ទំនាក់ទំនងរវាងអាមេរិក និងចិន

ប្រធានាធិបតីអាមេរិក ចូ បៃដិន បង្ហើបថា ទំនាក់ទំនងរវាងអាមេរិក និងចិន អាចនឹងល្អប្រសើរឡើងនៅក្នុងពេលឆាប់ៗនេះ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង គួរតែមានភាពល្អប្រសើរ «នៅក្នុងរយៈឆាប់ៗបំផុតនេះ» បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងដែលគេសង្ស័យថាជាវត្ថុស៊ើបការណ៍របស់ប្រទេសចិននៅឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA។
ប្រធានាធិបតីអាមេរិក ចូ បៃដិន បង្ហើបថា ទំនាក់ទំនងរវាងអាមេរិក និងចិន អាចនឹងល្អប្រសើរឡើងនៅក្នុងពេលឆាប់ៗនេះ
ដោយ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានយ៉ាប់យ៉ឺនយ៉ាងខ្លាំងនៅក្នុងរយៈពេលជាច្រើនខែមកនេះ បន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូល G-20 នៅលើកោះបាលីរបស់ឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកាឆ្នាំមុន។

ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈ ក្នុងការបាញ់ទម្លាក់បាឡុងចិនដែលត្រូវបានចោទថាសម្រាប់ស៊ើបការណ៍ និងដែលបានហោះពេញដែនអាកាសសហរដ្ឋអាមេរិកនោះ បានបង្កជម្លោះការទូតរវាងប្រទេសដែលមានសេដ្ឋកិច្ចធំៗជាងគេទាំង២នេះ និងធ្វើឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្ល៊ីនខិន លុបចោលគម្រោងទៅទស្សនកិច្ចនៅទីក្រុងប៉េកាំងថែមទៀត។

កាលពីថ្ងៃអាទិត្យ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេស G-7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន, លោក បៃដិន ត្រូវបានគេសួរថា ហេតុអ្វីបានជាបណ្តាញទូរស័ព្ទបន្ទាន់ ដែលបានគ្រោងទុករវាងសហរដ្ឋអាមេរិក និងចិន មិនដំណើរការ?

លោក បៃដិន បានឆ្លើយថា សំណួរនេះពិតជាត្រឹមត្រូវហើយ អាមេរិកគួរតែមានបណ្តាញទូរស័ព្ទបន្ទាន់បើកចំហមួយ។ នៅឯសន្និសីទកោះបាលីនៅប្រទេសឥណ្ឌូនេស៊ី ជាអ្វីដែលលោកប្រធានាធិបតី ស៊ី និងលោក បៃដិន បានយល់ព្រមនឹងគ្នាថា ពួកគេនឹងបង្កើតបណ្ដាញនេះ ហើយនឹងជួបគ្នាតាមបណ្ដាញនេះផង។

លោក បៃដិន បានបន្ថែមថា បន្ទាប់មក ក៏ស្រាប់តែមាន«បាឡុងឆ្កួតនេះ»បានហោះហើរនៅលើទឹកដីអាមេរិក ដោយផ្ទុករបស់មានលក្ខណៈជាឧបករណ៍ចារកម្មចំនួនពីរឡាន។ លោក បៃឌិន បានបន្ថែមថា បាឡុងនោះត្រូវបានបាញ់ទម្លាក់ ហើយអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរ ពាក់ព័ន្ធនឹងការជជែកជាមួយគ្នា ប៉ុន្តែលោកគិតថា គេនឹងឃើញថា វានឹងចាប់ផ្តើមមានភាពល្អប្រសើរក្នុងពេលឆាប់ៗនេះ។

រដ្ឋបាលរបស់លោក បៃដិន ក៏បានធ្វើឱ្យចិនខឹងសម្បារផងដែរ ក្នុងការយកពាណិជ្ជកម្មបន្ទះឈីបទំនើបៗជាគោលដៅ ដោយលើកឡើងពីហានិភ័យនៃការប្រើប្រាស់បែបយោធា។

ប្រធានាធិបតីអាមេរិករូបនេះបានការពារសកម្មភាពទាំងនោះកាលពីថ្ងៃអាទិត្យ នៅពេល១ថ្ងៃបន្ទាប់ពីក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧បានព្រមានប្រទេសចិនអំពី«សកម្មភាពយោធាវូបនីយកម្ម»របស់ប្រទេសនេះនៅក្នុងតំបន់។

លោក បៃដិន បានបន្ថែមថា ចិនកំពុងកសាងយោធារបស់ខ្លួន ហើយថានោះហើយគឺជាមូលហេតុដែលលោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនបានត្រៀមធ្វើពាណិជ្ជកម្មលើទំនិញមួយចំនួនជាមួយប្រទេសចិនទេ ហើយថា ឥឡូវអាមេរិកបានទទួលការប្តេជ្ញាចិត្តពីសម្ព័ន្ធមិត្តរបស់អាមេរិកទាំងអស់ថា ពួកគេក៏នឹងមិនធ្វើពាណិជ្ជកម្មជាមួយចិនដែរ គឺមិនផ្តល់សម្ភារៈប្រភេទនោះឱ្យចិនទេ។

លោកបានបន្ថែមថា ប៉ុន្តែនោះមិនមែនជាទង្វើអរិភាពទេ។ វាជាទង្វើដែលនិយាយថា ពួកគេនឹងធ្វើឱ្យប្រាកដថា ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែល៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រោងចក្រផលិតសំបកកង់រថយន្ដតម្លៃ៣០០លានដុល្លារធំមួយ គ្រោងប្រើវត្ថុប្រើវត្ថុធាតុដើមកៅស៊ូក្នុងស្រុក៥ពាន់តោនក្នុងមួយឆ្នាំ

ព័ត៌មាន
រោងចក្រផលិតសំបកកង់រថយន្ដធំមួយតម្លៃ ៣០០ លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបានបើកសម្ពោធដាក់ឲ្យដំណើរការហើយនៅថ្ងៃទី ២២ ខែឧសភា ឆ្…

រាជរដ្ឋាភិបាល ប្រកាសផ្ដល់គោលនយោបាយគាំពារបន្ថែមដល់កម្មការិនីដែលមានផ្ទៃពោះ ចាប់ពីពេលពរពោះ រហូតដល់កូនអាយុ២ឆ្នាំ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់គោលនយោបាយគាំពារបន្ថែមដល់កម្មការិនីមានផ្ទៃពោះបម្រើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដោយទទួលបានប្រាក់ឧបត្ថម្ភច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ