មនុស្ស​ធម៌​គ្មាន​ព្រំដែន

ជន​បរទេស​៣​រូប​ដែល​ជួយ​ខ្មែរ​លេច​ធ្លោ​ជាង​គេ


លោកអ្នក​នាង​ខ្លះ​ប្រាកដ​ជា​បាន​​ដឹង​ឮ​តាម​រយៈ​ការ​អាន​ព័ត៌មាន ឬ​ការ​ផ្សព្វផ្សាយ​ផ្សេងៗ អំពី​ភាព​ល្បីល្បាញ​របស់​ជន​បរទេស​មួយ​ចំនួន ដែល​បាន​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត និង​ទ្រព្យ​សម្បត្តិ​​ ជួយ​ដល់​ប្រជាជន​កម្ពុជា។ ក្នុង​ចំណោម​​អ្នក​ទាំង​នោះ Cambonomist សូម​លើក​យក​ជន​បរទេស​ ០៣រូប ដែល​មានភាព​លេចធ្លោ​ជាង​គេ​ ក្នុង​ការ​ជួយ​ដល់​ប្រជាជន​ខ្មែរ និង​សង្គម​ខ្មែរ។​
ជន​បរទេស​ ៣រូប ដែល​បាន​ជួយ​ខ្មែរ​និង​ប្រទេសកម្ពុជា​ដ៏ច្រើន​លើសលប់។
ដោយ

លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ (Beat Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា

វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ កើត​នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​១៩៤៧។ លោក​ទទួល​សញ្ញាបត្រ​វេជ្ជបណ្ឌិត​នៅ​ឆ្នាំ​១៩៧៣ ជាមួយ​នឹង​ឯកទេសព្យាបាល​កុមារ នៅ​មន្ទីរពេទ្យ​កុមារ នៅ​ទីក្រុង​ហ្ស៊ុយរិច ប្រទេស​ស្វ៊ីស។ 

ឆ្នាំ​១៩៧៤/៧៥ កាកបាទ​ក្រហម​ស្វ៊ីស​ បាន​បញ្ជូន​គាត់​មក​ធ្វើការ​នៅ​មន្ទីរពេទ្យ​ គន្ធបុប្ផា នៅ​រាជ​ធានី​ភ្នំពេញ។ ប៉ុន្តែ របប​ខ្មែរ​ក្រហម បាន​ធ្វើ​ឲ្យ​គាត់​បង្ខំ​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​ស្វ៊ីសវិញ នៅ​ឆ្នាំ​១៩៧៥។ 

ឆ្នាំ​១៩៩២ លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​បាន​កសាង​ឡើង​វិញ​ និង​ពង្រីក​គន្ធបុប្ផា ចាប់តាំង​ពី​ពេល​នោះ​មក។ ចាប់តាំង​ពី​ឆ្នាំ​១៩៩២​មក លោក បេអាត រីច្ឆន័រ បាន​បង្កើត​និង​ដំណើរការ​មន្ទីរ​ពេទ្យ​ចំនួន ០៥ នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប។ 

នៅ​រាជ​ធានី​ភ្នំពេញ មន្ទីរពេទ្យ​ គន្ធបុប្ផា មាន​ចំនួន ៤ គឺ​ គន្ធបុប្ផា ១ កសាង​នៅ​ឆ្នាំ​១៩៩២, គន្ធបុប្ផា ២ កសាង​នៅ​ឆ្នាំ​១៩៩៦, គន្ធបុប្ផា ៣ កសាង​នៅ​ឆ្នាំ​២០០៥ និង​ គន្ធបុប្ផា ៤ កសាង​នៅ​ឆ្នាំ​២០០៧។ នៅ​ខេត្ត​សៀមរាប លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បាន​កសាងនិង​ដំណើរការ​មន្ទីរពេទ្យ​មួយ ឈ្មោះ មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ ដែល​មន្ទីរពេទ្យ​កសាង​នៅ​ឆ្នាំ​១៩៩៩។ 

ក្នុងរយៈពេល​ជាង ២៤ឆ្នាំ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ បាន​ផ្ដល់​ការព្យាបាល​មិន​សម្រាកដល់​អ្នក​ជំងឺ ១៤.៨៣៧.១៥៥នាក់ អ្នក​ជំងឺ​សម្រាក​ព្យាបាល​បាន ១.៥១៦.៤៧១នាក់ ពិនិត្យ​ផ្ទៃ​ពោះ​បាន ១.៣៩០.៣២៣​នាក់ និង​សម្រាល​កូន​បាន ១៩២.៨៩៧នាក់។ 

លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ​ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា

អ្នកនាង អ៊ែនជែលីណា ចូលី (Angelina Jolie) តារាភាពយន្ត​ហូលីវូដ

អ្នកនាង​ អ៊ែនជែលីណា ចូលី ដំបូង​ឡើយ ត្រូវ​បាន​ខ្មែរ​មួយ​ចំនួន​ស្គាល់​ដោយសារ​នាង​សម្ដែង​នៅ​ក្នុង​រឿង​កុន​ហូលីវូដ​មួយ​ គឺ​រឿង Tomb Raider ដែល​មាន​ឈុត​ខ្លះ​ថត​នៅ​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា កាល​អំឡុង​ដើម​ទសវត្ស​២០០០។ 

តាំង​ពី​ពេល​នោះ​មក តារា​ភាពយន្ត​ហូលីវូដ​ដ៏​ល្បីល្បាញ​នេះ​ហាក់​បាន​ជាប់​ជំពាក់​ចិត្ត​ជាមួយ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា។ 

អ្នក​នាង អ៊ែនជែលីណា ចូលី (Angelina Jolie)

ឆ្នាំ​២០០២ អ្នក​នាង អ៊ែនជែលីណា បាន​សុំ​កូនខ្មែរ​មួយ​រូប​ចិញ្ចឹម ដោយ​ដាក់​ឈ្មោះថា Madox។ តាំង​ពី​ពេល​នោះ​មក អ្នក​នាង​ឧស្សាហ៍​អញ្ជើញ​មក​ប្រទេស​កម្ពុជា ដោយ​បាន​ទិញ​ដី​សម្រាប់​អភិរក្ស​ព្រៃ​ឈើ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ផង​ដែរ។ អ្នក​នាង​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សញ្ជាតិ​កម្ពុជា​ឲ្យ ជា​កិច្ចតបស្នង​ចំពោះ​គុណបំណាច់​របស់​អ្នកនាង។ 

នៅដើម​ឆ្នាំ​២០១៦ អ្នក​នាង​ អ៊ែនជែលីណា បាន​ដឹកនាំ​ថត​ខ្សែ​ភាពយន្ត​ទាក់ទង​នឹង​រឿង​រ៉ាវ​សម័យ​ខ្មែរ​ក្រហម ដែល​មាន​ចំណង​ជើងថា «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» ឬ "First, They Killed My Father" នៅ​ខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា។ ហើយ​កូន​ប្រុស​នាង ឈ្មោះ​ ម៉ាដុក ដែល​មាន​កំណើត​ខ្មែរ ក៏ចូលរួម​ជួយ​នៅ​ក្នុង​ផលិតកម្ម​នេះ​ដែរ។ 

ក្រៅ​ពី​មាន​អារម្មណ៍​ផ្សារភ្ជាប់​ជាមួយ​ខ្មែរ យក​កូនខ្មែរ​ទៅ​ចិញ្ចឹម​ធ្វើកូន ជួយ​ដល់​ការអភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា និង​ថត​កុន​ទាក់ទង​នឹង​ខ្មែរ អ្នក​នាង អ៊ែនជែលីណា ចូលី បាន​ជួយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​ពិភព​លោក​ស្គាល់​កាន់​តែ​ច្បាស់​ថែមទៀត ពីព្រោះ​រៀងរាល់​ពេល​ដែល​អ្នក​នាង​ធ្វើដំណើរ​មក​កម្ពុជា ឬ​ធ្វើ​អ្វី​មួយ​ទាក់ទង​នឹង​កម្ពុជា សារព័ត៌មាន​ទូទាំង​ពិភព​លោក​ចុះផ្សាយ​រឿង​របស់​អ្នកនាង ដោយ​ភ្ជាប់​ជាមួយ​នឹងប្រទេស​កម្ពុជា។ 

លោក ស្កុត នីសុន (Scott Neeson) អតីត​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ហូលីវូដ

លោក​ ស្កុត នីសុន មាន​អាជីព​ការងារ​ក្នុង​វិស័យ​ផលិត​កុន​នៅ​ហូលីវូដ ដ៏​ល្បី​ល្បាញ​របស់​ពិភព​លោក រយៈពេល ២៦​ឆ្នាំ មាន​ប្រាក់ខែ​ច្រើន​ចាយ​មិនអស់ មាន​ផ្ទះ​ធំ មាន​ឡាន​ទំនើប និងមាន​ទូក​កម្សាន្ត។

ប៉ុន្តែ នៅក្នុង​អំឡុង​ដើម​ទសវត្ស​ឆ្នាំ​២០០០ លោក ស្កុត បាន​មក​ទស្សនកិច្ច​កម្ពុជា។ នៅ​គ្រា​នោះ គាត់​បាន​ជួប​កុមារ​ដើរ​រើស​សំរាម​នៅ​ស្ទឹងមានជ័យ រាជ​ធានី​ភ្នំពេញ។ ពេលនោះ​ហើយដែល​បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ប្រែប្រួល។ 

លោក ស្កុត បាន​លាលែង​ពី​ការងារ​ប្រាក់​ខែ​ច្រើន ជីវិតរស់នៅ​ស្រណុក​សុខ​ស្រួល មក​រស់នៅ​រាជ​ធានី​ភ្នំពេញ​ បើក​មូលនិធិ និង​អង្គការ​ ជួយ​កុមាររើស​សំរាម​នៅ​ស្ទឹងមានជ័យ ឲ្យ​មាន​ការអប់រំ និង​ជួយ​គ្រួសារ​ពួកគេ​ឲ្យ​មាន​ជីវភាព​សមរម្យ។ 

លោក ស្កុត នីសុន អតីត​នាយកប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៅ​ហូលីវូដ

ថ្មីៗ​នេះ លោក ស្កុត នីសុន បាន​កសាង​សាលារៀន​ធំ​មួយ នៅ​សហគមន៍​ស្ទឹងមានជ័យ ផ្ដល់​ការអប់រំ​ដល់​កុមារ​កាន់​តែ​ច្រើន​នាក់។ 

យើង​មិន​អាច​រៀបរាប់​អស់​សេចក្ដី​សមល្មម​នឹង​អ្វី​ដែល​ពួកគាត់​ទាំងបី​រូប​ខាង​លើ បាន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ និង​សង្គម​ខ្មែរ។ យើង​គ្រាន់តែ​សង្ឃឹមថា រឿងរ៉ាវ​របស់​ពួកគាត់​នឹង​ជំរុញ​ទឹក​ចិត្ត​ដល់​ប្រជាជន​ខ្មែរ ជាពិសេស សេដ្ឋី​នៅ​កម្ពុជា​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ជន​រួម​ជាតិ​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត៕




អត្ថបទបន្ទាប់


ខ្មែរ​ជំនាន់​នេះ​និង​ជំនាន់​ក្រោយៗ​ត្រូវតែ​​ខ្លាំង! ហេតុ​អ្វី?

ព័ត៌មាន
អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប​ បាន​បញ្ចេញ​ទស្សនៈ​ថា អំណេះ​តទៅ យុវជន​ខ្មែរ​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ខ្លួន​ឲ្យ​បាន​ខ្លាំង និង​ឲ្យ​កាន់…

ឧកញ៉ា ចេង ខេង ជានរណា? កត្តា​អ្វី​ខ្លះ​ធ្វើ​ឲ្យ​គាត់​ក្លាយជាសេដ្ឋីអចលនទ្រព្យ?

ព័ត៌មាន
ឧកញ៉ា ចេង ខេង ជា​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​ចាស់​វស្សា​ជាង​គេ នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា។ លោក​មាន​បទ​ពិសោធន៍​ផ្នែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ