លោក ចូ បៃឌិន

លោក ចូ បៃឌិន ព្រមានថាអាចនឹងមានការវាយប្រហារពីភេរវករនៅអាហ្វហ្កានីស្ថានជាថ្មីទៀត


ប្រធានាធិបតីអាមេរិកកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានព្រមានថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ ទំនងជាអាចកើតមានឡើងនៅអាហ្វហ្កានីស្ថាន ខណៈដែលកងទ័ពអាមេរិកបានចាប់ផ្តើមរៀបចំចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុលបណ្តើរៗហើយ ក្រោយបេសសកម្មជម្លៀសមនុស្សដែលបានធ្វើឡើងអស់ពេលពីរសប្តាហ៍ ដោយអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជិតឈានដល់ថ្ងៃបញ្ចប់ទាំងស្រុងហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
បេសសកម្មជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន ដែលបាននិងកំពុងធ្វើឡើងអស់ពេល២សប្តាហ៍មកនេះដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត

ក្រោយ​ករណី​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល ដែល​បាន​សម្លាប់​ទាហាន​អា​មេ​រិ​ក​អស់ ១៣​នាក់ ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន បាន​ចេញ​មុខ​ប្រកាស​ពី​លទ្ធភាព​នៃ​ការ​វាយប្រហារ​ម្តងទៀត​ពី​សំណាក់​ក្រុម​ភេរវ​ករ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

ការ​ចេញ​មុខ​មក​ប្រកាស​ដូចនេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​បេស​សកម្ម​ជម្លៀស​មនុស្ស​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​និង​កំពុង​ធ្វើ​ឡើង​អស់​ពេល​២​ស​ប្តា​ហ៍​មកនេះ​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត បាន​ខិត​ជិត​មក​ដល់​ថ្ងៃ​កំណត់​ហើយ​។

ប្រទេស​មួយ​ចំនួន​ដោយ​រាប់​បញ្ចូល​ទាំង​សហរដ្ឋអាមេរិក​ផង​នោះ រួម​មាន​អង់គ្លេស និង​តួ​គី​បាន​និង​កំពុង​ញាប់ដៃ​ញាប់​ជើង​ជម្លៀស​ពលរដ្ឋ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ថ្ងៃ​កំណត់​ចុង​ក្រោយ​នៃ​បេស​សកម្ម​គឺ នឹង​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១​ខែសីហា​នេះ​។

ក្នុង​នោះ​បើ​តាម​មន្ត្រី​យោធា​អា​មេ​រិ​ក បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កងទ័ព​របស់​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ចាក​ចេញពី​ទីក្រុង​កា​ប៊ុល​ហើយ ជាក់ស្តែង កងទ័ព​អា​មេ​រិ​ក​ចំនួន​ជិត ២​ពាន់​នាក់​ត្រូវ​បាន​គេ​ដក​ចេញពី​ព្រ​លាន​យន្តហោះ​ក្រុង​កា​ប៊ុល​រួច​ហើយ ដោយ​បច្ចុប្បន្ន​កងទ័ព​អា​មេ​រិ​ក​ដែល​នៅ​ថែរក្សា​សុវត្ថិភាព នៅ​សល់​តែ​៤​ពាន់​នាក់​ប៉ុណ្ណោះ ធៀប​ទៅ​នឹង​ចំនួន ជិត​៦​ពាន់​នាក់​កាលពី​ស​ប្តា​ហ៍​មុន​ៗ​។

ដោយឡែក កងទ័ព​អង់គ្លេស ត្រូវ​បាន​ដក​ចេញ​រួចរាល់​អស់ហើយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ក្រោយ​បាន​បិទ​បញ្ចប់​បេស​សកម្ម​ជម្លៀស​មនុស្ស​ជាង​១​ម៉ឺន​៥​ពាន់​នាក់​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មក​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​។

សូម​ជម្រាប​ថា ទោះបី​បេស​សកម្ម​ជម្លៀស​មនុស្ស​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ ហើយ​ទោះបី​កងទ័ព​អា​មេ​រិ​ក​នឹង​ត្រូវ​ដក​ចេញ​អស់ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ក៏​ដោយ ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន បាន​សច្ចា​រួច​ហើយ​ថា នឹង​នៅ​តែ​បន្ត​បោសសម្អាត និង​តាម​សងសឹក​លើ​ក្រុម​ភេរវកម្ម​ដែល​បាន​សម្លាប់​ជីវិត​យោធា​អា​មេ​រិ​ក​ចំនួន ១៣​នាក់​កាលពី​ស​ប្តា​ហ៍​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកបារម្ភពីអំណាចអាវុធនុយក្លេអ៊ែររបស់ចិនអាចនឹងកើនខ្លាំងជាងរុស្ស៊ី?

ព័ត៌មាន
មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក បានអះអាងថា ប្រទេសចិនស្ថិតក្នុងស្ថានភាពចំពោះមុខនៃការអភិវឌ្ឍគ្រឿងសព្វាវុធ នឹងនាំមុខរស្ស៊ី ក្លាយជាប្រទសមានអា…

បុរសខ្លាំងហ្វីលីពីន ឌូទែតេ ប្រកាសទទួលយកការវិនិយោគកាស៊ីណូឡើងវិញដើម្បីបានប្រាក់ទប់ទល់នឹងកូវីដ-១៩

ព័ត៌មាន
ប្រធានាធិបតីហ្វីលីពីនលោក ឌូទែតេ បានប្រកាសឲ្យមានការធ្វើអាជីវកម្មក្នុងវិស័យបនល្បែងកាស៊ីណូ នៅក្នុងប្រទេសឡើងវិញ ដោយនឹងអនុញ្ញាតឲ្យមានទីតាំងលេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ