ទីផ្សាររថយន្ត

ទីបំផុតក្រុមហ៊ុនចិន BYD វ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូល


វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលទីបំផុតក្រុមហ៊ុនយក្សចិន BYD បានវ៉ាដាច់ក្រុមហ៊ុនយក្សអាម៉េរិក Tesla របស់កំពូលមហាសេដ្ឋី Elon Musk ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) កំពូលរបស់ពិភពលោក។ នេះបើយោងតាមតួលេខលក់ចេញកាលពីថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។
ទីផ្សាររថយន្ត
ដោយ

ទិន្នន័យក្រុមហ៊ុនបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត Tesla ដែលមានការិយាល័យកណ្ដាលនៅរដ្ឋតិចសាស សហរដ្ឋអាម៉េរិកលក់ចេញរថយន្តបានចំនួនជាង៤៨ម៉ឺនគ្រឿង ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ដោយកើនឡើងជាង១១% បើធៀបនឹងតួលេខក្នុងត្រីមាសទី៣។

ទោះជាយ៉ាងណា ការកើនឡើងនេះមិនទាន់គ្រប់គ្រាន់សម្រាប់រក្សាតំណែងជើងឯករបស់ Tesla ក្នុងនាមជាក្រុមហ៊ុនផលិត និងលក់រថយន្តអគ្គិសនី (EV) កំពូលរបស់ពិភពលោកនៅឡើយទេ បើទោះបីក្រុមហ៊ុនយក្សចិន BYD ដែលជាគូប្រជែងជើងខ្លាំងលក់ចេញរថយន្តក្នុងរយៈពេលដូចគ្នាបានច្រើនជាងរហូតដល់ជិត៥២ម៉ឺនគ្រឿងក៏ដោយ។

តួលេខទាំងនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈម ដែលក្រុមហ៊ុន Tesla ទំនងជានឹងជួបប្រទះនៅក្នុងឆ្នាំ២០២៤ នេះ ខណៈបណ្ដាក្រុមហ៊ុនប្រកួតប្រជែងធំៗដូច BYD ជាដើមកំពុងសម្លឹងដណ្ដើមចំណែកទីផ្សាររថយន្តអគ្គិសនី (EV) ដែលកំពុងតែមានការពេញនិយម និងតម្រូវការកើនឡើងខ្លាំង។

ប៉ុន្តែ Tesla នៅតែជាក្រុមហ៊ុនលក់រថយន្តអគ្គិសនី (EV) កំពូលដដែលបើផ្អែកលើមូលដ្ឋានលក់ប្រចាំឆ្នាំ ដោយប្រគល់រថយន្តជូនអតិថិជនបានចំនួនជាង១លាន៨សែនគ្រឿង ក្នុងឆ្នាំ២០២៣ ទាំងមូល បើធៀបនឹងតួលេខលក់ចេញប្រចាំឆ្នាំរបស់ក្រុមហ៊ុន BYD ដែលមានចំនួនត្រឹមក្រោម១,៦លានគ្រឿង។

ក្រុមហ៊ុន BYD Company Limited គឺជាសហគ្រាសចម្រុះខ្នាតយក្សដែលមានការិយាល័យកណ្ដាលនៅទីក្រុងស៊ិនជិន (Shenzhen) ខេត្តគ័ងតុង ឬក្វាងទុង (Guangdong) ប្រទេសចិន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយលោក វ៉ាង ឈាន់ហ្វូ (Wang Chuanfu) នៅខែកុម្ភៈ ឆ្នាំ១៩៩៥។

ក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធធំៗជាច្រើនរួមមានក្រុមហ៊ុន BYD Auto ដែលផលិតរថយន្ត ក្រុមហ៊ុន BYD Electronic ដែលផលិតគ្រឿងអេឡិចត្រូនិចដូចជាគ្រឿងទូរស័ព្ទជាដើម និងក្រុមហ៊ុន FinDreams ដែលផលិតគ្រឿងបង្គុំរថយន្ត៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត ត្រូវបានព្យាករថា នឹងសម្រេចបានកំណើន GDP ៤,៤%ក្នុងឆ្នាំ២០២៤

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសស្ដេចប្រេងដ៏ធំរបស់ពិភពលោកត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់៤,៤%នៅឆ្នាំ២០២៤ នេះ…

តើកត្តាអ្វីខ្លះដែលអាចជាឧបសគ្គរារាំងកំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ក្នុងឆ្នាំថ្មី២០២៤ នេះ?

ព័ត៌មាន
ប្រទេសម៉ាឡេស៊ី ដែលជាសមាជិកមួយរបស់អាស៊ាន ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចកាន់តែរឹងមាំក្នុងអត្រាចន្លោះពី៤%ទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ