ពាណិជ្ជកម្មកម្ពុជា-ថៃ

វិស័យឯកជន ស្នើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា-ថៃ


អ្នករកស៊ីនៅក្នុងវិស័យឯកជន ស្នើឱ្យរាជរដ្ឋាភិបាលបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃ ដើម្បីរក្សាបាននូវនិរន្តរភាព និងស្ថិរភាពនៃការធ្វើពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ពោលគឺជៀសវាងនូវការបិទច្រកព្រំដែនណាមួយដោយឯកតោភាគី ឬបញ្ហាមួយចំនួន ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការដោះដូរពាណិជ្ជកម្មរវាងគ្នា។
កម្ពុជា-ថៃ មានគោលដៅពង្រីកពាណិជ្ជកម្មដល់ ទំហំ១៥ពាន់លានដុល្លារ
ដោយ

​​អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ថៃគឺជាដៃគូរវិនិយោគ និងដៃគូរពាណិជ្ចកម្មដ៏សំខាន់មួយរបស់កម្ពុជា ដ្បិតថៃ ជាប្រទេសជិតខាងកម្ពុជា ក៏ដូចជាស្ថិតនៅក្នុងសហគមសេដ្ឋកិច្ចអាស៊ានជាមួយគ្នាផងដែរ។ ស្របពេលដែលនាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា​ អ្នកជំនាញដែលជាអនុប្រធានសភាពាណិជ្ជកម្មរូបនេះ បានអះអាងថា អ្វីដែលវិស័យឯកជនចង់បាននោះ គឺចង់ឱ្យប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនជាមួយគ្នា ដើម្បីរក្សានិរន្តរភាព ស្ថិរភាពនៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។

បើតាមអ្នកឧកញ៉ា លឹម ហេង ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃនេះ គឺដើម្បីជៀសវាងការបិទច្រកព្រំដែនណាមួយដោយឯកតោភាគី ដែលវាអាចប៉ះពាល់ដល់ការឆ្លងកាត់ទំនិញផ្សេងៗ ក៏ដូចជាការឆ្លងកាត់របស់ទេសចររវាងប្រទេសទាំងពីរផងដែរ។

​ពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មតាមច្រកព្រំដែននេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងជំនួបទ្វេភាគីរវាង នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ក្នុងអំឡុងពេលនាយករដ្ឋមន្ត្រីថ្មីថៃ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា លើកដំបូងកាលពីថ្ងៃទី ២៨ខែកញ្ញា បានបញ្ជាក់ឲ្យដឹងថា នាយករដ្ឋ មន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពគ្នានឹងជំរុញណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចរចាលើអនុស្ស រណៈនៃការយោគយល់គ្នាស្ដីពី ទំនិញឆ្លងកាត់រវាងកម្ពុជា-ថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ពីប្រទេសទីបី។

មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធ ធ្វើកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅតាមតំបន់ព្រំដែន សំដៅប្រែក្លាយតំបន់នេះ ទៅជាព្រំដែននៃសន្តិភាពយូរអង្វែង និងការអភិវឌ្ឍ។

ប្រទេសកម្ពុជា និងថៃ មានគោលដៅរួមគ្នាក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ទំហំ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ខណៈនៅរយៈពេល៨ខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជិត ២ពាន់៦រយលានដុល្លារ ថយចុះជិត២០% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះ ការនាំចេញពីកម្ពុជាទៅប្រទេសថៃ មានទំហំជាង៦រយលានដុល្លារ កើនឡើងជាង៥% ដោយឡែក ការនាំចូលពីថៃ ​មកកម្ពុជាវិញមានទំហំជិត២ពាន់លានដុល្លារ ថយចុះជិត២៦ ធៀបនឹងឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនជំរុញឱ្យគ្រឹះស្ថានធនាគាររបស់ខ្លួនពង្រីកសាខាក្នុងតំបន់

ព័ត៌មាន
ខណៈដែលធនាគាររបស់ចិនមួយចំនួនកំពុងសម្លឹងរកការពង្រីកសាខារបស់ពួកគេទៅកាន់ទីផ្សារនៅបរទេសនោះ មន្ត្រីជាន់ខ្ពស់ម្នាក់នៃធនាគារកណ្តាលរបស់ចិនបាន…

អាមេរិកចោទចិន កំពុងរៀបចំ និងត្រួតត្រាប្រព័ន្ធផ្សព្វផ្សាយពិភពលោក

ព័ត៌មាន
សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ ខែកញ្ញា បានចោទប្រកាន់ប្រទេសចិនថា កំពុងរៀបចំប្រព័ន្ធផ្សព្វផ្សាយពិភពលោកតាមរយៈការចាប់ពិរុទ្ធ ការប្រមូលទិន្នន័យ និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ