ខ្សែក្រវាត់ និងផ្លូវ

ចិនជំរុញឱ្យគ្រឹះស្ថានធនាគាររបស់ខ្លួនពង្រីកសាខាក្នុងតំបន់


ខណៈដែលធនាគាររបស់ចិនមួយចំនួនកំពុងសម្លឹងរកការពង្រីកសាខារបស់ពួកគេទៅកាន់ទីផ្សារនៅបរទេសនោះ មន្ត្រីជាន់ខ្ពស់ម្នាក់នៃធនាគារកណ្តាលរបស់ចិនបានអំពាវនាវឱ្យធនាគារទាំងនោះ កុំឱ្យមើលរំលងប្រទេស ឬតំបន់ណាមួយ ដែលមានទំនាក់ទំនងក្នុងកម្មវិធីខ្សែក្រវាត់ និងផ្លូវរបស់ក្រុងប៉េកាំង ដើម្បីផ្តល់សេវាកម្មដ៏ទូលំទូលាយ ដែលអាជីវកម្មចិនមានការវិនិយោគនៅទីនោះ។
ខ្សែក្រវាត់ និងផ្លូវ
ដោយ

លោក ចូវ ឆឹងជុន (Zhou Chengjun) នាយកវិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុរបស់ធនាគារប្រជាជនចិនបាននិយាយក្នុងវេទិកាហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញានៅទីក្រុងប៉េកាំងថា ធនាគារចិនមួយចំនួនមានទំនោរពង្រីកសាខារបស់ពួកគេនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដូចជា ទីក្រុងតូក្យូ ញូវយ៉ក និងសិង្ហបុរីជាដើម ប៉ុន្តែផ្ទុយទៅវិញ បណ្តាប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន គឺជាកន្លែងដែលពួកគេគួរតែផ្តល់សេវាកម្មពេញលេញដល់សហគ្រាសចិន។

ទិន្នន័យផ្លូវការបានបង្ហាញថា ក្នុងពេលមួយទសវត្សរ៍កន្លងមកនេះ គម្រោងកិច្ចសហប្រតិបត្តិការជាង៣ពាន់ត្រូវបានដាក់ឱ្យដំណើរការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលទាក់ទាញការ វិនិយោគជិត ១ទ្រីលានដុល្លារ ដោយផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងធនធាន សួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស កិច្ចសហប្រតិបត្តិការកសិកម្ម និងសេដ្ឋកិច្ចឌីជីថល។

មន្ត្រីជាន់ខ្ពស់ធនាគារចិនដដែលនេះ បាននិយាយទៀតថា ប្រទេសឡាវ ដែលមានក្រុមហ៊ុនចិនជាច្រើន បានបង្កើតសួនឧស្សាហកម្មនៅទីនោះ ប៉ុន្តែមានសាខាធនាគារកណ្ដាលចិនតែមួយគត់នៅរដ្ឋធានីវៀងចន្ទន៍។ មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា ប្រសិនបើក្រុមហ៊ុនចិនចង់បើកគណនីជាប្រាក់យន់ពួកគេ នោះបុគ្គលិកក្រុមហ៊ុននោះ ត្រូវប្រឈមមុខនឹងការចំណាយពេលធ្វើដំណើរចន្លោះពី៣ទៅ៤ម៉ោងទើបបានទៅដល់ធនាគារចិន។

ចូវ ឆឹងជុន (Zhou Chengjun) នាយកវិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលចិន បាននិយាយថា នេះមិនមែនមានន័យថា ធនាគារចិនទាំងអស់ត្រូវតែបង្កើតសាខាពាណិជ្ជនៅទីនោះទេ ប៉ុន្តែ ប្រតិបត្តិការធនាគារក៏អាចសម្រេចបានតាមរយៈធនាគារអន្តរការី ឬភ្នាក់ងារធនាគារផងដែរ។

លោក ចូវ បាននិយាយថា ការពង្រីកសាខាធនាគាររបស់ចិននៅក្រៅប្រទេសនេះ ជាអាទិភាពខ្ពស់ក្នុងបរិបទនៃទំនាក់ទំនងដ៏តានតឹងរវាងចិន និងអាមេរិក ខណៈដែលក្រុមហ៊ុនចិនមួយចំនួនកំពុងផ្ទេរមូលដ្ឋានផលិតកម្មរបស់ពួកគេទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីជៀសវាងពន្ធខ្ពស់របស់សហរដ្ឋអាមេរិក និងអឺរ៉ុប។

សេវាក្រៅប្រទេសរបស់ធនាគារចិននៅក្នុងតំបន់នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏ផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រតិបត្តិការធនាគារ ដែលរួមបញ្ចូលទាំងសេវាធនាគារតាមច្រកតែមួយ (one-stop banking services) រួមទាំងការគ្រប់គ្រងមូលនិធិ ហិរញ្ញប្បទានពាណិជ្ជកម្ម ការទូទាត់បំណុល និងការគ្រប់គ្រងទ្រព្យសម្បត្តិ។

មន្ត្រីជាន់ខ្ពស់របស់ធនាគារចិនរូបនេះ បានសង្កត់ធ្ងន់ថា ការពង្រីកការប្រើប្រាស់ប្រាក់យន់នៅតាមបណ្តាប្រទេសនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏ជាផ្នែកមួយដ៏សំខាន់នៅក្នុងការលើកកម្ពស់ការធ្វើអន្តរជាតូបនីយកម្ម ( internationalization) នៃរូបិយប័ណ្ណចិនផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តៃវ៉ាន់បង្ហាញនាវាមុជទឹកផលិតដោយខ្លួនឯង ខណៈចិនដំណើរការខ្សែរថភ្លើងឆ្លងសមុទ្រ

ព័ត៌មាន
កោះតៃវ៉ាន់ កាលពីថ្ងៃទី ២៨ ខែកញ្ញា បានបង្ហាញពីនាវាមុជទឹកថ្មីដំបូងរបស់ខ្លួនមួយគ្រឿង ដែលផលិតនៅក្នុងស្រុក។ នាវាមុជទឹកនេះ គឺជាផ្នែកមួយនៃកា…

វិស័យឯកជន ស្នើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា-ថៃ

ព័ត៌មាន
អ្នករកស៊ីនៅក្នុងវិស័យឯកជន ស្នើឱ្យរាជរដ្ឋាភិបាលបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃ ដើម្បីរក្សាបាននូវនិរន្តរភាព និងស្ថិរភាពនៃកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ