នាំចេញដំឡូងមី

វៀតណាម ដាក់គោលដៅនាំចេញដំឡូងមី ឱ្យបាន២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ


ប្រទេសវៀតណាម បានកំណត់គោលដៅនាំចេញដំឡូងមី ឱ្យបានរហូតដល់ទៅប្រមាណ២ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០ ក្រោមគម្រោងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មដំឡូងមីប្រកបដោយនិរន្តរភាព ដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
នាំចេញដំឡូងមី
ដោយ

ប្រទេសវៀតណាម ដាក់គោលដៅនាំចេញដំឡូងមី ឱ្យបានប្រមាណ២ពាន់លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំនៅត្រឹមឆ្នាំ២០៣០ ហើយតាមការរំពឹងទុកនៅឆ្នាំ២០៥០ ទំហំនៃការនាំចេញដំឡូងមីនឹងឈានដល់ចន្លោះពីជាង២ពាន់៣រយលានដុល្លារអាម៉េរិក ទៅជាង២ពាន់៥រយលានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា ការនាំចេញដំឡូងមីរបស់វៀតណាម ត្រូវបានជំរុញជាចម្បងដោយតម្រូវការនាំចូលរបស់ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។

ស្ថិតិរបស់អគ្គនាយកដ្ឋានគយរបស់វៀតណាម បានបង្ហាញថា ប្រទេសវៀតណាម នាំចេញដំឡូងមីបានជាង៩ម៉ឺន៤ពាន់លានតោន គិតជាទឹកប្រាក់ជាង៤៣០លានដុល្លារអាម៉េរិក ដោយកើនឡើង១៥,៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យបង្ហាញថា តម្លៃជាមធ្យមនៃដំឡូងមី សម្រាប់នាំចេញ គឺ៤៥០ដុល្លារអាម៉េរិក ក្នុងមួយតោន ក្នុងខែមីនា ដោយកើនឡើង១,៧%បើធៀបនឹងខែកុម្ភៈ និង១៨,២% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ​តម្លៃជាមធ្យមនៃដំឡូងមី សម្រាប់ការនាំចេញ គឺ៤៥៥ដុល្លារអាម៉េរិក ក្នុងមួយតោន ឬប្រមាណជាង១,៨០០រៀលក្នុង១គីឡូក្រាម នៅត្រីមាសទី១ កើនឡើង១៩,៥%

ចំណុចគួរកត់សម្គាល់ គឺថា ប្រទេសចិន ជាប្រទេសនាំចូលដំឡូងមីវៀតណាម ច្រើនជាងគេ ដែលបាននាំចូលជាង៩៤%នៃទំហំនាំចេញដំឡូងមីសរុបរបស់វៀតណាម។ ដំឡូងមី គឺគ្រឿងផ្សំអាហារប្រភេទលេខ១របស់វៀតណាម ដែលមានទំហំនាំចេញរាប់ពាន់លានដុល្លារអាម៉េរិក។ យោងតាមរបាយការណ៍បង្ហាញថា ការនាំចេញដំឡូងមីរបស់វៀតណាម ក្នុងឆ្នាំ២០២៣ មានទំហំ១,៣ពាន់លានដុល្លារអាម៉េរិក។

ក្រោមគម្រោងលើកកម្ពស់ការអភិវឌ្ឍ​ឧស្សាហកម្មដំឡូងមី វៀតណាម សម្លឹងសម្រេចឱ្យបានទិន្នផលដំឡូងមីស្រស់សរុបចន្លោះពីជាង១១លានតោន ទៅជាង១២លានតោន ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០ ដោយប្រមាណ៥០%នៃផ្ទៃដីចម្ការដំឡូងមីទាំងអស់អនុវត្តដំណើរការកសិកម្មប្រកបដោយនិរន្តរភាព។ ហើយនៅឆ្នាំ២០៥០ ចន្លោះពី៧០%ទៅ៨០%នៃផ្ទៃដីចម្ការដំឡូងមីទាំងអស់នឹងអនុវត្តដំណើរការកសិកម្មប្រកបដោយនិរន្តរភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម គ្រោងចំណាយថវិកាជិត១៩០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍វិស័យថាមពលនៅត្រឹមឆ្នាំ២០៣០

ព័ត៌មាន
វៀតណាមដែលជាប្រទេសក្បែរខាងរបស់កម្ពុជា មានតម្រូវការទុនរហូតដល់ជិត១៩០ពាន់លានដុល្លារ ដើម្បីចំណាយលើការវិនិយោគក្នុងវិស័យថាមពលនៅត្រឹមឆ្នាំ២០៣…

ការលាឈប់ពីតំណែងរបស់មន្ត្រីកំពូលៗនៅវៀតណាម ត្រូវបានគេអះអាងថា កំពុងធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ច

ព័ត៌មាន
ការលាលែងពីតំណែងរបស់មន្ត្រីនយោបាយកំពូលៗជាបន្តបន្ទាប់នៅប្រទេសវៀតណាម ចំពេលមានយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនោះ កំពុងចោទជាសំណួរពីទិសដៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ