កម្ពុជា-ចិន

តើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅចិន សម្រេចបានសមិទ្ធផលអ្វីខ្លះ ហើយចិនសន្យាជួយកម្ពុជាយ៉ាងម៉េចដែរ?


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នៅក្នុងដំណើរទស្សនកិច្ច៣ថ្ងៃនៅលើទឹកដីមមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរលើពិភពលោកនេះ ប្រមុខការទូតកម្ពុជា បានជួបជជែកពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនជាច្រើនរូបផងដែរ។
កម្ពុជា-ចិន
ដោយ

នៅចំពោះមុខប្រមុខការទូតកម្ពុជា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានឯកភាពចំពោះសំណើកម្ពុជា ដែលស្នើឱ្យចិនសិក្សាលទ្ធភាពពង្រីក និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំដៅបង្កើនចំនួនកម្លាំងពលកម្មជំនាញនៅកម្ពុជា។ ជាមួយគ្នានេះភាគីចិន ក៏បានបញ្ជាក់ពីជំហរបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមាន ផ្នែកដឹកជញ្ជូនឡូជីស្ទិក ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ក៏ដូចជាសន្យាជួយជំរុញក្រុមហ៊ុន និងសហគ្រាសចិន ឱ្យមកវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀតផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា តាមរយៈលទ្ធផលនេះ វានឹងផ្តល់ផលវិជ្ជមានច្រើនជាបន្តបន្ទាប់ទៀតសម្រាប់កម្ពុជា ដ្បិតថា លំអានវិនិយោគពីប្រទេសចិន មកកម្ពុជាកន្លងមក បានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាជាច្រើន។ ហើយតាមរយៈការជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែម ក៏ដូចជាជំរុញឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បន្ថែមទៀតនេះ លោកជឿជាក់ថា វានឹងកាន់តែជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកធំធាត់បានលឿនបន្ថែមទៀត។

​គួរជម្រាបថា កម្ពុជា-ចិន បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងមានសក្តានុពលដូចជាអប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្ដូរទស្សនៈ​ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម ហើយបានអះអាងជាថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមមានអាស៊ាន-ចិន មេគង្គ-ឡានឆាង និងអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនេះ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី១៩ របស់គណកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន កាលពីខែមេសាកន្លងទៅ ក៏ដូចជាវឌ្ឍនភាពនៃការអនុវត្តកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជាពិសេសការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និង ច្រករបៀងមច្ឆា និងអង្ករ-កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាតការអភិវឌ្ឍផ្លូវដែក និងការជំរុញកំណើនពាណិជ្ជកម្មតាមរយៈការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យ៉ាងហោចណាស់មានមនុស្ស១២នាក់ រងរបួសក្នុងហេតុការណ៍យន្តហោះកាតាជួបបញ្ហារលាក់ខ្លាំង

ព័ត៌មាន
យ៉ាងហោចណាស់មានមនុស្ស១២នាក់ បានរងរបួសក្នុងហេតុការណ៍យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសកាតា បានជួបអព្ភូតហេតុរលាក់ខ្លាំងនៅក្នុងយន្តហោះកា…

តើកិច្ចប្រជុំកំពូលត្រីភាគីរវាងមហាយក្សចិន ជប៉ុន និងកូរ៉េខាងត្បូង បានជជែកគ្នាលើបញ្ហាអ្វីខ្លះ?

ព័ត៌មាន
ប្រទេសជប៉ុន កូរ៉េខាងត្បូង និងមហាយក្សចិន នៅថ្ងៃទី២៧ ខែឧសភា នេះ បានបើកកិច្ចប្រជុំកំពូលរួមគ្នាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាង៤ឆ្នាំមកន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ