វិស័យដឹកជញ្ជូន

តើមកទល់ពេលនេះតម្លៃដឹកជញ្ជូនតាមផ្លូវទឹកពីអាស៊ីទៅអឺរ៉ុប ដែលបានហក់ឡើងទ្វេដង មានការប្រែប្រួលយ៉ាងណា?


ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានវាយតម្លៃថា ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានៅត្រីមាសទី១ ឆ្នាំ២០២៤នេះ ហាក់បានបង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ បានអះអាងថាថា ទោះបីការវាយប្រហារនៅសមុទ្រក្រហមបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មរបស់ពិភពលោក និងបានឱ្យតម្លៃដឹកជញ្ជូនពីតំបន់អាស៊ីទៅអឺរ៉ុបកើនឡើងទ្វេដងក្តី ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់សកម្មភាពដឹកជញ្ជូនទំនិញរបស់កម្ពុជានោះទេ។
វិស័យដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា បានវាយតម្លៃថា សកម្មភាពដឹកជញ្ជូន និងតម្លៃដឹកជញ្ចូនទំនិញរបស់កម្ពុជា តាមផ្លូវទឹកនៅ៣ខែកន្លងមកនេះ ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺតម្លៃដឹកជញ្ជូនទំនិញពីកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប នៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ បន្ទាប់ពីមានការវាយប្រហាររនៅសមុទ្រក្រហមពីសំណាក់ក្រុមហ៊ុនឧទ្ទាម ហ៊ួធី។ ទោះបីតម្លៃដឹកជញ្ជូននៅតែមានកម្រិតខ្ពស់ ហើយកាលពីពេលថ្មីៗមានការប៉ះទង្គិចរវាងអ៊ីស្រអែល និងអ៊ីរ៉ង់ បានកើតឡើងក៏ដោយ តែអ្នកជំនាញរូបនេះវាយតម្លៃថា បញ្ហានេះទំនងជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានោះទេ។

​ជាមួយគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាកត់សម្គាល់ឃើញថា សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា នៅត្រីមាសទី១ឆ្នាំនេះ ​ហាក់មានការកើនឡើងគួរឱ្យកសត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះ គឺដោយ​សារកាលពីចុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗជាច្រើន ដែលបានជំរុញឱ្យការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ នៅដើមឆ្នាំនេះ ក៏មានការកើនឡើងដូចគ្នាផងដែរ។ ជាក់ស្តែង ប្រធានសមាគមរូបនេះ បានអះអាងថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់តំបន់អឺរ៉ុបនៅដើមឆ្នាំនេះ នៅតែមានកំណើន បើទោះបីជាតម្លៃដឹកជញ្ជូនទៅកាន់តំបន់នេះបានកើនឡើងទ្វេដង និងត្រូវចំណាយពេលយូរជាងមុនក៏ដោយ។

​យ៉ាងណាមិញ ជុំវិញបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា រវាងអ៊ីស្រាអែល និងអ៊ីរ៉ង ដែលបានផ្ទុះឡើងម្តងទៀតថ្មីៗនេះ លោក ជា ចាន់ដារ៉ា វាយតម្លៃថា មកទល់ពេលនេះនៅមិនទាន់បង្កការរំខានណាមួយដល់វិស័យដឹកជញ្ជូនសកល រួមទាំងកម្ពុជានោះទេ។ ប៉ុន្តែបើសង្គ្រាមនេះនៅតែបន្តផ្ទុះឡើងកាន់តែធំនោះ វាក៏អាចបង្កជាបញ្ហាប្រឈមដល់ស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូនមួយចំនួនផងដែរ។

​គួរបញ្ជាក់ថា ក្រោយមានការវាយប្រហារលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម បានជំរុញឱ្យតម្លៃដឹកជញ្ជូនពីតំបន់អាស៊ីនៅទ្វីបអឺរ៉ុប បានហក់ឡើងទ្វេដង ពោលគឺគឺពីចន្លោះ៣ពាន់ ទៅ៤ពាន់ដុល្លារក្នុង១ទូកុងតឺន័រ ឡើងដល់៧ពាន់ទៅ៨ពាន់ដុល្លារ ក្នុង១ទូកុងតឺន័រ ដោយសារក្រុមហ៊ុនដឹកជញ្ជូនទំនិញត្រូវប្រើប្រាស់ផ្លូវវាងជាមួយការបន្ថែមរយៈចម្ងាយ និងរយៈពេលដឹកជញ្ជូនបន្ថែមជាង១០ថ្ងៃឯណោះ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅ៣ខែដំបូងឆ្នាំ២០២៤ នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានជាង១២ពាន់លានដុល្លារកើនឡើងជិត១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៦ពាន់លានដុល្លារ កើនឡើង១៨% ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិ មកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើងជាង៦%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្មរៀបចំកម្មវិធីប្រកួតប្រជែងការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីលើកកម្ពស់ទីផ្សារ និងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ព័ត៌មាន
នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នឹងរៀបចំម្មវិធីប្រកួតប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមលើកទី១ ឆ្នាំ២០២៤ នៅខ…

ជប៉ុន និងសហភាពអឺរ៉ុប ព្រមព្រៀងបង្កើតវិធានរួម ដើម្បីគ្រប់គ្រងរំហូរយ៉ាងគំហុកនៃរថយន្តអគ្គិសនី និងបន្ទះសូឡាចិន

ព័ត៌មាន
សារព័ត៌មាន Nikkei Asia បានចុះផ្សាយនៅថ្ងៃសុក្រ ទី២៦ ខែមេសា នេះថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប នឹងឈានដល់ការព្រមព្រៀងគ្នានៅដើមខែឧសភា ក្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ