វិស័យសេដ្ឋកិច្ច

តើកត្តាចម្បងអ្វីខ្លះរារាំងមហាយក្សចិន មិនឱ្យវ៉ាឈ្នះអាម៉េរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោករហូតដល់ឆ្នាំ២០៨០?


ធនាគារវិនិយោគអន្តរជាតិ ឈានមុខគេមួយបានអះអាងថា មហាយក្សចិន នឹងមិនអាចវ៉ាឈ្នះសហរដ្ឋអាម៉េរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១របស់ពិភពលោករហូតដល់ឆ្នាំ២០៨០ ហើយកត្តាចម្បងៗដែលរារាំងមហិច្ឆតារបស់មហាយក្សចិន រួមមាន កម្រិតបំណុលចេះតែកើនឡើង ចំនួនប្រជាជនមានវ័យចាស់កាន់តែច្រើន និងវិបត្តិអចលនទ្រព្យ ដែលកំពុងតែបន្តកើតមានឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph។
វិស័យសេដ្ឋកិច្ច
ដោយ

លោក ណាថាន ស្ស៊ីត (Nathan Sheets)ប្រធានអ្នកជំនាញសេដ្ឋកិច្ចសកលនៅធនាគារវិនិយោគអន្តរជាតិ Citi និងជាអតីតមន្ត្រីរតនាគារអាម៉េរិក ក្នុងរដ្ឋបាលរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានលើកឡើងថា ច្បាស់ណាស់ថា មហាយក្សចិន នឹងមិនអាចវ៉ាឈ្នះសហរដ្ឋអាម៉េរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោករហូតដល់ឆ្នាំ២០៨០ បន្ទាប់ពីសេដ្ឋកិច្ចចិនបានដាំក្បាលចុះខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា សេដ្ឋកិច្ចចិនបានដាំក្បាលចុះខ្លាំង បើធៀបនឹងសេដ្ឋកិច្ចអាម៉េរិក ហើយសេដ្ឋកិច្ចរបស់ប្រទេសចិន ពេលនេះគឺមានទំហំត្រឹមតែ៦៥%ប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិក ដោយធ្លាក់ចុះពី៧៥%ក្នុងឆ្នាំ២០២១។

ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក បានរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដែលអាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោកលឿនជាងការរំពឹងទុក ប៉ុន្តែពេលនេះសេដ្ឋកិច្ចចិនបានបាត់សន្ទុះខ្លាំងដោយសារកត្តាចម្បងៗជាច្រើន។

ជាឧទាហរណ៍ អត្ថប្រយោជន៍នៃនគរូបនីយកម្មដែលពលកររាប់លាននាក់បានផ្លាស់ទីពីជនបទទៅកាន់ទីក្រុង ត្រូវបានប្រើប្រាស់ភាគច្រើនរួចមកហើយមកទល់ពេលនេះ។ ហើយយោងតាមអង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា ប្រទេសចិន ក៏មានប្រជាជនកាន់តែចាស់ផងដែរ ដោយជិត១ភាគ៣នៃពលរដ្ឋចិន ត្រូវបានរំពឹងថា នឹងមានវ័យលើស៦០ឆ្នាំនៅឆ្នាំ២០៤០។

មិនតែប៉ុណ្ណោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យសំណង់ជំរុញដោយបំណុល ដែលបានជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកយ៉ាងសម្បើម ក៏បានជាប់គាំងដែរនៅពេលនេះ។ ជាក់ស្ដែង កាលពីដើមសប្ដាហ៍នេះ តុលាការហុងកុង បានចេញសាលដីកាបង្គាប់ឱ្យរម្លាយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន China Evergrande និងលក់ឡាយឡុងទ្រព្យសកម្មរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតរបស់ពិភពលោកមួយនេះ ដើម្បីទូទាត់បំណុលជាង៣០០ពាន់លានដុល្លាររបស់ខ្លួន ហើយនេះជានិមិត្តរូបបង្ហាញពីបញ្ហាសេដ្ឋកិច្ចជាប្រព័ន្ធរបស់មហាយក្សចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បំណុលឯកជននៅអារ៉ាប៊ីសាអូឌីត កើនឡើង១០% ដោយឡើងដល់ជិត៧០០ពាន់លានដុល្លារនៅឆ្នាំ២០២៣

ព័ត៌មាន
ទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា ការផ្ដល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដល់សកម្មភាពសាជីវកម្មនៅអារ៉ាប៊ីសាអូឌីត មានការកើនឡើង១០%…

លោក ត្រាំ អះអាងថា ខ្លួននឹងរារាំងកិច្ចព្រមព្រៀងទិញលក់ក្រុមហ៊ុនដែក U.S Steel បើខ្លួនឈ្នះឆ្នោត

ព័ត៌មាន
បេក្ខជនប្រធានាធិបតីនាំមុខគេរបស់គណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងរារាំងកិច្ចព្រមព្រៀងទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ