ពាណិជ្ជករជោគជ័យ

ឧកញ៉ា លី ហួរ៖ ដើមទុនរកស៊ីដំបូងរបស់ខ្ញុំកើតចេញពីជ្រូក១ក្បាល


និយាយ​ពី​ឈ្មោះ លី ហួរ មាន​ប្រជាជន​ភាគ​ច្រើន ប្រាកដ​ជា​ស្គាល់​ច្បាស់​ណាស់ តាមរយៈ លីហួរ ដូរ​លុយ ប្តូរ​បា្រក់ និង​លក់​មាស នៅ​ផ្សារ​អូរ​ឫស្សី​ក្នុង​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​គេ​ប្រហែល​ជា​មិន​សូវ​បាន​ស្គាល់ ដឹង​ច្បាស់​ពី​បុគ្គល លី ហួរ ជា​នរណា? មនុស្ស​ប្រភេទ​ណា? មក​ពី​ណា? ហេតុអ្វី​បាន​ជា​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ និង​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​បែប​នេះ ។ល។ និង ។ល។
លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន លីហួរ គ្រុប
ដោយ

សារព័ត៌មានអេឡិចត្រូនិច ខេមបូណូមីស ដែលបានទៅធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយលោកឧកញ៉ា លី ហួរ សូមធ្វើការសង្ខេបប្រវត្តិពីជីវិត និងមុខជំនួញរបស់លោកខ្លីៗ ដើម្បីឲ្យអ្នកអានបានដឹង និងកាន់តែស្គាល់ច្បាស់ថា លី ហួរ ជានរណា? 

គាត់បានប្រើរូបមន្តប្រចាំជីវិតរបស់គាត់ និងយុទ្ធ​សាស្ត្រអ្វីខ្លះ ដើម្បីធ្វើមុខជំនួញរបស់គាត់ទទួលបានជោគជ័យ ពីមុខជំនួញមួយ ទៅមុខជំនួញមួយ រហូតក្លាយជាអ្នកជំនួញដ៏ឆ្នើម ជាសេដ្ឋីឧកញ៉ា ដែលគ្រប់គ្រងក្រុមហ៊ុនចំនួន ៧ នាពេលបច្ចុប្បន្ននេះ។

និយាយពីប្រវត្តិឧកញ៉ា លី ហួរ បន្តិច ប្រហែលជាមនុស្សជាច្រើនគិតថា គាត់ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលសល់ពីឪពុកម្តាយទុកឲ្យ មកពីអាមេរិក បារំាង ហើយ ទើបបានជាគាត់មាន សល់លុយច្រើនសន្ធឹកសន្ធាប់រហូតមកដល់បច្ចុប្បន្ន។

តាមពិតទៅ លោកឧកញ៉ាបានរៀបរាប់ពីជីវិតនិងមុខជំនួញរបស់លោកថា  គាត់ជាកូនកសិករក្រីក្រម្នាក់ដែលមានដើមកំណើតរស់នៅក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 

លោកកំព្រាឪពុកតំាងតែពីអាយុ៩ឆ្នាំមកម្ល៉េះ។ ជីវភាពស្ថានភាពគ្រួសាររបស់គាត់ជាអ្នកលក់ ទៀន ធូប។ ហើយដោយសារភាពក្រីក្រធ្វើឲ្យគាត់បានបោះបង់ចោលការសិក្សា មិនបានរៀនជ្រៅជ្រះនោះទេ។ 

ឆ្លងកាត់នៅក្នុងភ្នក់ភ្លើងសង្រ្គាមក្នុងរបបប៉ុលពត អស់ជាច្រើនឆ្នាំ គាត់បានជួបបញ្ហារងទុក្ខវេទនាដូចគ្នាទៅនឹងពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀតដែរ។ ដោយសារជំនាន់នោះគាត់អាយុ ១៨ឆ្នាំ ជាយុវជនដែលមានកាតព្វកិច្ចសំខាន់ណាស់ក្នុងការការពារជាតិ បម្រើជាតិ ជាកម្លាំងពិសេសជួរមុខនៅសមរភូមិប្រយុទ្ធ។ លោកមិនដែលបានរស់នៅជួបជុំគ្រួសារសាច់ញាតិនោះឡើយ។

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ លីហួរ ជាបុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន លីហួរ គ្រុប

ប្រវត្តិកកើតគំនិតអាជីវកម្មដំបូង

រួចចេញពីគុកឥតជញ្ជាំងក្នុងសម័យ ប៉ុល ពត ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ លី ហួរ មានមុខរបរជាកសិករនៅឡើយទេ ដោយបានចិញ្ចឹមជ្រូកមួយក្បាល។ លុះឈានចូលដល់ ឆ្នាំ១៩៨២ លី ហួរ បានចាប់ផ្តើមផ្លាស់ប្តូរជីវិតពីកសិករទៅជាអ្នកកវែក កឆ្នាំង ជួញដូរទំនិញ កំប៉ិកកំប៉ុកវិញម្តង បន្ទាប់ពីរូបលោកសល់ដើមទុនប្រមាណ ២ជីមាស បានមកពីការលក់ជ្រូកមួយក្បាល កាលពីគាត់នៅជាកសិករ។ ក្នុងឆ្នាំដដែលនោះ រូបគាត់មានកង់មួយគ្រឿង ធាក់ដឹកស្ករពីស្គន់ ផ្អាវ ទៅលក់នៅក្រុងសួង និងមេមត់។

ចំណែកឯភរិយារបស់លោកជាអ្នកលក់ដូរត្រីនៅក្នុងផ្សារខេត្តកំពង់ចាម។ ជាបន្តបន្ទាប់មក ជីវិតនិងមុខរបរ លី ហួរ ប្រែប្រួលរីកចម្រើនជារៀងរាល់ឆ្នាំ ជាមួយនឹងដើមទុនកាន់តែរីកធំធាត់ឡើងៗ លោកក៏បានសម្រេចចិត្តចាប់ផ្តើមមុខជំនួញឆ្លងកាត់ព្រំដែនវិញម្តង។ លើកនេះ ប្រហែលជាត្រូវលះបង់ជីវិតពេលវេលាកាន់តែខ្ពស់ដើម្បីសម្រេចគោលដៅ។ 

គាត់ក៏បានទៅជួញដូរក្រណាត់ (ហៅថា ក្រណាត់កាណាដា) សារុង ប៊ីចេង ពីប្រទេសថៃមកលក់នៅក្នុងប្រទេសកម្ពុជា។ ជាច្រើនឆ្នាំ ជាមួយនឹងការជម្នះឧបសគ្គរាប់ម៉ឺនជំពូក គួបផ្សំនឹងការខិតខំតស៊ូ ភាពវៃឆ្លាត និងទេពកោសល្យរបស់លោក បានធ្វើឲ្យមុខជំនួញរបស់គាត់ទទួលបានជោគជ័យជានិច្ច។ 

ចូលដល់ឆ្នាំ១៩៨៥ ដើមទុនទ្រព្យសម្បតិ្តកាន់តែក្រាស់ក្រែល សល់ពីការជួញដូរក្រណាត់ សារុង ប៊ីចេង  លី ហួរ និង ភរិយា មិនរង់ចំាយូរនោះទេ ដោយសារមើលឃើញពីឱកាសទីផ្សារទិញ លក់ មាស លោក និងភរិយាក៏បានចាប់ផ្តើមជំនួញដូរទិញលក់មាសវិញម្តង ជាបន្តបន្ទាប់រហូតបើកកន្លែង ប្ដូរប្រាក់ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ដែលពោរពេញទៅដោយអតិថិជនទទួលស្គាល់ស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់លោករហូតមកដល់បច្ចុប្បន្ន។

រឿងរ៉ាងទាំងអស់ មិនមែនជារឿងចៃដន្យ ឬរង់ចាំទេវតាព្រេងសំណាងមកជួយ លី ហួរ និង ភរិយា ឲ្យដើម្បីក្លាយជាសេដ្ឋី ឬឧកញ៉ានោះទេ លោកនិងភរិយាខិតខំតស៊ូជម្នះគ្រប់ឧបសគ្គទំាងយប់ទំាងថ្ងៃមិនសំចៃពេលវេលាឡើយ ដើម្បីសម្រេចគោលដៅនៅក្នុងឆាកជីវិតដ៏ត្រចះត្រចង់រហូតមកសព្វថ្ងៃនេះ។

ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ឧកញ៉ា លី ហួរ ត្រូវបានមហាជនទូទៅរាប់ចាត់ទុកថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញមួយរូបដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ។ ជាបុគ្គលគំរូម្នាក់សម្រាប់សហគ្រិនក្មេងៗជំនាន់ក្រោយគួររៀនសូត្រ និង អនុវត្តតាម។ហើយជាបុគ្គលដែលមានការតំាងចិត្តខ្ពស់ក្នុងការសម្រេចគោលដៅជោគជ័យនៅក្នុងមុខជំនួញ។

លីហួរ វេរលុយ ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន ៧ របស់​ឧកញ៉ា លី ហួរ (រូបភាព​៖ ហេង ភារម្យ)

យុទ្ធសាស្ត្រអាជីវកម្មគន្លឹះរបស់ឧកញ៉ា លី ហួរ

រូបមន្តប្រចាំជីវិតនិងយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីធ្វើឲ្យមុខជំនួញរបស់គាត់ទទួលបានជោគជ័យ ពីមុខជំនួញមួយ ទៅមុខជំនួញមួយ រហូតក្លាយជាអ្នកជំនួញដ៏ឆ្នើម? ឧកញ៉ា លី ហួរ តែង​មាន​គោលការណ៍​ច្បាស់លាស់​ខ្លួន​ឯង តំាងតែពីគាត់មានអាជីវកម្មកម្រិតលក្ខណៈជាគ្រួសារ មិនទាន់បើកជាក្រុមហ៊ុន (ស្តង់ដារ)​នោះ​មក​ម្ល៉េះ។ គាត់ថា ធ្វើអ្វីៗក៏ដោយ ឲ្យវាមានតម្លាភាព ដូចជាការទិញលក់ គឺការតថ្លៃគ្នាមួយដែលត្រូវឲ្យមានតម្លាភាព។ 

លោកថា បើគេទិញមួយឲ្យច្បាស់មួយ ទិញពីរឲ្យច្បាស់ជាពីរ បើគេទិញមួយគីឡូ ឲ្យគេតែ ៩ខាំកន្លះ នេះមិនមានតម្លាភាពនោះទេ។ យើងរកស៊ី ត្រូវធ្វើយ៉ាងម៉េច ឲ្យសមភាព យុត្តិធម៌ជាមួយអតិថនជន មិនបោកប្រាស់ ឬក៏ចំណេញហួសហេតុ។ បើខ្ញុំលក់ក្រណាត់ ម៉ែត្រដឹងតែពីគ្រប់ ខ្ញុំលក់មាសជញ្ជីងត្រូវគ្រប់គីឡូ បើ​ដូរ​លុយ​វិញក៏ត្រូវតែគ្រប់ចំនួន។ 

យើងដាក់ពិន័យយ៉ាងតឹងរ៉ឹងដល់បុគ្គលិក យកលុយភ្ញៀវស្មើនឹងលួចលុយក្រុមហ៊ុន ត្រូវតែមានទោស។ ឈរនៅលើគោលការណ៍នេះ ដែលធ្វើឲ្យអតិថិជន សាធារណជន គេទុកចិត្ត គេវាយតម្លៃថា ទុកនិងដូរលុយនៅលីហួរមិនខ្លាចបាត់ លើសគាត់ឲ្យមកវិញ។ ការអនុវត្តរបស់យើង ត្រូវមានតម្លាភាព ឲ្យអតិថិជនគេទទួលយកបាន យើងត្រូវឈរលើទស្សនៈបីយ៉ាង គឺ ត្រូវរួសរាយរាក់ទាក់ទន់ភ្លន់ទៅកាន់អតិថិជន ទី២ ម៉ឺងម៉ាត់ហ្មត់ចត់ និង ទី៣ មិនកេងប្រវ័ញ្ច។ ទំាងអស់នេះហើយជាគោលការណ៍ និង ជារូបមន្តរបស់យើង ហើយកិច្ចការអស់នេះ យើងមិនអាចធ្វើបានតែមួយថ្ងៃទេ វាមិនងាយស្រួលទេ ត្រូវការជម្នះតស៊ូយូរឆ្នាំ ទើបគេទុកចិត្តលីហួរមកដល់សព្វថ្ងៃនេះ។

ក្រុមហ៊ុន លីហួរ លីស៊ីង ភីអិលស៊ី ជាបុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន លីហួរ គ្រុប។

ឧកញ៉ា លី ហួរ មានក្រុមហ៊ុនអ្វីខ្លះ ?

បច្ចុប្បន្ន ឧកញ៉ា លី ហួរ ជាម្ចាស់ក្រុមហ៊ុនចំនួន ៧ ដែលកំពុងតែប្រតិបត្តិការអាជីវកម្មយ៉ាងសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទំាង៧នោះ មានដូចជា ក្រុមហ៊ុនលីហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុនទេពី (Tepi) វិនិយោគ កសិ-ឧស្សាហកម្មដំណាំកៅស៊ូ  ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) និង ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ)។ 

មិនគិតតែពីចំណេញក្នុងមុខជំនួញមួយមុខនោះទេ ក្នុងកិច្ចការងារសង្គម លោកឧកញ៉ា លីហួរ បានចូលរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិដែរ។ លោកឧកញ៉ាបានផ្តល់ជាសាលារៀន មន្ទីរពេទ្យ អណ្តូងទឹក ជំនួយជួយជនរងគ្រោះពីគ្រោះរាំងស្ងួត  គ្រោះទឹកជំនន់ ពិសេស លោកឧកញ៉ាក៏បានជួយជំនួយដល់កងទ័ពនៅសមរភូមិជាច្រើនទៀត។

លោកឧកញ៉ា លី ហួរ ទទួលបានមេដាយ និងគ្រឿងឥស្សរិយយសជាច្រើនក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ តំាងពីកម្រិតទាប ដល់ថ្នាក់ផុតលេខ។ លោក ឧកញ៉ា លី ហួរ រៀបការ និង​មានបុត្រ ៤នាក់ ប្រុស ៣នាក់ និង​ស្រី ១នាក់៕

សូមមិត្តអ្នកអានទាំងអស់ រង់ចំា អានអត្ថបទផ្សេងៗទៀត ពាក់ព័ន្ធទៅនឹងលោក ឧកញ៉ា លី ហួរ នៅពេលក្រោយៗទៀត !




អត្ថបទបន្ទាប់


តើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ប៉ុន្មាន​ទៀត​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា?

ព័ត៌មាន
ចំណាត់ការ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​បណ្តា​​វិនិយោគិន​​ជាតិ និង​អន្តរជាតិ​ជាច្រើន ពិសេស​អ្នក​…

តើ​​ដឹង​​ទេ មួយ​ឆ្នាំៗ កម្ពុជា​រក​ចំណូល​បាន​ប៉ុន្មាន​​ពី​វិស័យ​ទេសចរណ៍?

ព័ត៌មាន
វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​របស់​កម្ពុជា ត្រូវ​បាន​ចាត់​ទុក​ជា​មាស​បៃតង និង​ជា​ការ​នាំចេញ​នៅ​នឹង​កន្លែង។ វិស័យ​នេះ​ចូលរួម​អភិវឌ្ឍ​ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ