ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា ទីផ្សារបរធនបាលកិច្ចបច្ចុប្បន្នមានការកំណើនយ៉ាងឆាប់រហ័ស បើធៀបនឹងមុនឆ្នាំ២០២១។ ជាក់ស្តែងវិស័យនេះបានកើនឡើងពី១៧គណនីរហូតដល់ជាង១០០០គណនី ដោយទំហំបរធនបាលបានកើនឡើងពី១៥៦លានដុល្លារអាម៉េរិក នៅឆ្នាំ២០២១ ដល់ជាង១ពាន់៦រយលានដុល្លារអាម៉េរិក គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤។ ការកើនឡើងយ៉ាងឆាប់រហ័សនេះត្រូវបានថ្នាក់ដឹកនាំរូបនេះអះអាងថា គឺដោយសារតែមានការចូលរួមពីតួអង្គដែលជាក្រុមហ៊ុនបរធនបាល ពីធនាគារពាណិជ្ជ ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្ដល់សេវាសវនកម្ម ព្រមទាំងវិស័យធនាគារ វិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យជាដើម។
ជាមួយគ្នានេះ អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានវាយតម្លៃថា ការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជននាពេលកន្លងមកនេះ បានធ្វើឱ្យវិស័យបរធនបាលកិច្ចមានយន្តការផ្នែកច្បាប់ ប្រតិបត្តិការ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រាន់ ដែលអាចបន្តដំណើរការក្នុងការអភិវឌ្ឍវិស័យបរធនបាលកិច្ច។ បន្ថែមពីនេះ វិស័យនេះ ក៏មានបទដ្ឋានគតិយុត្តសំខាន់ៗសម្រាប់គ្រប់គ្រង និងដំណើរការ ក្នុងការបង្កើត ចុះបញ្ជីបរធនបាលកិច្ច និងប្រតិបត្តិការរបស់តួអង្គពាក់ព័ន្ធដែលផ្ដល់សេវាក្នុងវិស័យបរធនបាលកិច្ចផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បរធនបាលកិច្ចបានរៀបចំវេទិកា“បរធនបាលកិច្ច ឆ្នាំ២០២៤” ក្រោមប្រធានបទ«បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត»។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកចំណេះបន្ថែមពីយន្តការបរធនបាលកិច្ច ពីឧត្តមានុវត្ត និងអត្ថប្រយោជន៍ក្នុងវិស័យធុរកិច្ច និងក្នុងប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចសង្គម និងជាថ្នាលមួយដែលបង្កើតឱកាសនៃការទំនាក់ទំនងរវាងប្រតិបត្តិករជាមួយសហគមន៍ធុរកិច្ចឱ្យបានយល់ដឹងពីផលប្រយោជន៍នៃយន្តការរបស់បរធនបាលកិច្ច៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន