តំណែងជាប្រធានាធិបតីចិន

លោកស៊ី ជីនពីង ចាប់ផ្ដើមអំណាចក្នុងតំណែងជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ហើយ


នៅទីបំផុតនៅថ្ងៃសុក្រទី១០ខែមីនា លោក ស៊ី ជីនពីង ទទួលបានការគាំទ្រជាផ្លូវការហើយ ពីសមាជិកសភាប្រជាជនចិន ដើម្បីបន្តធ្វើជាប្រធានាធិបតីប្រទេសចិនសម្រាប់អាណត្តិទី៣ ដែលមានរយៈពេល ៥ ឆ្នាំទៀត ដែលវា គឺមិនធ្លាប់មានពីមុនមកទេ សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ចិន ដែលអាចកាន់អំណាចបានដល់ទៅ៣អាណត្តិយ៉ាងដូច្នេះ។ ប្រការនេះ បាននាំឲ្យគេចាត់ទុក លោក ស៊ី ជីនពីង គឺជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិន បើគិតតាំងពីសម័យកាលដឹកនាំដោយលោក ម៉ៅ សេទុង មក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
លោក ស៊ី ជីនពីង ទទួលបានការគាំទ្រជាផ្លូវការហើយ រូបភាព BBC
ដោយ

សមាជិកជិត ៣ ០០០ នាក់នៃសភាជាតិប្រជាជនចិន (National People’s Congress _ NPC) បានបោះឆ្នោតជាឯកច្ឆ័ន្ទនៅក្នុងមហាសាលប្រជាជន ដើម្បី​គាំទ្រ​លោក ស៊ី ជីនពីង ក្នុង​វ័យ​ ៦៩​ ឆ្នាំ​ឱ្យ​ធ្វើជាប្រធានាធិបតីបន្ដ សម្រាប់​អាណត្តិ​ទី​៣​របស់​លោក​​នៅក្នុងការបោះឆ្នោតដែល​គ្មាន​បេក្ខជនផ្សេង​ទៀត​​ប្រកួត​ប្រជែង​នោះ​ឡើយ​។

ការបោះឆ្នោតនេះ​​មានរយៈពេលប្រហែលមួយម៉ោង​ ហើយ​ការ​រាប់សន្លឹក​ឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវបានបញ្ចប់​ត្រឹម​តែ​​រយៈពេលប្រហែល ១៥ នាទី​តែ​ប៉ុណ្ណោះ​។

ដំណាក់កាលនេះត្រូវ​បានកំណត់​​​អាណត្តិ​​​សម្រាប់​លោក ស៊ី​ ម្ដង​ទៀត​​​​នៅពេល​​លោក​បានកែប្រែច្បាប់​​ដែលកំណត់​​អាណត្តិ​ប្រធានាធិបតី​​កាល​ពី​​ឆ្នាំ​២០១៨។ មុនពេលមានការបោះឆ្នោតគាំទ្រលោក ស៊ី ជីនពីង សម្រាប់តំណែងប្រធានាធិបតីអាណត្តិទី៣នេះ តាម​ពិត​ទៅ​អំណាច​របស់​លោក ស៊ី ​ត្រូវ​បាន​ពង្រីក​​រួច​ទៅ​ហើយ​កាលពីខែតុលា ឆ្នាំមុន ​​​​ដែល​ពេល​នោះ​​​លោក​ត្រូវបានជ្រើសតាំងជាថ្មី​សម្រាប់​រយៈពេល ៥ ឆ្នាំ​ទៀតឱ្យ​បន្ត​ធ្វើ​​​ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​របស់​​បក្ស​កុម្មុយនិស្ត​ចិន​ ​ដែល​កំពុង​តែ​កាន់អំណាច​។

យ៉ាងណាមិញ នៅ​ក្នុងពេល២ថ្ងៃខាងមុខទៀត​​ មន្ត្រីមួយ​ចំនួន​ដែលលោក​ ស៊ី បាន​អនុម័ត​យល់​ព្រម​ហើយ​នោះ ​នឹង​​ទទួល​បាន​ការ​តែង​​តាំង​ ឬ​ក៏​ជ្រើសរើស​ដើម្បីបំពេញមុខតំណែងកំពូលៗ​នៅក្នុង​គណៈរដ្ឋ​មន្ត្រី​ រួម​ទាំងនាយករដ្ឋមន្ត្រី​ ដែលនឹង​ចូល​កាន់​តំណែង​គឺ​លោក លី ឈាង (Li Qiang)​ ដែល​​ជា​មន្ត្រី​ថ្នាក់​លេខ​ ២ របស់ប្រទេសចិន​នេះ​​​ផង​ដែរ ​ដើម្បី​ទទួល​ភារៈ​កិច្ច​គ្រប់​គ្រង​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចធំបំផុត​ទី២នៅ​ក្នុង​ពិភពលោក​មួយ​នេះ​។

ការបោះឆ្នោតជ្រើសតាំង​ក្រុម​មេដឹកនាំរដ្ឋ​របស់​សភា​នេះ ​បាន​ធ្វើឡើងក្រោយ​​រយៈពេល ៣ ខែ​​បន្ទាប់​ពី​គោលនយោបាយដ៏តឹងតែង​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​​ត្រូវបាន​លុប​ចោល​ ហើយ​រលកថ្មី​នៃ​ការឆ្លង​ជំងឺ​នេះ​​បាន​រីករាល​ដាលខ្លាំង​​នៅ​ទូទាំង​​ប្រទេសចិន ​ខណៈ​ដែលគណៈ​ប្រតិភូ និង​បុគ្គលិក​ផ្សេង​ទៀតទាំងអស់ត្រូវ​​ពាក់ម៉ាស់​ គឺ​​លើកលែងតែមេដឹកនាំកំពូលៗ​​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។​

ដោយឡែក នៅថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ​ លោក ស៊ី ​​នឹង​ថ្លែង​សុន្ទរកថា​មួយ​​នៅ​មុនពេល​បិទ​បញ្ចប់​សម័យ​ប្រជុំសភា​ប្រចាំឆ្នាំ​នេះ ​​ខណៈដែលប្រទេសចិន​ប្រឈមមុខនឹងបញ្ហាជាច្រើនរួមទាំងបញ្ហា​សេដ្ឋកិច្ច​​ដែលប្រឈម​កាន់តែ​​ខ្លាំង​​​​ដោយសារ​វិធាន​​ការទប់ស្កាត់​​ជំងឺ​កូវីដ​រយៈ​ពេល​ ៣ ​ឆ្នាំមកនេះ​​ និង​ទំនាក់ទំនង​កាន់តែអាក្រក់ទៅៗ​ជាមួយ​បស្ចិម​លោក​​ផង​ដែរ​។

កាលពីដើមសប្តាហ៍នេះ លោក ស៊ី ​បានស្តីបន្ទោសសហរដ្ឋអាមេរិក និងបស្ចិម​លោក​​​ចំពោះ​ការ​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​ជួប​ការ​លំបាក​​មួយ​ចំនួន​ ហើយ​លោក ស៊ី ​ក៏​បានកត់សម្គាល់មិនធម្មតា ដោយ​បាន​វាយ​ប្រហារ​ចំៗ​ចំពោះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថែមទៀតផង​។

ខណៈដែលតួនាទីប្រធានាធិបតី​ត្រូវ​បាន​ធានា​រួច​ហើយ​នោះ​ លោក ស៊ី ក៏​ត្រូវបានគណបក្សជ្រើស​តាំង​ឡើងវិញហើយដែរ​ ដើម្បី​ឱ្យ​ធ្វើជាប្រធាន​គណៈកម្មាការយោធាមជ្ឈិម​របស់ខ្លួន​ និង​បាន​ចាប់ផ្តើម​អាណត្តិ​រយៈ​ពេល​ ៥ ឆ្នាំ​របស់​លោក​​​ធ្វើ​ជាអគ្គមេបញ្ជាការកងកម្លាំង​ប្រដាប់អាវុធ​របស់​ប្រទេស​ចិនជា​បន្ត​ទៀត​​។​

សភារបស់​ចិន​ក៏បានជ្រើសតាំង​លោក ចាវ ឡេជី (Zhao Leji) អាយុ ៦៦ ឆ្នាំ​ធ្វើ​ជាប្រធាន​សភាថ្មី ​និង​លោក​ ហាន ចេង (Han Zheng)​ អាយុ ៦៨​ ឆ្នាំ​ធ្វើ​ជាអនុប្រធានាធិបតី​ថ្មីផង​ដែរ​៕




អត្ថបទបន្ទាប់


មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពដាក់ចេញផែនការមួយចំនួន ដើម្បីដោះស្រាយបញ្ហាក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព

ព័ត៌មាន
ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ដែលគំរាមកំហែងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗទាមទារឱ្យកម្ព…

អាមេរិកគ្រោងចាប់ដៃគ្នាជាមួយឥណ្ឌាអភិវឌ្ឍឧស្សាហកម្មបន្ទះឈីប ខណៈព្យាយាមរាំងខ្ទប់ ចិន

ព័ត៌មាន
សហរដ្ឋអាមេរិក និងឥណ្ឌានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញការសម្របសម្រួលនៃផែនការជំរុញឧស្សាហកម្មបន្ទះឈីបនៃប្រទេសទាំងពីរ ហើយទីក្រុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ