អត្ថបទក្រុមហ៊ុន

ធនាគារ ABA ចូលរួមគាំទ្រដល់គម្រោងមនុស្សធម៌ និងការអប់រំរបស់ TYDA និង AMT


ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​ សម្តេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សមាគម។
ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT)
ដោយ

តាមរយៈអនុស្សរណៈនេះ ABA បានផ្តល់វិភាគទានសប្បុរសធម៌ចំនួន 10 ម៉ឺនដុល្លារអាមេរិកដល់ TYDA សម្រាប់ការងារសំខាន់ៗក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់សហគមន៍ជនបទទូទាំងប្រទេស និង 10 ម៉ឺនដុល្លារអាមេរិកទៀតដល់ AMT សម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាតាមរយៈអាហារូបករណ៍ កម្មវិធីអប់រំ  និងគម្រោងជំនួយហិរញ្ញវត្ថុនានា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA និង AMT និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ដោយមានវត្តមានកិត្តិយសរបស់ លោកជំទាវ ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតនៅសណ្ឋាគារភ្នំពេញ។

ជំនួយហិរញ្ញវត្ថុនេះគឺជាផ្នែកមួយនៃការបន្តការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការរួមចំណែកជាវិជ្ជមានដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសសហគមន៍ដែលមានការខ្វះខាត ស្របតាមបេសកកម្ម គុណតម្លៃ និងគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ខ្លួន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA និង AMT បានមានប្រសាសន៍ថា៖ «តាងនាមឲ្យ TYDA និង AMT ខ្ញុំសូមថ្លែងអំណរគុណចំពោះធនាគារ ABA ដែលចុះអនុស្សារណៈយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមជាតិតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងផ្ដល់ឱកាសឱ្យសិស្ស និស្សិត អាហារូបករណ៍បានសិក្សារៀនសូត្រដើម្បីយកចំណេះដឹង ជំនាញកសាងអនាគតដ៏ត្រចះត្រចង់។»

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានមតិផងដែរថា៖ «សមាគម TYDA និង AMT បានសាងសមិទ្ធផលមនុស្សធម៌និងការអប់រំ តាមរយៈគម្រោងនានាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយយើងខ្ញុំនៅធនាគារ ABA ពិតជាមានសេចក្ដីសោមនស្សចំពោះកិច្ចខិតខំប្រឹងប្រែង និងឥទ្ធិពលជាវិជ្ជមានដែលសមាគមទាំងពីរបានលះបង់ជូនសហគមន៍កន្លងមក។ យើងខ្ញុំគាំទ្រយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រទេសជាតិ និងប្រជាជន។ ដូច្នេះ ការគាំទ្រដល់អង្គការសប្បុរសធម៌ដូចជា TYDA និង AMT គឺជាជម្រើសស្របតាមជំហររបស់យើងខ្ញុំ» ​

TYDA និង AMT ជាអង្គការសប្បុរសធម៌មិនរកប្រាក់កម្រៃត្រូវបានបង្កើតឡើង ក្នុងឆ្នាំ 2012 និង 2014 ដើម្បីតាមដានតម្រូវការផ្នែកវេជ្ជសាស្រ្តនៅក្នុងសហគមន៍ក្រីក្រក្នុងប្រទេសកម្ពុជា, សម្រាលបន្ទុកផ្នែកវេជ្ជសាស្ត្ររបស់ប្រជាជន, ផ្តល់អាហារូបករណ៍ដល់គ្រួសារក្រីក្រ និងអភិវឌ្ឍធនធានមនុស្ស។

ក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្មរបស់ប្រទេស ធនាគារ ABA តែងតែចូលរួមនៅក្នុងគំនិតផ្តួចផ្តើម និងគម្រោងនានាក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ អក្ខរកម្ម លទ្ធភាពមានការងារធ្វើ និងការគាំទ្រដល់យុវជនក្រីក្រ និងអ្នកជួបការលំបាកក្នុងសហគមន៍។ បន្ថែមពីនេះ ធនាគារបានបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិក ក្នុងខែមេសា ឆ្នាំ 2022 ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ 19។ សំណើសុំបរិច្ចាគនេះត្រូវបានពិចារណា និងទទួលបានការកោតសរសើរពីសម្តេចតេជោ ហ៊ុន សែន ដែលបានចេញលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាបន្ថយរយៈពេលធ្វើចត្តាឡីស័កមកនៅត្រឹម៧ថ្ងៃ សម្រាប់អ្នកដំណើរពីបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំង

ព័ត៌មាន
ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចំពោះ អ្នកដំណើរពីបរទេសដែលមិ…

ចំណូល៥៥០លានដុល្លារហូរចូលសេដ្ឋកិច្ច តាមរយៈការចំណាយរបស់ពលរដ្ឋលើដំណើរកម្សាន្ដបុណ្យចូលឆ្នាំ

ព័ត៌មាន
ក្រសួងទេសចរណ៍បានអះអាងថា អំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានប្រជាជនធ្វើដំណើរកម្សាន្ដជាង ៥លាននាក់ នៅទូទាំងប្រទេសនោះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ