ក្រុមប្រឹក្សាអឺរ៉ុប

ប្រធានក្រុមប្រឹក្សាអឺរ៉ុប និយាយសម្រាលការរិះគន់ចំពោះផែនការលាលែងពីតំណែងមុនពេលកំណត់


ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឆែល (Charles Michel) កាលពីថ្ងៃអាទិត្យកន្លងទៅបាននិយាយសម្រាលការរិះគន់ចំពោះផែនការលាលែងពីតំណែងមុនពេលកំណត់របស់លោក ដើម្បីទៅឈរឈ្មោះបោះឆ្នោតដណ្ដើមអាសនៈក្នុងសភាអឺរ៉ុប ដោយនិយាយថា ពេលវេលាមានច្រើនសម្រាប់ជ្រើសរើសអ្នកស្នងតំណែងលោក ហើយសហភាពអឺរ៉ុប ក៏មានជម្រើសក្នុងការមិនជ្រើសយកលោក វីកទ័រ អូបាន (Viktor Orban) នាយករដ្ឋមន្ត្រីហុងគ្រី ផងដែរ។
ក្រុមប្រឹក្សាអឺរ៉ុប
ដោយ

លោក ឆាល មីឆែល (Charles Michel) អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក បានប្រកាសកាលពីថ្ងៃសៅរ៍ ទី៦ ខែមករា ថា លោកបានសម្រេចចិត្តឈរឈ្មោះបោះឆ្នោតសភារបស់សហភាពអឺរ៉ុប នៅខែមិថុនា ខាងមុខ ដូច្នេះហើយលោកនឹងត្រូវលាឈប់ពីតំណែងប្រធានក្រុមប្រឹក្សាអឺរ៉ុប (European Council) មុនកាលកំណត់ ដែលជាក់ស្ដែងលោកនឹងត្រូវបញ្ចប់អាណត្តិរបស់លោកនៅចុងខែវិច្ឆិកា ចុងឆ្នាំនេះ។

ខណៈប្រទេសហុងគ្រី ត្រូវធ្វើជាប្រធានប្តូរវេននៃក្រុមប្រឹក្សាអឺរ៉ុប ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំនេះ នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អូបាន (Viktor Orban) អាចនឹងត្រូវដឹកនាំកិច្ចប្រជុំជាច្រើនក្នុងនាមជាអ្នកស្នងតំណែងបណ្តោះអាសន្ន។ លោក វីកទ័រ អូបាន (Viktor Orban) បានប្រឆាំងជំទាស់នឹងគំនិតផ្តួចផ្តើមជាច្រើនរបស់សហភាពអឺរ៉ុប ក្នុងការជួយគាំទ្រដល់អ៊ុយក្រែន ហើយលោកក៏បានរងការរិះគន់យ៉ាងខ្លាំងផងដែរ ចំពោះការធ្វើឱ្យខូចសិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហុងគ្រី។

លោក ឆាល មីឆែល (Charles Michel) បានប្រាប់អ្នកសារព័ត៌មានថា លោកចង់បញ្ជាក់ឱ្យច្បាស់ថា ទោះជាក្នុងករណីណាក៏ដោយ ចាប់ពីខែមិថុនា ឆ្នាំនេះ ការសម្រេចចិត្តទាំងអស់គឺស្ថិតនៅលើអ្នកស្នងតំណែងរបស់លោក ហើយសភាអឺរ៉ុប ចាប់ពីខែកក្កដា គឺជាអ្នកសម្រេចចិត្តជ្រើសរើសប្រធានក្រុមប្រឹក្សាអឺរ៉ុប ឱ្យកាន់តំណែងនេះបន្តពីលោក។

ការលាលែងពីតំណែងរបស់លោក ឆាល មីឆែល (Charles Michel) នេះបានកើតឡើងក្នុងពេលដ៏សំខាន់សម្រាប់ការទូតសហភាពអឺរ៉ុប ខណៈដែលប្លុកនេះកំពុងប្រឹងប្រែងរក្សាសន្ទុះ និងការគាំទ្រសម្រាប់អ៊ុយក្រែន និងដោះស្រាយជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងជម្លោះជាមួយប្រទេសចិន។

លោក អាល់បឺតូ អាឡេម៉ាណូ (Alberto Alemanno) សាស្ត្រាចារ្យច្បាប់សហភាពអឺរ៉ុប នៅសកវិទ្យាល័យ HEC ក្នុងប្រទេសបារាំង បាននិយាយតាមបណ្ដាញទំនាក់ទំនងសង្គម X ថា ការសម្រេចចិត្តរបស់លោក ឆាល មីឆែល (Charles Michel) លាឈប់ពីតំណែងប្រធានក្រុមប្រឹក្សាអឺរ៉ុប ដើម្បីងាកទៅបន្តអាជីពនយោបាយផ្ទាល់ខ្លួន មិនត្រឹមតែជាទង្វើសួនទួអាត្មានិយមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទង្វើគ្មានការទទួលខុសត្រូវផងដែរ ព្រោះការធ្វើបែបនេះនឹងជួយត្រួសត្រាយផ្លូវសម្រាប់លោក វីកទ័រ អូបាន (Viktor Orban) ដែលនឹងត្រូវធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្តូរវេននៅឆ្នាំនេះ ហើយនឹងបន្តគ្រប់គ្រងក្រុមប្រឹក្សានេះរហូតដល់មានការតែងតាំងអ្នកថ្មី៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី កំណត់គោលដៅនាំចេញទៅកាន់ទីផ្សារចិន ឱ្យឈានដល់៧០ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនជាងគេក្នុងអាស៊ាន បានសម្រេចកំណត់គោលដៅបង្កើនការនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២៤ នេះឱ្យឈ…

សភាអាម៉េរិកឈានដល់ការព្រមព្រៀងលើកញ្ចប់ថវិកាជាតិ១,៦ទ្រីលានដុល្លារ ដែលអាចឆ្ពោះទៅរកការអនុម័ត

ព័ត៌មាន
ទីបំផុតតំណាងរាស្ត្រកំពូលៗមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៃសភាអាម៉េរិក បានឈានដល់ការព្រមព្រៀងគ្នាហើយលើកញ្ចប់ថវិកាចំណាយសរុបសម្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ