វិស័យដឹកជញ្ជូន

កម្ពុជាកំពុងបង្វែរទិសដៅធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូន ក្រោយការប៉ះទង្គិចនៅសមុទ្រក្រហមធ្វើតម្លៃដឹកជញ្ជូនកើនឡើងទ្វេដង


ការប្រឈមមុខរបស់វិស័យដឹកជញ្ជូនដោយការវាយប្រហាររបស់ក្រុមហ៊ួធីនៅសមុទ្រក្រហមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មពិភពលោក ពិសេសធ្វើឱ្យតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់។ ប៉ុន្តែបញ្ហានេះត្រូវបានអ្នកជំនាញឡូជីស្ទីកកម្ពុជា អះអាងថា ពុំសូវមានឥទ្ធិពលធ្ងន់ធ្ងរលើការដឹកជញ្ជូនរបស់កម្ពុជានោះទេ ដោយសារតែការដឹកជញ្ជូនទាំងផ្លូវអាកាស និងការធ្វើពាណិជ្ជកម្មតាមសមុទ្ររបស់កម្ពុជា នាពេលបច្ចុប្បន្នភាគច្រើនធ្វើឡើងជាមួយប្រទេសក្នុងតំបន់ ជាពិសេសចិនតែម្តង។
វិស័យដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ី បានបង្វែរទិសដៅដោយផ្ដោតលើទីផ្សារក្នុងតំបន់ ជាពិសេស គឺទីផ្សារចិនតែម្ដង។ ការបង្វែរទិសដៅទីផ្សារធ្វើពាណិជ្ជកម្មនេះ ត្រូវបានអ្នកជំនាញរូបនេះ អះអាងថា ធ្វើឡើងក្រោយតម្លៃដឹកជញ្ជូនពីតំបន់អាស៊ី​ ទៅកាន់តំបន់អឺរ៉ុប បានហក់ឡើងថ្លៃខ្ពស់ទ្វេដង បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ួធី លើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម​។ យ៉ាងណាមិញអ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា នៅប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយចិន និងបណ្ដាប្រទេសសំខាន់ៗបានកើនឡើងគួរឱ្យកត់សម្គាល់។ ការប្ដូរទិសដៅទីផ្សារ និងការដឹកជញ្ជូននេះ គឺជាយុទ្ធសាស្រ្តធ្វើឱ្យសកម្មភាពទីផ្សារដំណើរការល្អ។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ា ស៊ិន ចន្ធី។

​ទោះបីកម្ពុជាកំពុងបង្វែរទិសដៅនៃការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនក៏ដោយ តែប្រធានសមាគមភស្តុភារកម្មកម្ពុជា រូបនេះ នៅតែចាត់ទុកការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសនៅតំបន់អឺរ៉ុប គឺនៅតែសំខាន់។ ការណ៍នេះបានជំរុញឱ្យអ្នកជំនាញរូបនេះ ស្នើដល់អ្នកពាក់ព័ន្ធរួមគ្នារកមធ្យោបាយដោះស្រាយបញ្ហានេះ ដើម្បីជួយជំរុញកំណើនការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយប្រទេសនៅតំបន់អឺរ៉ុប ដែលកំពុងមានការធ្លាក់ចុះ ឱ្យមានភាពល្អប្រសើរឡើងវិញ​។

​បើតាមប្រធានសមាគមភស្តុភារកម្មកម្ពុជារូបនេះ ភាពតានតឹងនៅសមុទ្រក្រហម បានធ្វើឱ្យការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅកាន់តំបន់សហរដ្ឋអាម៉េរិក និងប្រទេសនៅតំបន់អឺរ៉ុបហក់ឡើងថ្លៃទ្វេដង ពោលគឺការដឹកជញ្ជូននៅមុនពេលមិនទាន់មានបញ្ហាមានតម្លៃចន្លោះពី៣ពាន់ទៅ៤ពាន់ដុល្លារក្នុង១ទូកុងតឺន័រតែប៉ុណ្ណោះ ប៉ុន្តែក្រោយមានការវាយប្រហារពីក្រុមហ៊ួធីនលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម បានជំរុញឱ្យតម្លៃដឹកជញ្ជូនហក់ឡើងដល់៧ពាន់ទៅ៨ពាន់ដុល្លារ ក្នុង១ទូកុងតឺន័រ ដោយសារក្រុមហ៊ុនដឹកជញ្ជូនបានបើកវាងដែលមានចម្ងាយប្រមាណ៦ពាន់គីឡូម៉ែត្រ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុតស៊ុយអែត ក្លាយជាសមាជិកទី៣២ របស់អង្គការបក្សសម្ព័ន្ធយោធា NATO ជាផ្លូវការ

ព័ត៌មាន
នៅទីបំផុតប្រទេសស៊ុយអែត បានក្លាយជាសមាជិកទី៣២ របស់អង្គការបក្សសម្ព័ន្ធយោធា NATO ជាផ្លូវការហើយ ដោយបញ្ចប់ជំហរអព្យាក្រឹតភាពជាច្រើនទសវត្សរ៍របស់…

តើគម្រោងសាងសង់ទីក្រុងឆ្លាតវៃ តម្លៃជាង៤ពាន់លានដុល្លារ នៅជាយក្រុងហាណូយ មានលក្ខណៈពិសេសបែបណា?

ព័ត៌មាន
គម្រោងទីក្រុងឆ្លាតវៃ North Hanoi Smart City តម្លៃ៤,២ពាន់លានដុល្លារ នៅសង្កាត់ដុងអាញ់ (Dong Anh) ជាយក្រុងហាណូយ ប្រទេសវៀតណាម គ្របដណ្ដប់លើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ