ជំនួយចិន​សម្រាប់ប្រទេសក្រីក្រ

ចិនប្រកាសផ្តល់ជំនួយ៣ពាន់លានដុល្លារបន្ថែមទៀត ជួយប្រទេសប្រក្រីក្រដើម្បីប្រយុទ្ធនឹងកូវីដ-១៩


នៅក្នុងកិច្ចប្រជុំជំនួបកំពូល G20 ស្តីពីសុខភាពសកលតាមរយៈប្រព័ន្ធវីដេអូខនហ្វឺរ៉េន កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រទេសចិនបានសន្យាផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារអាមេរិក ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ ការផ្ដល់ជំនួយរបស់ចិននេះ ស្របពេលដែលពិភពលោកកំពុងខ្នះខ្នែងខ្លាំងមែនទែន ក្នុងការពង្រឹងសេដ្ឋកិច្ចឡើងវិញ និងការទប់ទល់ជាមួយការរាតត្បាតនៃកូវីដ-១៩។
ចិនប្រកាសផ្តល់ជំនួយ៣ពាន់លានដុល្លារបន្ថែមទៀត ជួយប្រទេសប្រក្រីក្រដើម្បីប្រយុទ្ធនឹងកូវីដ-១៩ (រូបភាព៖ Xinhua)
ដោយ

ក្រុមអ្នកជំនាញអះអាង សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗអាចស្ទុះងើបឡើងវិញបាន ឬមិនបាន? ងើបលឿន ឬយឺត? គឺវាអាស្រ័យលើការគ្រប់គ្រងកូវីដ-១៩ របស់ប្រទេសទាំងនោះ ពិសេសការការចាក់វ៉ាក់សាំងកូវីដ-១០បានលឿន និងមានប្រសិទ្ធភាពសម្រាប់ពលរដ្ឋតែម្ដង។

តាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ក្នុងជំនួបខាងលើ ប្រធានាធិបតីចិនលោក ស៊ី ជីងពីង បានសន្យានឹងផ្តល់ជំនួយដែលគិតជាទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារបន្ថែមទៀត សម្រាប់រយៈពេល៣ឆ្នាំខាងមុខ ដើម្បីជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បូករួមនិងការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។

ការសន្យារបស់លោក ស៊ី ជីងពីង ធ្វើឡើងនៅពេលដែល សហរដ្ឋអាមេរិកកំពុងប្រកាន់ជំហរ យ៉ាងសកម្មកាន់តែខ្លាំងឡើង ក្នុងការជួយដល់ប្រទេសដទៃទៀត តាមរយៈការប្រកាសចែករំលែកវ៉ាក់សាំងជាលើកដំបូងទៅក្រៅប្រទេស។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ដែរនោះ គឺលោកប្រធានាធិបតីចិនបានឈ្លៀតនិយាយបែបឌឺដង ឲ្យសហរដ្ឋអាមេរិក និងលោកខាងលិចថា៖ ប្រទេសធំៗគួរតែដើរតួនាទីឲ្យបានល្អ ស័ក្ដិសមនឹងឋានៈរបស់ខ្លួន ក្នុងការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រដែលកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់។

គួររំឭកដែរថា ក្រោយពីរងការរិះគន់ជាច្រើនទាក់ទងនឹងការស្ដុកទុកវ៉ាក់សាំងសម្រាប់ប្រើប្រាស់តែខ្លួន មិនព្រមចែករំលែកទៅប្រទេសដទៃនោះ នាពេលថ្មីៗនេះ អាមេរិកបានប្រកាសថា ខ្លួននឹងចែករំលែកវ៉ាក់សាំងកូវីដ-១៩ដែលខ្លួនផលិតចំនួន ២០លានដូសជាលើកដំបូង ទៅក្រៅប្រទេសឲ្យបានមុនដំណាច់ខែមិថុនាខាងមុខ។

ដោយឡែក ប្រទេសចិនកាលពីសប្តាហ៍មុន បានឲ្យដឹងទៀតថាខ្លួនកំពុងផ្ដល់វ៉ាក់សាំងដល់ប្រទេសជិត៤០ហើយនៅតំបន់អាហ្វ្រិក និងបានអះអាងថាការជួយនេះ គឺជាការជួយដោយទឹកចិត្តបរិសុទ្ធ ហើយវាក៏ជាសកម្មភាពមួយធ្វើឡើងឆ្លើយតបទៅនឹងការលើកឡើងនាពេលកន្លងមក ដែលគេច្រើនតែនិយាយថា ប្រទេសចិនយកវ៉ាក់សាំងជានយោបាយការទូតនោះ។

សូមបញ្ជាក់ថា បញ្ហាកូវីដ១៩បានក្លាយជាសេណារ៉ីយ៉ូ ថ្មីមួយទៀតសម្រាប់មហាអំណាចទាំងពីរគឺចិន និងអាមេរិកក្នុងការប្រកួតប្រជែងឥទ្ធិពលគ្នាតាមរយៈការផ្តល់ជាជំនួយមិនថាជា សាច់ប្រាក់ សម្ភារ ឬវ៉ាក់សាំងនោះទេ ទៅឲ្យប្រទេសក្រីក្រ។ ប៉ុន្តែកន្លងមកគេសង្កេតឃើញថា ប្រទេសចិនជាអ្នកនាំមុខគេក្នុងការផ្តល់ជំនួយទាំងសាច់ប្រាក់ និងជាពិសេសគឺវ៉ាក់សាំងតែម្តង ទៅឲ្យប្រទេសក្រីក្រ។

ទិន្នន័យពីគេហទំព័រស្តីពីវ៉ាក់សាំងដែលបង្កើតឡើងដោយប្រទេសចិន បានបង្ហាញថា គិតដល់ពេលនេះចិន នាំចេញវ៉ាក់សាំងទៅក្រៅប្រទេសបានចំនួន ជាង២១០លានដូសរួចហើយ ដែលក្នុងនោះមានជាង ១៨លានដូសជាការបរិច្ចាគក្នុងន័យជំនួយមនុស្សធម៌៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ នឹងអញ្ជើញអ្នករកចំណូលពីYoutube ជួបពិភាក្សាគ្នានៅសប្តាហ៍នេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីស៍បានប្រាប់ក្រុមការងារខេមបូណូមីសថា ក្រសួងនឹងអញ្ជើញអ្នករកប្រាក់ចំណូលពី Youtube មកជួបពិភាក្សាគ្នានៅសប្ដាហ៍នេះ ដ…

អឺរ៉ុប និងចិនបន្តប៉ះសម្ដីគ្នាកាន់តែខ្លាំងជុំវិញកិច្ចព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលត្រូវពន្យារពេល

ព័ត៌មាន
ប្រទេសចិន និងអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មរកស៊ីធំជាមួយគ្នាផង និងជាគូប្រជែងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយផងនោះ ថ្មីៗនេះកំពុងបន្ដប៉ះព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ