ផ្សារ​ទំនើប

ផ្សារ Makro គ្រោង​ពង្រីក​៩​សាខា​នៅ​កម្ពុជា ខណៈ​សាខា​ទី១​សង់​រួច​នៅ​ចុង​ខែ​តុលា​ឆ្នាំនេះ


តំណាង​ផ្សារ​លក់​ទំនិញ​បោះដុំ Makro នៅ​កម្ពុជា បាន​អះអាង​ប្រាប់ ខេមបូណូមីស ថា ចុង​ខែ​តុលា​ខាង​មុខ​នេះ អគារ​ផ្សារ Makro នឹង​ត្រូវ​​សាងសង់​រួចរាល់ និង​​អនុញ្ញាត​ឲ្យ​បុគ្គលិក​ចូល​ធ្វើការ​នៅ​ទីនោះ ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​ត្រៀម​ពង្រីក​សាខា​ទី​២​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ និង​គ្រោង​ពង្រីក​បន្ថែម​សាខា​ឲ្យ​បាន​ដល់​៩​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
ផ្សារ​លក់​បោះដុំ​ទំនិញ​ Makro ដ៏​ធំ​បំផុត​នៅ​ថៃ នឹង​សាងសង់​សាខា​នៅ​ភ្នំពេញ ថ្ងៃទី២៩ ឧសភា ២០១៧។ រូបភាព៖ udon-news.com
ដោយ

ហាក់​ដូចជា​លឿន​មុន​ការ​រំពឹង​ទុក ផ្សារ Makro ដែល​ទើប​តែ​បើក​សម្ពោធ​សាងសង់​កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​នេះ គ្រោង​នឹង​បញ្ចប់​រួច​រាល់ និង​បើក​ដំណើរការ​លក់​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ​ហើយ ខណៈ​ដែល​បច្ចុប្បន្ន​ ក្រុមហ៊ុន​នេះ​បាន​និង​កំពុង​ជ្រើសរើស​បុគ្គលិក​ជា​ច្រើន​រយ​នាក់​ផង​ដែរ។ 

នាយក​គ្រប់គ្រង​ទូទៅ​ផ្សារ​លក់​ទំនិញ​បោះ​ដុំ​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ផ្សារ​នេះ​សាងសង់​រួច​រាល់​ជា​ស្ថាពរ នឹង​ផ្ដល់​ឱកាស​ការងារ​ជាង​២៧០​កន្លែង​សម្រាប់​ប្រជាជន​កម្ពុជា ស្របពេល​ដែល​បច្ចុប្បន្ន​មាន​បុគ្គលិក​ប្រមាណ​១៥០​នាក់ កំពុង​​បម្រើការ​និង​ត្រូវ​បាន​បំពាក់​បំប៉ន​សមត្ថភាព។ ក្នុង​នោះ ក្រុមហ៊ុន​ផ្សារ Makro ក៏​ត្រៀមបញ្ជូន​បុគ្គលិក​ប្រមាណ​ជាង​១០០​នាក់ ទៅ​ទទួល​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​នៅប្រទេស​ថៃ​ផង​ដែរ ដោយ​ភាគ​ច្រើន​ជា​បុគ្គលិក​ផ្នែក​លក់​និង​ប្រតិបត្តិការ។

នាយក​គ្រប់គ្រង​ទូទៅ​ផ្សារ Makro លោក ថាណាភុប ប្រាកខនសុង បាន​លើក​ឡើង​ថា គិត​មក​ទល់​ពេល​នេះ ផ្សារ Makro បាន​សាងសង់​រួច​រាល់​ប្រមាណ​៧០%​ហើយ។ លោក​បន្ដ​ទៀត​ថា ក្រោយ​ពី​គម្រោង​ទី១​នេះ​បាន​បញ្ចប់​ទៅ ក្រុមហ៊ុន​ផ្សារ Makro ក៏​គ្រោង​នឹង​ពង្រីក​គម្រោង​ទី២​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ និង​គ្រោង​ពង្រីក​សាខា​បន្ថែម​ទៀត​ឲ្យ​បាន​ដល់​៩​សាខា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត។

លោក ថាណាភុប ប្រាកខនសុង នាយក​គ្រប់គ្រង​ទូទៅ​ផ្សារ Makro ប្រចាំ​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ​ចុះ លោក ថាណាភុប មិន​បាន​បញ្ជាក់​ថា គម្រោង​ទី២​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​នោះ​ទេ ដោយ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​លើ​ទីតាំង ប៉ុន្ដែ លោក​ថា គម្រោង​ថ្មីៗ​ក្រោយ​នេះ ក៏​មាន​ទំហំ និង​ទីតាំង​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ពី​គម្រោង​ទី១​ដែរ។

លោក​បាន​គូស​បញ្ជាក់​ទៀត​ថា លោក​មិន​មាន​គម្រោង​ពង្រីក​សាខា​តូចៗ ដូចជា ផ្សារ​ទំនើប​មួយ​ចំនួន​នោះ​ទេ ព្រោះ ការ​លក់​របស់​ផ្សារ Makro ជា​ការ​លក់​បោះ​ដុំ និង​មិន​មាន​ការ​ជួល​តូប​បន្ដ​ទៅ​ឲ្យ​អាជីវករ​នោះ​ដែរ។

ផ្សារ Makro នេះ សាងសង់​លើ​ផ្ទៃ​ដី​សរុប ៥​ហិកតា ក្នុង​នោះ មាន​១​ម៉ឺន​ម៉ែត្រ​ការ៉េ គឺ​ជា​ទីតាំង​សំខាន់​សម្រាប់​ការ​លក់​ទំនិញ​ប្រកប​ដោយ​ផាសុកភាព ព្រមជាមួយ​នឹង​ចំណត​យានយន្ដ​ជាង​៥០០​គ្រឿង​ផង​ដែរ។ 

សូម​ជម្រាប​ដែរ​ថា ផ្សារ Makro គឺ​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក អិលវ៉ាយភី គ្រុប ជាមួយ​នឹង​ក្រុមហ៊ុនរបស់ ស៊ីភី គ្រុប របស់ថៃ ហើយ​បើ​តាម​ការ​អះអាង​ពី​នាយក​គ្រប់គ្រង​ទូទៅ​ផ្សារ​មួយ​នេះ ក្រៅពី​មាន​លក់​ទំនិញ​បោះដុំ ក៏​អាច​នឹង​មាន​ហាង​លក់ និង​ផ្ដល់​សេវា​កម្ម​ប្រមាណ​តែ​៥​កន្លែង​ប៉ុណ្ណោះ ដែល​មា​ននៅ​ក្នុង​ផ្សារ​នេះ ដែល​អាជីវកម្ម​ទាំង​នោះ​គឺ​ជា​ដៃគូ និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ស៊ីភី គ្រុប ដូចជា ហាង​កាហ្វេ មាន់​បំពង 5ស្ដារ របស់​ក្រុមហ៊ុន ស៊ីភី និង​ភ្នាក់ងារ​វេរលុយ ទ្រូម៉ានី ជា​ដើម។

ផ្សារ​ទំនើប Makro នេះ សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង ៥​ហិកតា ដែល​មាន​កម្ពស់​២​ជាន់ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​ពោងពាយ​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ នៅ​ក្បែរ​គ្នា​នឹង ផ្សារ​ទំនើប AEON ទី២ របស់​ជប៉ុន​ដែល​កំពុង​សាងសង់​ផង​ដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដើម្បីក្លាយជាសហគ្រិនជោគជ័យ ដំបូង អ្នកត្រូវចេះច្បាស់ជំនាញមូលដ្ឋានមួយសិន!

ព័ត៌មាន
សហគ្រិន​ដែល​ជោគជ័យ​គ្រប់​គ្នា​ត្រូវការ​ជំនាញ​រាប់​មិន​អស់​ រាប់​ចាប់​តាំង​ពី​ការ​ច្នៃ​ប្រឌិត​ក្នុង​ការ​រៀបចំ​​តាក់តែង​​គម្រោង រហូត​ទ…

មហាសេដ្ឋី​ខ្មែរ​គ្រាក់ៗ​ទៅចូលរួម​ពិធី​ខួប​កំណើត​ឧកញ៉ា​ គិត ម៉េង ដល់​អូស្ត្រាលី!

ព័ត៌មាន
នេះ​អាច​ចាត់ទុក​ជា​ឱកាស​កម្រ​មួយ​ដែល​សាធារណជន​មិន​ងាយ​នឹង​បាន​ឃើញ គឺ​មហាសេដ្ឋី​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​របស់​កម្ពុជា គឺ​អ្នក​ឧកញ៉ា គិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ