ចិនដកពន្ធលើស្រាអូស្ត្រាលី

ទីបំផុត ចិនសម្រេចដកពន្ធចេញពីផលិតផលស្រាអូស្ត្រាលីវិញហើយ ក្រោយបានដាក់អស់រយៈពេល ៣ឆ្នាំ


នៅទីបំផុតមហាយក្សចិន បានសម្រេចដកទណ្ឌកម្មពន្ធ ចេញពីផលិតផលស្រារបស់អូស្ត្រាលីវិញហើយ ក្រោយពីបានដាក់មកអស់រយៈពេល៣ឆ្នាំមកនេះ ដែលនេះ គឺជាសញ្ញាមួយដែលបញ្ចប់នូវភាពយ៉ាប់យ៉ឺននៅក្នុងឧស្សាហកម្មស្រារបស់អូស្ត្រាលីនាពេលកន្លងមក។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
ចិនដកពន្ធលើស្រាអូស្ត្រាលី
ដោយ

ការដកទណ្ឌកម្មពន្ធលើស្រារបស់អូស្ត្រាលី បានកើតឡើងនៅចំពេលដែល ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់ប៉េរ៉ានៅមួយរយៈចុងក្រោយ ហាក់បង្ហាញពីភាពល្អូកល្អិននឹងគ្នាឡើងវិញ ខណៈដែលប្រមុខការទូតចិនថ្មីៗក៏បានបំពេញទស្សនកិច្ចចំនួន ៣ថ្ងៃនៅអូស្ត្រាលីផងដែរ។

ក្រោយពេលក្រសួងពាណិជ្ជកម្មនៃប្រទេសចិន នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ បានប្រកាសពីការដកទណ្ឌកម្មពន្ធលើផលិតផលស្រារបស់អូស្ត្រាលី នាយករដ្ឋមន្ត្រីរបស់អូស្ត្រាលី លោក Anthony Albanese បាននិយាយថា «អូស្ត្រាលី ស្វាគមន៍ចំពោះលទ្ធផលនេះ ដែលវាគឺបានមកដល់ចំពេលដ៏សំខាន់ សម្រាប់ឧស្សាហកម្មស្រារបស់អូស្ត្រាលី»។ លោកបន្ថែមថា ការដកទណ្ឌកម្មពន្ធនេះនឹងផ្ដល់នូវផលចំណេញទាំងអ្នកផលិតស្រារបស់អូស្ត្រាលី រួមទាំងអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនផងដែរ។

ការសម្រេចដកទណ្ឌកម្មពន្ធចេញពីស្រាអូស្ត្រាលីនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្ដែ វាបានកើតឡើងនៅ៥ខែបន្ទាប់ពី នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសពីការព្រមព្រៀងវិលរកតុចរចាគ្នាឡើងវិញ រវាងទីក្រុងកង់ប៉េរ៉ា និងទីក្រុងប៉េកាំង ដើម្បីដោះស្រាយបញ្ហាចាក់ស្រែះរវាងគ្នាដែលបានអូសបន្លាយមកជាច្រើនមកហើយនោះ។

តាមរយៈការព្រមព្រៀងបើកផ្លូវចរចានេះដែរ ភាគីចិន បាននិយាយថា នៅរយៈពេល៥ខែខ្លួននឹងធ្វើការពិនិត្យឡើងវិញលើពន្ធគយ ដែលបានដាក់លើផលិតផលអូស្ត្រាលី ជាថ្នូរនឹងការតម្រូវឲ្យអូស្ត្រាលីត្រូវតែផ្អាកករណីប្ដឹងផ្ដល់របស់ខ្លួនប្រឆាំងនឹងប្រទេសចិននៅអង្គការពាណិជ្ជកម្មពិភពលោក។

គេនៅចាំបានថា ប្រទេសចិន គឺជាអ្នកទិញស្រាអូស្ត្រាលីធំជាងគេបំផុត ដោយមានប្រហែល ៤០% នៃការនាំចេញស្រាសរុបរបស់អូស្ត្រាលី។ ជាក់ស្ដែង នៅឆ្នាំ២០១៩ ដែលជាពេលពាណិជ្ជកម្មប្រទេសទាំងពីរនៅល្អូកល្អិននឹងគ្នានោះ អូស្ត្រាលីលក់ស្រាទៅឲ្យចិនក្នុងតម្លៃ ប្រហែល ៨៤០លានដុល្លារអាមេរិក ប៉ុន្ដែ នៅ៣ឆ្នាំក្រោយពេលមានការដាក់ពន្ធកប់ពពកចន្លោះពី ១១៦% ទៅ ២១៨% នោះ ការនាំចេញស្រារបស់អូស្ត្រាលីទៅចិន នៅមានតម្លៃប្រហែលតែ ជាង ៦លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ។

នាពេលកន្លងមកនេះ មិនមែនតែស្រាអូស្ត្រាលីទេដែលជួបការធ្វើទុក្ខបុកម្និញពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ផលិតផលផ្សេងទៀតរបស់អូស្ត្រាលី ដូចជា ស្រូវសាលី, សាច់គោ កំណត់ឈើ ធ្យូងថ្ម និងបង្កង ក៏រងនូវការហាមឃាត់នាំចូលពីសំណាក់ប្រទេសចិនដែរ។

ទោះយ៉ាងណា គិតមកទល់ដើមឆ្នាំ២០២៤ ទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់ចាប់ផ្ដើមយល់ចិត្តគ្នាច្រើនឡើងវិញហើយ ខណៈដែលថ្មីៗនេះ ប្រមុខការទូតចិន លោកវ៉ាង យី ក៏បានបំពេញទស្សនកិច្ច៣ថ្ងៃនៅប្រទេសអូស្ត្រាលីដែរ ព្រមទាំងបានជួបជាមួយនឹងមន្ត្រីកំពូលៗជាច្រើនរូបរបស់អូស្ត្រាលីថែមទៀតផង៕

អត្ថបទ៖ ចាន់ ភារម្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមគ្រួសារសេដ្ឋីវៀតណាមមួយទៀតរងការចោទប្រកាន់បោកប្រាស់លុយ ៤២ លានដុល្លារ

ព័ត៌មាន
ក្រុមគ្រួសារសេដ្ឋីវៀតណាមមួយទៀតហើយបានរងការចោទប្រកាន់ថាបានបោកប្រាស់លុយ ៤២ លានដុល្លារ! លោក ត្រាណ ឈី ថាញ់ (Tran Qui Thanh) អតីតប្រធានក្រុ…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងរិតតែជាកិច្ចការអាទិភាពសំខាន់បំផុតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ