ទីផ្សាររថយន្ត

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនរថយន្តដ៏ល្បីល្បាញ Tesla លក់បញ្ចុះតម្លៃនៅតាមទីផ្សារសំខាន់ៗ?


ក្រុមហ៊ុនរថយន្តថេស្លា (Tesla) របស់សហរដ្ឋអាម៉េរិក បានកាត់បន្ថយតម្លៃលក់របស់ខ្លួនម្តងទៀតនៅតាមទីផ្សារធំៗមួយចំនួន រួមទាំងទីផ្សារសហរដ្ឋអាម៉េរិក ចិន និងអាល្លឺម៉ង់ជាដើម ក្រោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់មហាសេដ្ឋីលោក អេឡុន ម៉ាស (Elon Musk) មួយនេះ កំពុងប្រឈមនឹងបញ្ហាធ្លាក់ចុះបរិមាណលក់យ៉ាងខ្លាំងនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC News។
ទីផ្សាររថយន្ត
ដោយ

ស្របពេលសង្គ្រាមតម្លៃកំពុងឆាបឆេះខ្លាំងឡើងរវាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ជាពិសេសដោយសារតែមានការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនចិននោះ ក្រុមហ៊ុនថេស្លារបស់មហាសេដ្ឋី អេឡុន ម៉ាស បានសម្រេចកាត់បន្ថយតម្លៃលក់រថយន្តរបស់ខ្លួនម្ដងទៀត គួបផ្សំការធ្លាក់ចុះយ៉ាងខ្លាំងនូវការចែកចាយរថយន្តរបស់ខ្លួននៅទូទាំងពិភពលោកនៅក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។

ស្ថាបនិកក្រុមហ៊ុនថេស្លា លោក អេឡុន ម៉ាស បានបង្ហោះសារនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកកាលពីពេលថ្មីៗថា តម្លៃរថយន្តថេស្លា ត្រូវតែផ្លាស់ប្តូរឱ្យបានញឹកញាប់បន្តិច ដើម្បីធ្វើឱ្យផលិតកម្ម​របស់ខ្លួនដើរស្របនឹងតម្រូវការទីផ្សារ។

នៅក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុនថេស្លា បានកាត់បន្ថយតម្លៃជិត២ពាន់ដុល្លារអាម៉េរិក មកនៅត្រឹមតម្លៃជាង៣ម៉ឺន២ពាន់ដុល្លារ សម្រាប់រថយន្ត Model 3។ ចំណែកតម្លៃរថយន្ត Model Y រថយន្ត Model X និងរថយន្ត Model S នៅទីផ្សារសហរដ្ឋអាម៉េ​រិកវិញ បានកាត់បន្ថយចំនួន២ពាន់ដុល្លារកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ជាមួយគ្នានេះ ក្រុមហ៊ុនថេស្លា ក៏មានការលក់បញ្ចុះតម្លៃផងដែរនៅក្នុងទីផ្សារនៅប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក។

ក្រុមហ៊ុនថេស្លា បានបង្កឱ្យមានសង្រ្គាមតម្លៃរថយន្តអគ្គិសនី កាលពីជាងមួយឆ្នាំមុនដោយក្រុមហ៊ុននេះបានកាត់បន្ថយតម្លៃយ៉ាងចាស់ដៃ ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនចិន ជាគូប្រជែងរបស់ខ្លួនដូចជាក្រុមហ៊ុនរថយន្ត BYD ក្រុមហ៊ុន Nio និងក្រុមហ៊ុន​ Xiaomi​ ដែលទើបបានចាប់ផ្ដើមផលិតរថយន្តអគ្គិសនីលើកដំបូងរបស់ខ្លួនកាលពីខែមុន។

កាលពីសប្ដាហ៍មុន ក្រុមហ៊ុនថេស្លា ក៏បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកជាង១០% នៅតាមរោងចក្រនៅជុំវិញពិភពលោកផងដែរ ហើយលោក ម៉ាស បាននិយាយថា លោកនឹងពន្យារពេលធ្វើដំណើរទៅប្រទេសឥណ្ឌា ដើម្បីជួបជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី តាមការគ្រោងទុកមួយដោយសារតែលោកមានកាតព្វកិច្ចត្រូវធ្វើជាច្រើននៅក្រុមហ៊ុនថេស្លារបស់លោក៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេ តែអាម៉េរិកជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា

ព័ត៌មាន
ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកាត់សម្គាល់នៅត្រីមាសទី១ដើមឆ្នាំ២០២៤នេះ។ ក្នុងចំណោមដៃគ…

ក្រុមហ៊ុន Vietjet ជំរុញការតភ្ជាប់ទៅកាន់ទីក្រុងសេអ៊ូល និងតៃប៉ិពីកោះភូកុក

ព័ត៌មាន
ក្រុមហ៊ុន Vietjet បង្ហាញជម្រើសនៃការធ្វើដំណើរដ៏ស្រស់បំព្រង ជាមួយនឹងការកើនឡើងនូវប្រេកង់នៅលើផ្លូវហោះហើរត្រង់ពីកោះឋានសួគ៌ភូកុកទៅកាន់ទីក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ