ជំនួបជាមួយមន្ត្រីជាន់ខ្ពស់ចិន

តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកឡើងអ្វីខ្លះក្នុងជំនួបជាមួយទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន?


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបជាមួយនឹងលោកជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា និងសហការី ដើម្បីសម្ដែងនូវការគួរសម និងពិភាក្សាការងារមួយចំនួន។
តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកឡើងអ្វីខ្លះក្នុងជំនួបជាមួយទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន?
ដោយ

ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បាន​លើកឡើងអំពីកិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ ជាប្រពៃណីដ៏ល្អ​ និងជាបងប្អូន​រវាង​រដ្ឋាភិបាល​នៃប្រទេស​កម្ពុជា និងចិន ដែលកន្លងមក​បានសម្រេច​នូវលទ្ធផលផ្លែផ្កា​គួរជាទីមោទន ​លើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ពិសេស​គម្រោង​គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលដើរតួនាទីយ៉ាងសំខាន់​ នៃការតភ្ជាប់គោលនយោបាយ​អភិវឌ្ឍន៍ និងសេដ្ឋកិច្ចពាណិជ្ជកម្ម ការតភ្ជាប់រវាងមនុស្សនិងមនុស្ស ស្ថាប័ននិងស្ថាប័ននៃប្រទេស និងប្រជាជនទាំងពីរផងដែរ។

ថ្លែងនៅក្នុង​ជំនួប​ជាមួយនឹង​ លោកជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការ​គណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយក​រដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមិនមែនគ្រាន់តែ​ជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ប៉ុណ្ណោះទេ តែក៏បានដើរតួជាផ្នែកមួយយ៉ាងសំខាន់​នៃការតភ្ជាប់គោលនយោបាយអភិវឌ្ឍន៍ និងសេដ្ឋកិច្ច​ពាណិជ្ជកម្ម ការតភ្ជាប់រវាងមនុស្សនិងមនុស្ស ស្ថាប័ននិងស្ថាប័ននៃប្រទេស និងប្រជាជន​ទាំងពីរផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវស្មារតីសុទិដ្ឋិនិយមចំពោះសក្តានុពល និងផ្លែផ្កា​ជាច្រើន​ផ្សេងទៀត ដែលអាចសម្រេចបានក្រោមភាពជាដៃគូដ៏ជិតស្និទ្ធនេះ តាមរយៈការចាប់យក​កាលានុវត្តភាព​នៃ​ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយកម្ពុជា ចិន នៅក្នុងក្របខណ្ឌ​នៃការអនុវត្ត ផែនការសកម្មភាពស្តីពីការកសាង​សហគមន៍​វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលជាផែនការ​សហប្រតិបត្តិការយ៉ាងសំខាន់សម្រាប់ជាផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យមានការពន្លឿនការអនុវត្តផែនការសកម្មភាពនេះ។

ជាមួយគ្នានេះ លោកជំទាវទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម​របស់ចិន ក៏បាន​ឯកភាព និងបង្ហាញនូវការ​ប្តេជ្ញាខ្ពស់ ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ​កម្ពុជា-ចិន ដោយផ្អែកលើស្មារតីនៃ​ការកសាងសហគមន៍​វាសនារួមគ្នារវាងប្រទេសទាំងពីរនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីលទ្ធភាព​រៀបចំអនុស្សរណៈ​នៃការយោគយល់គ្នា​រវាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការ ក្នុងការសម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយនឹង​ស្ថានទូតនៃសាធារណរដ្ឋ​ប្រជាមានិតចិន ក្នុងការពង្រឹងប្រសិទ្ធភាព​នៃការអនុវត្តគោលនយោបាយ​អភិវឌ្ឍន៍នានា ក្រោម​ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងនូវវិស័យចំនួន ៣ ដែលប្រទេសទាំងពីរអាចពង្រឹងកិច្ច​សហប្រតិបត្តិការ​បន្ថែមទៀត រួមមាន៖ ទី១) ការសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍ ទី២)ការលើកកម្ពស់ប្រសិទ្ធភាព​នៃការតាក់តែងច្បាប់ និងទី៣) ការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានឯកភាពចាប់ផ្តើមសិក្សាស៊ីជម្រៅលើទស្សនាទាននៃគម្រោង «ច្រករបៀងមច្ឆានិងអង្ករ» (Fish and Rice Corridor) និង «ច្រករបៀងការអភិវឌ្ឍឧស្សាហកម្ម» (Industrial Development Corridor) ដោយផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន បច្ចេកវិទ្យា ហើយជាពិសេសលើទិដ្ឋភាពសង្គម និងជីវភាពរបស់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ព្រមទាំង លោកជំទាវទីប្រឹក្សា ក៏បានឯកភាពពន្លឿនការពិភាក្សាជួសជុល និងកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងបានឯកភាពរៀបចំកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការក្នុងទីស្តីការគណៈរដ្ឋមន្ត្រី។

សូមបញ្ជាក់ថា នៅ៩ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្ម​កម្ពុជា និងចិនសម្រេចបាន​ដល់ជាង​៩ពាន់លានដុល្លារ កើនឡើង ៣,៤% ក្នុងនោះ ការនាំចេញទៅចិន​មានជាង១ពាន់លានដុល្លារ កើនឡើង​ជាង​១៨% ខណៈការនាំចូលមកវិញមាន​ជាង​៨ពាន់លានដុល្លារ កើនជិត​២%។ នេះបើតាម​ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្វីជាទស្សនវិស័យនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ