​កណ្តុរ​លក់ ក្នុង​១​គីឡូក្រាម​​ តម្លៃ ៣៥០០​រៀល។ ដារាបណា គេ​មាន​ធ្វើ​ស្រែ សត្វ​កណ្តុរ​ទាក់​មិន​ចេះ​អស់​នោះ​ទេ លុះត្រា​តែ​ទឹក​ជន់​លិច​ដី​ស្រែ។ យុវជន​នេះ​បញ្ជាក់​ទៀត​ថា សត្វកណ្តុរ​រស់​ជា​សត្វ​ស្អាត វា​ស៊ី​ស្រូវ និង​ស្លឹក​ឈើ​ជា​អាហារ ខុស​ពី​កណ្តុរ​នៅ​ទីក្រុង​ភ្នំពេញ។

យុវជន យ៉ាទី និយាយ​យ៉ាងដូច្នេះថា៖ «ទាក់​សត្វ​កណ្តុរ​មិន​ចំណាយ​អ្វី​ច្រើន​ទេ​បង យើង​គ្រាន់​តែ​ចំណាយ​ថ្លៃ​ទិញ​អង្គប់​ពី​ផ្សារ​អ្នក​លឿង ដោយ​អង្គប់​មួយ​តម្លៃ​១២០០​រៀល ហើយ​ខ្ញុំ និង​អ្នក​នៅ​ក្នុង​ភូមិ​ដើរ​តាម​រន្ធ​ច្រក​កណ្តុរ​វា​ដើរ​ពេល​យប់​ជ្រៅ ព្រោះ​សត្វ​ហ្នឹង​មើល​មិន​ឃើញ​ទេ​ពេល​យប់​នោះ»។ 

ចំណែក​លោក ពូ សុខណាត ឈ្មួញ​កណ្តាល​ដែល​ទិញ​សត្វ​កណ្តុរ​រស់​នៅ​ពី​ប្រជា​ពលរដ្ឋ លើក​ឡើង​ថា គាត់​និង​ប្រពន្ធ​តែងតែ​ដឹក​ជញ្ជូន​សត្វ​កណ្តុរ​ទាំង​នេះ​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម​តាម​ច្រក​កោះ​រកា ក្នុង​មួយ​ថ្ងៃ ចាប់​ពី ៨០០​គីឡូក្រាម​ទៅ ១​តោន ដោយ​ទិញ​ពី​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​១​គីឡូក្រាម​តម្លៃ​៣៥០០​រៀល ពេល​ខ្លះ​អាច​ធ្លាក់​ថ្លៃ​ជាង​នេះ​ក៏​ថា​បាន​ដែរ។

ឈ្មួញ​កណ្តាល​រូប​នេះ អះអាង​ថា ការដែល​ប្រជាជន​វៀតណាម​ទិញ​សត្វ​កណ្តុរ​ពី​កម្ពុជា ដើម្បី​យក​ទៅ​បរិភោគ មិន​ដូច​ពាក្យ​ពលរដ្ឋ​មួយ​ចំនួន​និយាយ​ថា យក​ទៅ​ផលិត​ធ្វើ​ជា​សាច់​ប៉ាតេ​លក់​នៅ​លើ​ទីផ្សារ​ឡើយ។ សត្វ​កណ្តុរ​ស្រែ​និង​កណ្តុរ​ទីក្រុង គាត់​អាច​ពិនិត្យ​ភិនភាគ​ដឹង​មិន​អាច​លួច​បន្លំ​បាន​ទេ ហើយ​វៀតណាម​ក៏​ទិញ​រើស​ដែរ។

គួរ​កត់​សម្គាល់​ដែរ​ថា ការ​ដាក់​អង្គប់​សត្វ​កណ្តុរ​រស់​យក​ទៅ​លក់​នៅ​វៀតណាម ធ្វើ​ឡើង​រយៈពេល​៥​ខែ​ក្នុង​១​ឆ្នាំ ចាប់​ពី​ធ្វើ​ស្រែ​រហូត​ទឹក​លិច​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​ឃុំ​បាបោង ស្រុក​ពាមរក៍។ ខេត្ត​ព្រៃវែង មាន​ប្រជាពលរដ្ឋ ៧៨​ភាគរយ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ បើ​និយាយ​ពី​ចំនួន​សត្វកណ្តុរ​លក់​ទៅ​វៀតណាម​ខ្ទង់​តោន​នេះ គឺ​មិន​បញ្ចូល​ជាមួយ​ពលរដ្ឋ​ស្រុក​ដទៃ​ទៀត​ ដែល​មាន​មុខ​របរ​ទាក់​កណ្តុរ​ដូច​គ្នា៕




អត្ថបទបន្ទាប់


ក្រសួង​កសិកម្ម៖ តម្លៃជ្រូកធ្លាក់​មិន​មែន​មាន​តែ​នៅ​កម្ពុជា​ទេ!

ព័ត៌មាន
ឆ្លើយ​តបទៅ​នឹង​សេចក្តី​រាយការណ៍​ជា​បន្ត​បន្ទាប់​អំពី​តម្លៃ​ជ្រូក​ក្នុង​ស្រុក​ចុះ​ថោក​នោះ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ កាល​...

ក្រសួង​កសិកម្ម​ហាម​​​ការ​លក់​​និង​​​ប្រើប្រាស់​ថ្នាំ​​​ tricyclazole ​លើ​ដំណាំ​ស្រូវ

ព័ត៌មាន
ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ​បាន​ឆ្លើយ​តប​ទៅ​នឹង​បំរាម​របស់​សភាព​អឺរ៉ុប​ដែល​បាន​ដាក់​ចេញ​នូវ​ច្បាប់​ថ្មី​រឹត​បន្តឹង​ចំ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ