EBA - កម្ពុជា

សម្ដេច ហ៊ុន សែន៖ ទោះកម្ពុជាអាចនឹងបាត់បង់ EBA ទាំងស្រុងក៏មិនធ្វើឲ្យកម្មករ-កម្មារិនី រោងចក្រកាត់ដេររងគ្រោះដែរ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីទៀត ដោយបន្តអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី កុំឲ្យមានការព្រួយបារម្ភចំពោះ បញ្ហានៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលកម្ពុជាអាចនឹងបាត់បង់ទាំងស្រុងនៅឆ្នាំ២០២៧ ខាងមុខ ក្រោយពេលកម្ពុជាឆ្លងផុតពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច។
«ទោះកម្ពុជាអាចនឹងបាត់បង់ EBA ទាំងស្រុងក៏មិនធ្វើឲ្យកម្មករ-កម្មារិនី រោងចក្រកាត់ដេររងគ្រោះដែរ»

បើតាមការអះអាង​របស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ទោះបីថា កន្លងមក​កម្ពុជា​មានការបាត់បង់នូវការអនុគ្រោះពន្ធ ប្រមាណ ២០% នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ ប៉ុន្ដែ បញ្ហានេះ វាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ​មកលើសេដ្ឋកិច្ច​កម្ពុជា​នោះទេ ពោលគឺការនាំចេញ​របស់​កម្ពុជា​ទៅកាន់សហភាពអឺរ៉ុប នៅតែមានកំណើនរឹងមាំ។

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ មិនយូរនោះទេប្រព័ន្ធអនុគ្រោះពន្ធ EBA របស់កម្ពុជានឹងត្រូវបាត់បង់ទាំងស្រុង ប៉ុន្តែ សម្រាប់កម្ពុជា បញ្ហានេះមិនមានផលពាល់ធ្ងន់ធ្ងរនោះទេ ព្រោះកម្ពុជា​មិនពឹងផ្អែកទាំងស្រុងលើប្រទេសដទៃ ដើម្បីបន្តដង្ហើមសម្រាប់រស់នោះទេ។ បន្ថែមលើនេះ សម្ដេចក៏បានបញ្ជាក់ច្បាស់ៗទៀតថា រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់បានរងគ្រោះដោយសារ ការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ឬ GSP របស់សហរដ្ឋអាមេរិកនោះឡើយ ហើយសម្ដេចលើកឡើងថា ការមិនពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពន្ធ គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គួរត្រូវបានដកចេញពីកម្ពុជាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ពោលគឺបន្ទាប់ពីកម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដ្បិតប្រព័ន្ធនេះផ្តល់ឲ្យតែប្រទេសក្រីក្រប៉ុណ្ណោះ។ យ៉ាងណាមិញ ទាំងមន្ត្រីរាជរដ្ឋាភិបាល និងអ្នកជំនាញសុទ្ធតែបានអះអាងថា ការព្យួរ EBA ពីកម្ពុជា ២០% កន្លងមកមិនបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញផលិតផលរបស់កម្ពុជានោះទេ ហើយពួកគេមានសុទិដ្ឋិនិយមថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនឹងនៅតែមានភាពធន់ បើទោះបីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង នៅប៉ុន្មានឆ្នាំខាងមុខនេះក៏ដោយ។

គួរបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP គឺជាប្រព័ន្ធអនុគ្រោះពន្ធមួយ ដែលប្រទេសមានសេដ្ឋកិច្ចជឿនលឿនផ្តល់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រសំដៅជួយលើការធ្វើពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌសិទ្ធិមនុស្ស និងសិទ្ធិការងារមួយចំនួនផងដែរ។ ជាគោលការណ៍ប្រព័ន្ធអនុគ្រោះពន្ធទាំងនេះ នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ នៅពេលប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្របានចាកចេញពីប្រទេសមានចំណូលកម្រិតទាប ឬក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ស្នើដល់ម្ចាស់បុរីទាំងអស់បញ្ឈប់សកម្មភាពរឹបអូសផ្ទះពីអតិថិជនដែលអស់លទ្ធភាពបង់

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើដល់ម្ចាស់បុរីទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរឹបអូសផ្ទះពីអតិថិជនដែលគ្មានលទ្ធភាពបន្ដក…

មានហេតុផលអ្វីខ្លះ ជំរុញឲ្យរាជរដ្ឋាភិបាល លើកលែងពន្ធលើអចលនទ្រព្យនៅក្រុងទើបបង្កើតថ្មីចំនួន៤ ?

ព័ត៌មាន
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធលើអចលនទ្រព្យក្នុងក្រុង ដែលទើបបង្កើតថ្មីចំនួន៤ រួមមានក្រុងឧដុង្គម៉ែជ័យ ក្រុងសំពៅពូន ក្រុងអរិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ