ប្លុកប្រទេស BRICS

រុស្ស៊ី អះអាងថា ប្រទេស៣០ទៀត ត្រៀមចូលរួមជាមួយប្លុកប្រទេស BRICS នៅឆ្នាំនេះ


ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បួង ទើបតែបានដាក់បញ្ចូលសមាជិកថ្មីចំនួន៥ប្រទេសរួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អ៊ីរ៉ង់ និងអេត្យូពី កាលពីពេលថ្មីៗ ហើយពេលនេះរុស្ស៊ីអះអាងថា ប្រទេសចំនួន៣០ទៀត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយប្លុកប្រទេស BRICS ក្នុងឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន វ៉ចឆ័រ ហ្គូរូ (Watcher Guru)។
ប្លុកប្រទេស BRICS
ដោយ

ប្លុកប្រទេស BRICS ដែលត្រូវបានគេមើលឃើញថា ជាគូប្រកួតប្រជែងដ៏ធំរបស់ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក មានសមាជិកកើនដល់១០ប្រទេសហើយនៅពេលនេះ ហើយប្លុកនេះនឹងមានសមាជិកកើនដល់៤០ប្រទេសនៅក្នុងឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះ។

ការដាក់បញ្ចូលសមាជិកជុំថ្មីនេះ ទំនងជានឹងធ្វើឡើងក្នុងកិច្ចប្រជុំកំពូលបន្ទាប់របស់ប្លុកប្រទេស BRICS នៅខែតុលា ឆ្នាំ២០២៤ ក្នុងតំបន់កាហ្សាន (Kazan) ប្រទេសរុស្ស៊ី។ ទន្ទឹមនេះ អាហ្សង់ទីន ជាប្រទេសតែមួយគត់ ដែលបានបដិសេធមិនចូលរួមជាមួយប្លុកប្រទេស BRICS ទោះជាទទួលបានការអញ្ជើញកាលពីខែសីហា ឆ្នាំមុនក៏ដោយ។

ប្រសិនបើប្លុកប្រទេស BRICS មានសមាជិកកើនឡើងដល់៤០ប្រទេស ដូចការអះអាងមែននោះ ប្លុកនេះនឹងមានឥទ្ធិពលខ្លាំងមិនធម្មតា ដែលមិនអាចមើលស្រាលបានឡើយទាំងផ្នែកហិរញ្ញវត្ថុ និងទំហំផលិតផលក្នុងស្រុកសរុប (GDP) ហើយអាចប្រកួតប្រជែងបានជាមួយរូបិយប័ណ្ណដុល្លារអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត។

លោក វ៉្លាឌីមៀ ពូទីន គ្រាន់តែបានអះអាងថា ប្រទេសចំនួន៣០ទៀត បានដាក់ពាក្យជាផ្លូវការសុំចូលរួមជាមួយប្លុកប្រទេស BRICS ក្នុងឆ្នាំ២០២៤ ប៉ុន្តែលោកមិនបានបញ្ជាក់ឈ្មោះប្រទេសទាំងនោះទេ។

ចាប់ពីឆ្នាំ២០២៥ ទៅមុខ ប្លុកប្រទេស BRICS អាចនឹងបង្កបញ្ហាប្រឈមដ៏ធំដល់រូបិយប័ណ្ណដុល្លារអាម៉េរិក ខណៈប្លុកនេះកំពុងពន្លឿនបេសកកម្មធ្វើបដិដុល្លារនីយកម្ម (De-dollarization) ឬការឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម៉េរិកនៅក្នុងការទូទាត់ពាណិជ្ជកម្មទូទាំងពិភពលោក ហើយនឹងគាស់រម្លើងអនុត្តរភាព ឬអានុភាពលើសលប់ផ្នែកហិរញ្ញវត្ថុរបស់លោកខាងលិច។ ដូច្នេះ ថាតើ ប្លុកប្រទេស BRICS នឹងអាចផ្តួលរំលំ ឬធ្វើឱ្យរូបិយប័ណ្ណដុល្លារអាម៉េរិកធ្លាក់ចុះខ្សោយឥទ្ធិពលនៅប៉ុន្មានឆ្នាំខាងមុខបានឬយ៉ាងណានោះ គឺមានតែពេលវេលាទេដែលអាចបញ្ជាក់ការពិត៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់អាស៊ីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិកបាន ប៉ុន្តែវានឹងមិនងាយស្រួលឡើយ

ព័ត៌មាន
ស្របពេលតម្លៃប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងជាបន្តបន្ទាប់នៅ៣ឆ្នាំចុងក្រោយនេះ ដែលបានជំរុញឱ្យសម្ពាធអតិផរណាកើនឡើង និងជំរុញរំហូរមូលធនចេញពីត…

រឿងគ្រឿងស្រវឹង! ក្រសួងព័ត៌មានហាមផ្សាយក្នុងរូបភាពអូសទាញហួសហេតុ ខណៈក្រសួងសុខាភិបាលបង្ហាញពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រាប់ឱ្យអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ