វិស័យចិញ្ចឹមសត្វ

តើក្រុមអាជីវករ និងអ្នកចិញ្ចឹមសត្វយល់ឃើញបែបណាចំពោះការផ្អាកការនាំចូលសាច់បង្កកជាប្រភេទគ្រឿងក្នុង?


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេកផ្អាកការនាំចេញសាច់បង្កកប្រភេទគ្រឿងក្នុងបណ្តោះអាសន្នរយៈពេល៦ខែ ដែលនឹងអនុវត្តចាប់ពីខែមីនា តទៅ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ដែលកំពុងមានការធ្លាក់ចុះ ឱ្យមានភាពល្អប្រសើរឡើងវិញ។ តើការផ្អាកនាំចូលគ្រឿងក្នុងសត្វពីក្រៅប្រទេស អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រចាំថ្ងៃដែរឬទេ? ហើយវានឹងចូលរួមចំណែកយ៉ាងណាក្នុងការជួយអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជា?
វិស័យចិញ្ចឹមសត្វ
ដោយ

សាច់បង្កកប្រភេទគ្រឿងក្នុងនឹងលែងមានការនាំចូលមកកាន់ទីផ្សារកម្ពុជា ជាបណ្តោះអាសន្នរយៈពេល៦ខែក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយជំរុញតម្លៃសត្វរស់ដែលកំពុងមានការធ្លាក់ចុះឱ្យងើបឡើងវិញ​។ ក្រុមអាជីវករលក់សាច់ជ្រូក និងសាច់គោនៅផ្សារដើមគរ យល់ឃើញថា ការផ្អាកការនាំចូលសាច់បង្កកប្រភេទគ្រឿងក្នុងសត្វនេះ វាមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ផលវិជ្ជមានវានឹងជួយធ្វើឱ្យតម្លៃសត្វរស់ក្នុងស្រុក ដែលកំពុងមានការធ្លាក់ចុះអាចហក់ឡើងថ្លៃមកវិញ ដែលជួយបង្កើនប្រាក់ចំណូលដល់កសិករអ្នកចិញ្ចឹមសត្វ និងជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា។ ផលអវិជ្ជមាន គឺវានឹងជួយជំរុញឱ្យតម្លៃគ្រឿងក្នុង និងសាច់ដាក់លក់នៅលើទីផ្សារមានការកើនឡើង ដែលអាចធ្វើប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ និងអាចធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់សាច់នៅលើទីផ្សារផងដែរ។

​ជាមួយគ្នានេះលោកស្រី ប៉ន វុទ្ធី ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅក្រុងតាខ្មៅ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដ្បិតលោកស្រីយល់ថា ចំណាត់ការនេះវានឹងជួយជំរុញឱ្យតម្លៃជ្រួករស់ ដែលកំពុងដាំក្បាលចុះ នឹងស្ទុះងើបឡើងមកវិញ។

​ពាក់ព័ន្ធបញ្ហានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានចាត់ទុកវិធានការហាមឃាត់ការនាំចូលនេះ គឺជាការផ្ដល់ក្ដីសង្ឃឹមថ្មីមួយបន្ថែមដល់កសិករ និងវិស័យចិញ្ចឹមសត្វរបស់កម្ពុជា ដែលបានជួបព្យុះជួបភ្លៀងនៃការធ្លាក់ចុះនាពេលកន្លងមក។ សម្រាប់អ្នកជំនាញរូបនេះ ការនាំចូលគ្រឿងក្នុងសត្វមកកាន់ទីផ្សារកម្ពុជា គឺជាចំណែកមួយដែលធ្វើឱ្យទីផ្សារសត្វរស់មានការធ្លាក់ថ្លៃ ដែលជាមូលហេតុធ្វើឱ្យអ្នកចិញ្ចឹមសត្វមួយចំនួនផ្អាកការចិញ្ចឹម និងក្ស័យធន។

​សូមបញ្ជាក់ថា ប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កកដែលត្រូវហាមឃាត់ការនាំចូលជាបណ្ដោះ​អាសន្ន រួមមានអណ្ដាត ថ្លើមគោ ក្របី ជ្រូកមាន់បង្កក និងគ្រឿងក្នុងបង្កកមួយចំនួនទៀតរបស់សត្វគោ ក្របី ជ្រូក ដែលអាចបរិភោគបានក្រៅពីអណ្ដាត និងថ្លើម។ ការសម្រចផ្អាកមិនឱ្យមានការនាំចូលជាបណ្ដោះអាសន្ននេះ មានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី ១២ ខែកញ្ញាឆ្នាំ២០២៤។ ប៉ុន្ដែ វិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រី

ព័ត៌មាន
នៅទីបំផុតសេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ទទួលបានការអនុម័តពីកិច្ចប្រជុំពេញគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉…

ការលក់គ្រឿងរណ្ដាប់សែនចិននៅឆ្នាំនេះកាក់កបជាងឆ្នាំមុន ទោះតម្លៃទំនិញឡើងថ្លៃបន្តិចក្តី

ព័ត៌មាន
ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កាន់តែខិតជិតមកដល់ យើងសង្កេតឃើញថា ក្រុមអាជីវករលក់គ្រឿងរណ្ដាប់សែន និងគ្រឿងលម្អតុបតែងផ្ទះសម្បែងក្នុងពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ