ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចាត់ទុកការលើកកម្ពស់ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល គឺជារឿងចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច


ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រីនៅក្នុងបរិវត្តកម្មឌីជីថល គឺពិតជាមានភាពចាំបាច់ និងសារៈសំខាន់ណាស់ក្នុងការពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយបរិយាបន្ន ព្រោះនៅពេលស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលអាចធ្វើឱ្យពួកគេចូលរួមយ៉ាងសកម្ម និងប្រកបដោយសុវត្ថិភាពនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចាត់ទុកការលើកកម្ពស់ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល គឺជារឿងចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច
ដោយ

ការថ្លែងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ“ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

បើតាម ឯកឧត្តម វង្សី វិស្សុត បរិវត្តកម្មឌីជីថល នឹងផ្តល់នូវមធ្យោបាយថ្មីៗសម្រាប់ស្ត្រី និងក្មេងស្រីក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ឋានៈ, តួនាទី, ការទទួលបានកាលានុវត្តភាព និងជម្រើសនានានៅក្នុងការរស់នៅ និងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ខ្លួន និងគ្រួសាររួមទាំងការទទួលបាននូវលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសិក្សាអប់រំ,ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ,ការប្រកបមុខរបរ, ការងារ និងអាជីកម្មជាដើម។

លើសពីនេះ តួនាទីដែលស្ត្រីទូទៅនៅក្នុងសង្គមខ្មែរបានចាប់យកជាប្រពៃណី ពោលគឺការមើលថែ ទូន្មានប្រៀនប្រដៅកូនចៅជំនាន់ក្រោយ ក៏កាន់​តែមានភាពចាំបាច់ខ្លាំងឡើង ដើម្បីគ្រប់គ្រងទិដ្ឋភាពអវិជ្ជមាននៃបច្ចេកវិទ្យា។ ហេតុនេះ ចំណេះដឹងផ្នែកឌីជីថល ក៏កាន់តែមានភាពចាំបាច់ ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះអាចត្រូវបានប្រើប្រាស់ក្នុងទិសដៅវិជ្ជមានក្នុងការអប់រំ និងបណ្តុះបណ្តាលកូនចៅនិងអ្នកដែលនៅជុំវិញខ្លួន ឱ្យក្លាយជាបុគ្គលដែលមានសីលធម៌ល្អ សុចរិតធម៌ និងមានទេពកោសល្យ និងមានអត្តសញ្ញាណជាតិច្បាស់លាស់ និងជាពិសេសក្លាយជាមូលធនដ៏មានតម្លៃសម្រាប់​ការកសាងប្រជាជាតិខ្មែរមួយ ដែលគួរឱ្យគោរព និងកោតសរសើរ។

បើតាម ឯកឧត្តម វង្សី វិស្សុត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី, ទីស្តីការគណៈរដ្ឋមន្រ្តីបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រឆ្នាំ ២០២១-២០២៥ ដោយចាត់ទុកផែនការយុទ្ធសាស្រ្តនេះ ជាក្របខណ្ឌការងារដ៏សំខាន់ និង ជាឧបករណ៍មួយក្នុងការជំរុញលើកកម្ពស់សមភាពយេនឌ័រនៅក្នុងរចនាសម្ព័ន្ធកម្មវិធី និងផែនការសកម្មភាពនានា។ បន្ថែមពីលើនេះ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងដាក់ចេញនូវវិធានការបង្កើតកម្មវិធីគាំទ្រការចូលរួមរបស់ស្ត្រីក្នុងវិស័យឌីជីថលតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ដូចមានកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងបានដាក់ចេញនូវសកម្មភាពជំរុញការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំឌីជីថល ជាពិសេសដល់ស្ត្រីនៅតាមក្រសួង ស្ថាប័ន ដើម្បីឈានទៅកាត់បន្ថយគម្លាតយេនឌ័រពាក់ព័ន្ធនឹងជំនាញឌីជីថល ដូចមានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល២០២២-២០៣៥។

ឯកឧត្តម វង្សី វិស្សុត​ បានបន្តឲ្យដឹងថា ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី នឹងបន្តចូលរួមនិងជំរុញការអនុវត្ត អនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញជារៀងរាល់ឆ្នាំ និងអនុសាសន៍គន្លឹះទាំង ៨ចំណុចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តរបស់ក្រសួងកិច្ចការនារី កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តថែរក្សាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល​អាណត្តិ​​​មុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានក្រុមឧត្តមប្រឹក្សា​ផ្ទាល់ព្រះ​មហាក្សត្រ និងជាអនុប្រធានកិត្តិយស ទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដូច​មាន​គូសបញ្ជាក់ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តបង្កើនការ វិនិយោគលើរបៀបវារៈយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច; អប់រំ; សុខភាព និងក្នុងតួនាទីជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ, បង្កលក្ខណៈអំណោយផលដល់ស្រ្តី, ការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីសុខភាព និងផែនការគ្រួសារ, កាត់បន្ថយភាពងាយរងគ្រោះ​ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្រ្តី និងក្មេងស្រី ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចធិបតី ចាត់ទុកព្រលានយន្តហោះអន្តរជាតិតេជោ គឺជាកាតាលីករជំរុញការអភិវឌ្ឍន៍តំបន់ខាងត្បូងរាជធានីភ្នំពេញ

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាជឿជាក់ថា វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយ…

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អាចនឹងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥

ព័ត៌មាន
គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ដងទន្លេសាប ក្នុងរាជធានីភ្នំពេញ ដែលគ្រោងចំណាយថវិកាប្រមាណ ២៤៦លានដុល្លារ អាចនឹងបើកការដ្ឋានសាងសង់នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ