វិស័យចិញ្ចឹមសត្វ

សមាគមអ្នកចិញ្ចឹមសត្វអះអាងថា កម្ពុជាមានលទ្ធភាពអាចផ្គត់ផ្គង់សាច់គ្រប់គ្រាន់ ដោយមិនចាំបាច់នាំចូល


សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងពិធីបុណ្យនានា បើទោះបីគ្មានការនាំចូលពីបរទេស។ ការអះអាងបែបនេះធ្វើឡើងក្រោយសមាគមសង្កេតឃើញថា បច្ចុប្បន្នកសិករមានសមត្ថភាពខ្ពស់ក្នុងការចិញ្ចឹមសត្វឱ្យទទួលបានផលដោយប្រើរយៈពេលសមរម្យ។ ម្យ៉ាងទៀត បន្ទាប់ពីរដ្ឋាភិបាលមានគម្រោងហាមឃាត់ការនាំចូលសាច់បង្កកប្រភេទគ្រឿងក្នុងមួយចំនួននាពេលខាងមុខនេះ។
វិស័យចិញ្ចឹមសត្វ
ដោយ

នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីស លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា ការហាមឃាត់ការនាំចូលសាច់បង្កកណាមួយពុំបានបង្កក្ដីបារម្ភខ្លាំងចំពោះការផ្គត់ផ្គង់សាច់នៅលើទីផ្សារនោះទេ ដោយសារបច្ចុប្បន្នកសិករមានបច្ចេកទេសខ្ពស់ក្នុងការចិញ្ចឹមសត្វឱ្យទទួលបានផលក្នុងរយៈពេលខ្លី។ ទោះបីបច្ចុប្បន្នមានកសិករខ្នាតតូចប្រមាណ៩០% ដែលជាសមាជិករបស់សមាគមបានផ្អាកការចិញ្ចឹម និងកសិដ្ឋានធំៗមួយចំនួនបានកាត់បន្ថយបរិមាណចិញ្ចឹមក៏ដោយ តែប្រធានសមាគមរូបនេះ អះអាងថា កម្ពុជានៅតែមានលទ្ធភាពអាចផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារ ក៏ដូចជាក្នុងពិធីបុណ្យចូលឆ្នាំចិន ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់អ្នកជំនាញរូបនេះ លទ្ធភាពក្នុងការស្ដារវិស័យចិញ្ចឹមជ្រូកអាចប្រើរយៈពេលប្រមាណពី៤ទៅ៥ខែ ខណៈការចិញ្ចឹមជ្រូកមេយកកូនអាចប្រើលទ្ធភាពប្រមាណ១ឆ្នាំ។

ពាក់ព័ន្ធនឹងស្ថានភាពនៃការចិញ្ចឹមសត្វ នៅក្នុងឆ្នាំ២០២៤នេះ លោក ស្រ៊ុន ពៅ អះអាងថា កសិករនៅតែជួបបញ្ហាប្រឈមក្នុងការចិញ្ចឹមសត្វ ដោយសារតែបញ្ហាថ្លៃដើមក្នុងការផលិតមានតម្លៃខ្ពស់ ដែលពិបាកក្នុងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាង។

សម្រាប់អ្នកជំនាញរូបនេះ ដើម្បីអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងបាន លុះណាតែថ្លៃចំណីសត្វ តម្លៃភ្លើង និងការដឹកជញ្ជូនមានតម្លៃសមរម្យ។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះ ជឿជាក់ថា វិស័យចិញ្ចឹមក្នុងឆ្នាំ២០២៤ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣ ដោយសារតែការយកចិត្តទុកដាក់ពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធមកលើវិស័យមួយនេះ។

បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅក្នុងឆ្នាំ២០២៣ វិស័យចិញ្ចឹមសត្វនៅកម្ពុជា បានជួបបញ្ហាប្រឈមយ៉ាងខ្លាំងដោយសារតែតម្លៃសាច់សត្វរស់មានការធ្លាក់ចុះធ្វើឱ្យមានការខាតបង់ថវិកា ហើយកសិករខ្នាតតូចដែលជាសមាជិករបស់សមាគមប្រមាណ៩០% បានដួលរលំ និងបោះបង់ចោលការចិញ្ចឹមសត្វ ខណៈនៅតាមកសិដ្ឋានធំៗមួយចំនួនបានកាត់បន្ថយចំនួនមេជ្រូកប្រមាណ២០%ផងដែរ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រចផ្អាកមិនឱ្យមានការនាំចូលជាបណ្ដោះ​អាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កកជាច្រើនប្រភេទ សម្រាប់រយៈពេល៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ គ្រឿងក្នុង និងបំណែកសាច់បង្កកដែលត្រូវហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ន រួមមានអណ្ដាតសត្វគោ ក្របី ជ្រូក មាន់បង្កក ថ្លើមសត្វគោ ក្របី ជ្រូក គ្រឿងក្នុងបង្កកផ្សេងទៀតរបស់សត្វគោ ក្របី ជ្រូក ដែលអាចបរិភោគបានក្រៅពីអណ្ដាត និងថ្លើម ព្រមទាំងគ្រឿងក្នុង និងផ្នែកមួយចំនួនទៀតរបស់សត្វផងដែរ ។ប៉ុន្ដែ វិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យអចលនទ្រព្យនៅសហរដ្ឋអាម៉េរិកធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ

ព័ត៌មាន
សារព័ត៌មានបស្ចិមប្រទេសមួយចំនួនបានរាយការណ៍ថា ស្ថានភាពអលនទ្រព្យនៅសហរដ្ឋអាម៉េរិកបានធ្លាក់ក្នុងស្ថានភាពដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល…

ក្រុមប្រឹក្សារដ្ឋចិន បញ្ជាឱ្យបណ្ដារដ្ឋបាលមូលដ្ឋានដែលជំពាក់បំណុលរុំកោះ បញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មាន
ក្រុមប្រឹក្សារដ្ឋចិន បានបញ្ជាឱ្យបណ្ដារដ្ឋបាលមូលដ្ឋានដែលជំពាក់បំណុលរុំកោះពន្យារពេល ឬបញ្ឈប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនដែលទទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ