ក្រុមហ៊ុនយក្សជប៉ុន Aeon

ក្រុមហ៊ុនយក្សជប៉ុន Aeon គ្រោងបង្កើតទីតាំងស្តុក និងដឹកជញ្ជូនទំនិញលក្ខណៈអន្តរជាតិនៅខេត្តព្រះសីហនុ


ក្រុមហ៊ុនអ្នកលក់រាយដ៏ធំរបស់ជប៉ុន Aeon មិនត្រឹមតែកំពុងពង្រីកការវិនិយោគផ្សារទំនើបជាច្រើនកន្លែងនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ ក្រុមហ៊ុននេះ ក៏មានមានគោលដៅនឹងផ្តល់ជូនសេវាកម្មដឹកជញ្ជូន និងចែកចាយជាអន្តរជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ។ សេវាកម្មថ្មីនេះត្រូវបានទាក់ទាញដោយការកើនឡើងនៃពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឆ្លងព្រំដែនរបស់តំបន់អាស៊ីអាគ្នេយ៍ ស្របពេលដែលក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយនេះ កំពុងប្រឹងប្រែងរកសេវាកម្មថ្មីៗ ដើម្បីជំរុញកំណើនពាណិជ្ជកម្មនៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ទិដ្ឋភាពទូទៅនៃការដើរទិញទំនិញនៅផ្សារទំនើបAeonនៅប្រទេសជប៉ុន

ផ្សារ​ទំនើប អ៊ី​អន​ម៉​ល (Aeon Mall) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Aeon គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន ទំហំ​ប្រហែល​៣​ម៉ឺន​ម៉ែត្រការ៉េ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្បែរ​កំពង់​ផែ ភាគ​ខាងត្បូង​នៃ​ខេត្ត​ព្រះ​សីហ​នុ​។ មជ្ឈមណ្ឌល​នេះ គ្រោង​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ​២០២៣ ដោយ​នឹង​ផ្តល់​ជូន​នូវ​ទីតាំង​ស្តុក​ទំនិញ​នាំ​ចូល សេវា​បង់ប្រាក់​គយ ព្រមទាំង​ជួយ​គាំទ្រ ដល់​ការ​លក់រាយ​តាម​អ៊ិ​ន​ធឺ​ណិ​ត​ឆ្លង​ព្រំដែន​ផង​ដែរ​។

បន្ថែម​ពីលើ​នេះ កម្ពុជា​ដែល​ជា​សមាជិក​មួយ​ដែរ នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ឬ​ហៅ​កាត់​ថា RCEP ក៏​កំពុង​មាន​គម្រោង​អភិវឌ្ឍន៍​ផ្នែក​ខ្លះ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ រួម​ទាំង​កំពង់​ផែ​ស្វយ័ត​ក្នុង​ព្រះ​សីហ​នុ​ផង​ដែរ ដើម្បី​បម្រើ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី ក្រោម​កិច្ចព្រមព្រៀង RCEP ក្រោយ​បាន​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​នេះ​។

គួរ​ជម្រាប​ថា គម្រោង​អភិវឌ្ឍន៍​នេះ​បាន​ទទួល​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ហៅ​កាត់​ថា JICA​។ ជាក់ស្តែង កាល​ពាក់កណ្តាល​ខែធ្នូ ឆ្នា​២០២១ កន្លង​ទៅ​នេះ​រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ផ្ដល់​ហិរញ្ញប្បទាន ឥត​សំណង​ចំនួន ១ ៥០០​លាន​យ៉េន ឬ​ស្មើនឹង​ប្រមាណ ១៤​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​កម្ពុជា សម្រាប់​អនុវត្ត គម្រោង​បំពាក់​គ្រឿងចក្រ លើកដាក់​ទំនិញ​ចល័ត នៅ​កំពង់​ផែ​ស្វយ័ត ក្រុងព្រះសីហនុ​។

សូម​ជម្រាប​ថា គម្រោង​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​នេះ​ផង​ដែរ ក៏​នឹង​ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ទីតាំង​ស្តុក​ទំនិញ​ដ៏​សំខាន់ និង​ដំបូង​គេ​របស់ Aeon នៅ​ក្នុង​តំបន់ ដែល​អនុញ្ញាត​ឲ្យ​អ្នក​នាំ​ចូល​ពី​ក្រៅប្រទេស អាច​ស្តុក​ទំនិញ​នៅ​ទី​នេះ​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​កាតព្វកិច្ច មុន​ពេល​ឆ្លងកាត់​និ​តិ​វិធី​របស់​អាជ្ញាធរ​គយ​។

ទីផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ​E-Commerce អន្តរជាតិ​នៅ​ក្នុង​តំបន់​ក៏​កំពុង​មានការ​ពង្រីក​កាន់តែ​ខ្លាំង​ឡើង​ដែរ​។ តួយ៉ាង ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​យក្ស​របស់​ចិន​គឺ Alibaba Group ក៏​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​មក​លើ​ទីផ្សារ​កម្ពុជា​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ក្រុមហ៊ុន​ធំ​ៗ​របស់​ជប៉ុន​ក៏​កំពុង​មាន​ផ្ដល់​សេវាកម្ម​ជា​ច្រើន​នៅ​កម្ពុជា​ដែរ​។

បន្ទាប់​ពី​កម្ពុជា ដែល​មាន​មជ្ឈមណ្ឌល និង​សេវាកម្ម​បែប​នេះ​ដំបូង​របស់ Aeon នៅ​ក្នុង​តំបន់ ក្រុមហ៊ុន​ជប៉ុន​នេះ គ្រោង​នឹង​ពង្រីក​សេវាកម្ម​ដូច​គ្នា​ទៅ​កាន់​ប្រទេស​២​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន ដូច​ជា ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត ឥណ្ឌូនេស៊ីនឹងធ្វើការសម្រេចចិត្តអំពីការបើកឲ្យមានការនាំចេញធ្យូងថ្មឡើងវិញឆាប់ៗនេះ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូនេស៊ី នៅថ្ងៃចន្ទទី ១០ មករានេះ បានអះអាងថា រដ្ឋាភិបាលសង្ឃឹមថា នឹងអាចសម្រេចឲ្យមានការនាំចេញធ្យូងថ្មឡើងវិញ នៅក្នុងប៉…

ចលនាធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិរបស់ចិននឹងងើបឡើងវិញនៅឆ្នាំ២០២៣-២០២៥

ព័ត៌មាន
និយ័តករអាកាសចរណ៍របស់ប្រទេសចិនកាលពីពេលថ្មីៗនេះបាននិយាយថា ប្រទេសចិននឹងផ្តោតលើការពង្រីកជើងហោះហើរក្នុងស្រុក និងការស្ដារឡើងវិញនូវបរិយាកាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ