វិស័យកសិកម្ម

កម្ពុជាដាក់គោលដៅកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន១៥% នៃផលិតផលស្វាយចន្ទីសរុបនៅឆ្នាំ២០២៤


ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា កន្លងមកការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានរហូតប្រមាណ៩៥% ខណៈគ្រាប់ស្វាយចន្ទីដែលត្រូវបានកែច្នៃក្នុងស្រុកមានតែ៥% ប៉ុណ្ណោះ។
វិស័យកសិកម្ម
ដោយ

ការហូរចេញគ្រាប់ស្វាយចន្ទីឆៅយ៉ាងគំហុគទៅកាន់ទីផ្សារខាងក្រៅនេះ បានធ្វើឲ្យឈ្មួញកណ្ដាល ឬជនខិលខូចមួយចំនួន ឆ្លៀតឱកាសក្រឡុកទីផ្សារក្នុងស្រុក និងអាចបណ្ដាលឲ្យប្រជាកសិករខាតដើមទុន ដែលឈានដល់ការបោះបង់ចោលមុខរបរនេះ។

ប៉ុន្តែ បើទោះជាបែបនេះក្ដីនៅមួយរយៈចុងក្រោយនេះ មានក្រុមវិនិយោគិនបរទេសកាន់តែច្រើនបានបង្ហាញការចាប់អារម្មណ៍វិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាគួរឲ្យកត់សម្គាល់។ តាមរយៈកំណើននៃវត្តមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកជាបន្តបន្ទាប់នេះ វានឹងក្លាយជាផ្នែកមួយបន្ថែមទៀតក្នុងការជួយជំរុញ និងលើកកម្ពស់ផលិតកម្មគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

នៅក្នុងបទសម្ភាស​ជាមួយសារព័ត៌មានខេមបូណូមីស លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា បច្ចុប្បន្ន វិស័យស្វាយចន្ទីកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។ ជាក់ស្ដែង បច្ចុប្បន្នទាំងស្ថានភាពទីផ្សារ តម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មដំណាំស្វាយចន្ទីនៅក្នុងស្រុកកាន់តែល្អប្រសើរ និងទូលំទូលាយគួរឲ្យកត់សម្គាល់។

ទោះបី កម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កាន់តែច្រើន ក៏ដោយ តែសម្រាប់ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះកត់សម្គាល់ឃើញថា តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅពុំទាន់មានស្ថិរភាពនៅឡើយទេ ដោយសារតែវត្តមានរោងចក្រកែច្នៃនៅកម្ពុជា មានចំនួនតិចពេក ដែលកត្តានេះហើយជំរុញឲ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានរហូតដល់ប្រមាណ៩៥% ខណៈដែលគ្រាប់ស្វាយចន្ទី ដែលត្រូវបានកែច្នៃក្នុងស្រុកមានត្រឹមតែ៥% ប៉ុណ្ណោះ។

យ៉ាងណាមិញ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ធានាស្ថិរភាពនិងបង្កើនតម្លៃគ្រាប់ស្វាយចន្ទី ក៏ដូចជាជំរុញការនាំចេញគ្រាប់ចន្ទីកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យបានកាន់តែច្រើន នោះទាមទារឱ្យកម្ពុជាមានការបង្កើតរោងចក្រធុនមធ្យយ៉ាងតិចប្រមាណ៣០បន្ថែមទៀត។

​ដើម្បីជំរុញកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ រូបនេះ បានបញ្ជាក់ទៀតថា សមាគមនៅតែបន្តស្វះស្វែងរកទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីបន្ថែមទៀត ជាពិសេសសមាគមមានផែនការប្រែក្លាយកសិករដាំដុះស្វាយចន្ទី ទៅជាកសិ-ពាណិជ្ជករ។

ក្នុងន័យនេះ លោក អួន ស៊ីឡុត សង្កត់ធ្ងន់ថា នៅពេលកសិករក្លាយទៅជាកសិ-ពាណិជ្ជករ ហើយនោះគ្មានឈ្មួញណាអាចក្រឡុកទីផ្សារគ្រាប់ស្វាយចន្ទីបានទៀតឡើយ ជាពិសេសឈ្មួញដែលមកពីប្រទេសជិតខាងកម្ពុជាតែម្ដង។ ប៉ុន្តែ ដើម្បីអាចសម្រេចទៅតាមផែនការនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា អំពាវនាវឲ្យកសិករដាំដុះដំណាំស្វាយចន្ទី ត្រូវចូលរួមជាមួយសមាគម ឬសហគមន៍ស្វាយចន្ទីនានា ជាមុខសិន​។

​តាមទិន្ន័យពីសមាគមនស្វាយចន្ទីកម្ពុជា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា។ ការថយចុះនេះ គឺដោយសារតែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ នៅពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីររបស់កម្ពុជាសម្រេចបានជាង ៦៥ម៉ឺន៦ពាន់តោន ថយចុះជាង៧% គិតជាប្រាក់មានទំហំជាង៨០០លានដុល្លារ ថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើជប៉ុនគិតយ៉ាងណាចំពោះលោក ដូណាល់ ត្រាំ ខណៈភាគរយរបស់លោកវិលមកសេតវិមានកាន់តែកើនឡើង?

ព័ត៌មាន
ខណៈដែលប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ កាន់តែមានទំនោរកើនឡើង រដ្ឋាភិបាលជប៉ុន នៅពេលនេះហាក់កំពុងតែរៀបចំជើងព្រួលទុកជាមុន ខណៈដែលលោក ដ…

តើមានកត្តាអ្វីខ្លះធ្វើឱ្យការប្រមូលចំណូលគយនៅក្នុងឆ្នាំ២០២៣ មិនគ្រប់តាមផែនការកំណត់?

ព័ត៌មាន
អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបានជិត២ពាន់៣រយលានដុល្លារ នៅក្នុងឆ្នាំ២០២៣ ថយចុះជិត១៦% បើធៀបនឹងឆ្នាំ២០២២ ដោយលទ្ធផលនេះសម្រេចបានជាង៨…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ