សាច់បង្កក

អាជ្ញាធររឹបអូសសាច់បង្កកចម្រុះខូចគុណភាពបានជិត២ពាន់តោននៅឆ្នាំនេះ ខណៈគយប្តេជ្ញាប្រឹងទប់ស្កាត់ការនាំចូល


នៅពេញមួយឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោន មានការកើនឡើង៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សាច់បង្កកខូចគុណភាពទាំងនេះ មួយចំនួន ត្រូវបាននាំចូលតាមច្រករបៀងពីប្រទេសជិតខាង និងមួយចំនួននាំចូលដោយគ្មានការបញ្ជាក់ពីគុណភាព និងការត្រួតពិនិត្យពីស្ថាប័នមានសមត្ថកិច្ច។
សាច់បង្កក
ដោយ

លំហូរចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់ទាំងនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វប៉ុណ្ណោះទេ ថែមទាំងអាចបង្កជាជំងឺឆ្លងដល់សត្វ និងអ្នកបរិភោគ និងប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្ម។ យ៉ាងណាមិញ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានគូសបញ្ជាក់ថា ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា មិនអាចបិទការនាំចូលសាច់បង្កកទាំងស្រុងពីប្រទេសផ្សេងៗបាននោះទេ តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះប្តេជ្ញាថា ខ្លួននឹងបន្តសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ខិតខំទប់ស្កាត់ និងបង្ក្រាបករណីនាំចូលសាច់បង្កកខុសច្បាប់ និងខូចគុណភាពឱ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាពបន្ថែមទៀត។

យ៉ាងហោចណាស់មានសាច់បង្កកចម្រុះខូចគុណភាព ផ្ទុកសារធាតុគីមី និងមេរោគចម្លាង និងនាំចូលដោយខុសច្បាប់ជិត២ពាន់តោន ត្រូវបានមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រឹបអូសបានយកទៅកំទេចចោលនៅពេញមួយឆ្នាំ២០២៣។ បរិមាណនេះមានការកើនឡើងប្រមាណ៤% បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលបានបន្ថែមថា សាច់បង្កកចម្រុះខូចគុណភាព និងខុសច្បាប់ទាំងនេះមួយចំនួន ត្រូវបានហូរចូលតាមច្រករបៀងតាមប្រទេសជិតខាង និងមួយចំនួនត្រូវបាននាំចូលគ្មានឯកសារបញ្ជាក់ពីគុណភាព និងការត្រួតពិនិត្យពីអាជ្ញាធរមានសមត្ថកិច្ច។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ នៅក្នុងរយៈពេលជាង១ខែ ក្រោយមានការបញ្ជាពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិការវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជនលើកទី១៩ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. រឹបអូសសាច់បង្កកចម្រុះខូចគុណភាពបានជិត១៧តោន យកទៅកម្ទេចចោល។ សម្រាប់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប ការហូរចូលសាច់បង្កកចម្រុះខុសច្បាប់ និងខូចគុណភាពចូលមកទីផ្សារកម្ពុជា ហើយត្រូវបានចរាចរដាក់លក់នៅលើទីផ្សារយ៉ាងអនាធិបតេយ្យនេះ វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មផងដែរ។

ពាក់ព័ន្ធបញ្ហារឿងសាច់បង្កកនេះដែរ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានគូសបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមិនអាចបិទការនាំចូលសាច់បង្កកពីប្រទេសផ្សេងៗបាន​ទេ ដោយ​សារនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារទំនើបៗមួយចំនួនមានតម្រូវការប្រភេទសាច់ ដែលកម្ពុជាមិនទាន់អាចផលិតបាន។ ម្យ៉ាងទៀត កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗ ដោយក្រោមក្របខណ្ឌនេះ មានការបើកចំហរយ៉ាងទូលំទូលាយលើការនាំចេញ និងនាំចូលទំនិញដោយរួចពន្ធរវាងប្រទេសកម្ពុជាជាមួយប្រទេសជាដៃគូ។

តែយ៉ាងណាឯកឧត្តម គុណ ញឹម ប្តេជ្ញាថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករនឹងបន្តសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខិតខំទប់ស្កាត់ និងបង្ក្រាបការនាំចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់ចូលមកទីផ្សារកម្ពុជាឱ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាពបន្ថែមទៀត សំដៅជួយការពារផលប្រយោជន៍ និងសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិ។

ការហូរចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់ចូលមកទីផ្សារកម្ពុជាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគប៉ុណ្ណោះទេ តែបញ្ហានេះក៏កំពុងបង្កជាក្តីបារម្ភដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជាផងដែរ។ បើតាមការអះអាងរបស់លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ការហូរចូលសាច់បង្កកខុសច្បាប់ និងខូចគុណភាពបានទាញទម្លាក់តម្លៃសត្វរស់ក្នុងស្រុកឱ្យដាំក្បាលចុះយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ។ ហើយបញ្ហានេះ មិនត្រឹមតែធ្វើឱ្យកសិករមួយចំនួនប្រឈមនឹងការខាតបង់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យកសិករមួយចំនួនត្រូវបង្ខំចិត្តបោះបង់ការចិញ្ចឹម និងមួយចំនួនទៀតក្ស័យធន។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំសមាគមរូបនេះ បើបញ្ហានេះនៅតែបន្តអូសបន្លាយ និងគ្មានដំណោះស្រាយទេ នោះអ្នកចិញ្ចឹមសត្វនៅកម្ពុជាអាចប្រឈមនឹងការខាតបង់ និងក្ស័យធនកាន់តែច្រើនបន្ថែមទៀត។ យ៉ាងណាក៏ដោយថ្នាក់ដឹកនាំរូបនេះស្នើឱ្យមានការផ្អាកការនាំចូលសាច់បង្កកបណ្តោះអាសន្នពី៣ខែទៅ៦ខែ ដើម្បីស្តារស្ថានការណ៍ដ៏លំបាកមួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការអនុវត្តស្ដង់ដារអន្តរជាតិ ឬ ISO ចូលរួមចំណែកសំខាន់អ្វីខ្លះសម្រាប់ខ្សែចង្វាក់ផលិតកម្មធំៗ?

ព័ត៌មាន
ការអនុវត្តស្ដង់ដារអន្តរជាតិ ឬ ISO កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីសំណាក់ក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក ប៉ុន្ដែ សម្រាប់នៅកម្ពុជា ការ…

ផ្សារមូលបត្រកម្ពុជាកៀរគរទុនវិនិយោគបានជិត៣៦០លានដុល្លារ ក្រោយមានក្រុមហ៊ុនចំនួន២២បានចុះបញ្ជី

ព័ត៌មាន
ទោះបីវិបត្តិសេដ្ឋកិច្ចសកលបានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជាក៏ពិតមែន ប៉ុន្តែសម្រាប់វិស័យមូលបត្រកម្ពុជានៅតែបន្តដំណើរការយ៉ាងសកម្មជាមួយកំណើនក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ