ថាមពលប្រេង

ចិន និងឥណ្ឌាកំពុងងាកទៅរកទិញប្រេងពីវ៉េណេស៊ុយអេឡា ដែលទើបរួចផុតពីទណ្ឌកម្មអាម៉េរិក


ក្រុមហ៊ុនប្រេងរដ្ឋចិន PetroChina ត្រូវបានរាយការណ៍មកថា មានបំណងទិញប្រេងរាប់លានធុងបារ៉េលឡើងវិញពីប្រទេសវ៉េណេស៊ុយអេឡា ក្រោយប្រទេសនៅអាម៉េរិកខាងត្បូងមួយនេះ ត្រូវបានសហរដ្ឋអាម៉េរិកដកទណ្ឌកម្មបណ្តោះអាសន្ន។ ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីប្រេងរបស់ប្រទេសឥណ្ឌាបាននិយាយថា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា អាចកែច្នៃប្រេងរបស់វ៉េណេស៊ុយអេឡា ហើយនឹងអាចទិញពីប្រទេសនេះតែម្តង ប្រសិនបើមានតម្លៃសមរម្យ។
ថាមពលប្រេង
ដោយ

យោងតាមនុស្សបួននាក់ដែលដឹងអំពីបញ្ហានេះបានឱ្យដឹងថា ក្រុមហ៊ុន PetroChina របស់ប្រទេសចិនកំពុងស្នើសុំទិញប្រេងឆៅ៨លានបារ៉ែលក្នុងមួយខែ ពីក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋវ៉េណេស៊ុយអេឡា PDVSA បន្ទាប់ពីក្រុមហ៊ុនទាំងពីរបានផ្អាកពាណិជ្ជកម្មជាមួយគ្នាជាង៤ឆ្នាំ ដោយសារតែទណ្ឌកម្មអាម៉េរិក។ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក កាលពីខែតុលា បានសម្រេចដកទណ្ឌកម្មជាបណ្ដោះ​អាសន្ន​លើប្រទេសវ៉េណេហ្ស៊ុយអេឡា ដែលបានបើកផ្លូវឱ្យប្រទេសអាម៉េ​រិកខាងត្បូងមួយនេះអាចបន្តការនាំចេញប្រេងឆៅ ឧស្ម័ន និងប្រេងឥន្ធនៈទៅកាន់ពិភពលោកឡើងវិញ។

ក្រុមហ៊ុនមួយធំៗមួយចំនួន ដែលបានទិញប្រេងពីវ៉េណេហ្ស៊ុយអេឡា ពេលអាម៉េ​រិកមិនទាន់ដាក់ទណ្ឌកម្ម កំពុងស្វះស្វែងបន្តកិច្ចព្រមព្រៀងរបស់ពួកគេឡើងវិញ ហើយក្នុងនោះ ក៏មានក្រុមហ៊ុន PetroChina ដែរ។ ប្រភពពីក្រុមហ៊ុននេះបាននិយាយថា PetroChina ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងធំជាងគេទីពីររបស់ប្រទេសចិន បានផ្តល់ប្រាក់យន់ដើម្បីទិញប្រេងឆៅពីក្រុមហ៊ុនរដ្ឋ PDVSA ដល់ទៅប្រមាណ២៦ម៉ឺន៥ពាន់ធុងបារ៉ែលក្នុងមួយថ្ងៃ មុនពេលមានទណ្ឌកម្ម។ ហើយតាមរយៈប្រវត្តិនៃការបណ្តាក់ទុនរួមគ្នានេះ វានឹងអនុញ្ញាតឱ្យក្រុមហ៊ុនប្រទេសទាំងពីរ បង្កើតលំហូរសាច់ប្រាក់ និងដើមទុនសម្រាប់ការវិនិយោគផលិតកម្មឡើងវិញបានយ៉ាងងាយស្រួល។

ទន្ទឹមគ្នានេះ ប្រទេសឥណ្ឌាវិញ ក៏បង្ហាញពីបំណងស្រដៀងគ្នានឹងប្រទេសចិនដែរ។ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូល និងប្រើប្រាស់ប្រេងធំជាងគេទីបីរបស់ពិភពលោក បាននាំចូលប្រេងពីក្រៅប្រទេសជាង៨០% នៃតម្រូវការប្រេងរបស់ខ្លួន។

នៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មមួយកាលពីថ្ងៃពុធ លោក Hardeep Singh Puri រដ្ឋមន្ត្រីក្រសួងប្រេងឥណ្ឌា បាននិយាយថា វាតែងតែល្អនៅពេលដែលការផ្គត់ផ្គង់កាន់តែច្រើនចូលមកទីផ្សារឥណ្ឌា ហើយយើងនឹងទិញប្រេងពីវ៉េណេហ្ស៊ុយអេឡា ប្រសិនបើវាមានតម្លៃសមរម្យ។ លោក ភូរី បន្ថែមថា វ៉េណេហ្ស៊ុយអេឡាមានទុនបម្រុងប្រេងដ៏ធំបំផុតមួយ ហើយការផលិតប្រេងក៏មានទ្រង់ទ្រាយធំ ដែលអាចនឹងជះឥទ្ធិពលដល់តម្លៃប្រេងពិភពលោកផងដែរ»។

គួរជម្រាបថា ប្រទេសវ៉េណេហ្ស៊ុយអេឡា បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អាម៉េរិក ចាប់តាំងពីឆ្នាំ២០១៩ មកម៉្លេះ។ ប៉ុន្តែទណ្ឌកម្មនេះត្រូវបានក្រសួងហិរញ្ញវត្ថុអាម៉េរិកប្រកាសដកចេញបណ្តោះអាសន្នកាលពីពីរសប្តាហ៍មុន ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀង ដែលសម្រេចរវាងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងគណបក្សប្រឆាំង សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។

ការដកនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនប្រេងទាំងអស់របស់ប្រទេសនេះ អាចផលិត និងនាំចេញប្រេងទៅកាន់ទីផ្សារអន្តរជាតិបានក្នុងរយៈប្រាំមួយខែខាងមុខដោយគ្មានការហាមឃាត់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការធ្លាក់ចុះតម្លៃប្រាក់យ៉េន បង្ខំឱ្យជប៉ុនកាត់បន្ថយការចំណាយពាន់លានដុល្លារទៅលើវិស័យយោធា ឬយ៉ាងណា?

ព័ត៌មាន
ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន កំពុងបង្ខំឱ្យប្រទេសជប៉ុន កាត់បន្ថយខ្ទង់ចំណាយរាប់ពាន់លានដុល្លារ លើវិស័យការជាតិរបស់ខ្លួន ដែលជាអ្វីដែលគេមើលឃ…

សម្ដេច ហ៊ុន ម៉ាណែត៖ ពិភពលោកនឹងកាន់តែមានសុវត្ថិភាពនិងស្រស់បំព្រង បើស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកស្រ្តីជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយសម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ