វេទិកាដឹកជញ្ជូនអន្តរជាតិ ITF

កម្ពុជាជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF


ប្រទេសកម្ពុជាជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF (International Transport Forum)។ រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន ៦៣ប្រទេសនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF បានបោះឆ្នោតជាឯកឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤នៃ ITF នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងLeipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ប្រទសកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤នៃវេទិកាដឹកជញ្ជូនអន្តរជាតិITF កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ រូបភាព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ឡេង ធនយុទ្ធា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ដែងនូវមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃITF ដែលនេះជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិនេះ បានផ្តល់ឱកាសឱ្យប្រទេសកម្ពុជាទទួលបាន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់ ជាទុនដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន។ លើសពីនេះ កម្ពុជានឹងទទួលបាននូវការគាំទ្រពីប្រទេសជាសមាជិក និងលេខាធិការដ្ឋាននៃអង្គការវេទិកាដឹកជញ្ជូនអន្តរជាតិទាំងក្នុងក្របខណ្ឌបច្ចេកទេស និងក្របខណ្ឌគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ ឡេង ធនយុទ្ធា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ វេទិកាដឹកជញ្ជូនអន្តរជាតិ ITF

ជាមួយគ្នានេះ ឯកឧត្តម Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចូលជាសមាជិកវេទិកា ហើយឯកឧត្តម សង្ឃឹមថា ប្រទេសដ៏ទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងចូលរួមជាសមាជិក ITFដែរនាពេលខាងមុខ។ ឯកឧត្តមអគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានសង្កត់ធ្ងន់ថា ITF បានត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេសកម្ពុជា ក្នុងការកសាងគោលនយោបាយដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីសម្រេចគោលដៅរបស់ខ្លួនដូចមានចែងនៅក្នុងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មផងដែរ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងខិតខំពង្រឹង និងពង្រីកហេដ្ឋរចនាសម្ព័ន្ធរបស់ខ្លួនកាន់តែខ្លាំងឡើង ដូចជាការពង្រីកកំពង់ផែពហុបំណង នៅក្រុងព្រះសីហនុ ដែលមានជម្រៅទឹកជ្រៅសម្រាប់ឲ្យកប៉ាលធំៗអាចចូលចត ការពង្រីកផ្លូវល្បឿលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយបច្ចុប្បន្នកម្ពុជាមានគម្រោងសាងសង់មជ្ឈមណ្ឌលភស្ដុភារកម្មកម្រិតអន្តរជាតិផងដែរ។ ថ្មីៗនេះទៀតសោត តាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល បានអះអាងថា រាជរដ្ឋាភិបាលក៏មានការសិក្សាលើគម្រោងតភ្ជាប់ផ្លូវទឹកពីចំណុចទន្លេបាសាក់ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រខេត្តកែបផងដែរ ដើម្បីបម្រើដល់ការដឹកជញ្ជូនឲ្យកាន់តែសម្បូរបែប និងងាយស្រួលជាងមុន ជាមួយនឹងតម្លៃកាន់តែទាប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Fandbee ទីផ្សារម៉ាតល្បីឈ្មោះនៅប្រទេសម៉ាឡេស៊ីចូលមកដល់កម្ពុជាហើយ

ព័ត៌មាន
អ្នកជំនាញប្រមើលឃើញថា ផ្សារទំនើបដែលមានទំហំតូចល្មម ឬហៅថាម៉ាត (Mart) នឹងរីកដុះដាលកាន់ខ្លាំងនៅកម្ពុជា ដើម្បីបំពេញតម្រូវ និងបង្កភាពងាយស្រួល…

ថៃបង្ហាញឆន្ទៈមុតមាំក្នុងការចូលរួមក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានស្នើទៅកាន់ក្រសួងការបរទេសរបស់ខ្លួនឲ្យមានការប្រកាសជាផ្លូវការមួយអំពីគោលបំណងរបស់ថៃ ក្នុងការចូលរួមពិភាក្សាលើសំណើកិច្ចព្រម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ