ថាមពលឥន្ធនៈ

ចិនល្មើសនឹងទណ្ឌកម្មបស្ចិមលោកដោយចាប់យករុស្ស៊ីធ្វើជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ខ្លួន


ប្រទេសរុស្ស៊ីបានវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ច្រើនបំផុតរបស់ចិននៅក្នុងឆ្នាំ២០២៣ ខណៈប្រទេសដែលនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកមួយនេះបានប្រឆាំងនឹងទណ្ឌកម្មរបស់បស្ចិមលោកដែលបានដាក់លើរុស្ស៊ី ដោយបានទិញប្រេងបញ្ចុះតម្លៃក្នុងបរិមាណដ៏ច្រើនសម្រាប់រោងចក្រកែច្នៃរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលឥន្ធនៈ
ដោយ

ទិន្នន័យគយរបស់ចិន បានបង្ហាញថា ប្រទេសរុស្ស៊ីបាននាំចេញប្រេងឆៅជាង១០៧លានតោនទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០២៣ ស្មើនឹងជាង២លានបារ៉ែល ក្នុងមួយថ្ងៃ ជាតួលេខមួយច្រើនជាងប្រទេសនាំចេញប្រេងសំខាន់ៗផ្សេងទៀតដូចជា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ជាដើម។ការនាំចូលប្រេងឆៅពីអារ៉ាប៊ីសាអូឌីតដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ធំជាងគេរបស់ចិននោះ ឥឡូវនេះបានធ្លាក់ចុះជិត២% មកនៅត្រឹមជិត៨៦លានតោន ខណៈដែលប្រទេសស្តេចប្រេងដ៏ធំបំផុតនៅមជ្ឈិមបូព៌ាមួយនេះបានបាត់បង់ចំណែកទីផ្សារដោយសារតែការលក់បញ្ចុះតម្លៃប្រេងរបស់រុស្ស៊ី។

ដោយសារអ្នកទិញអន្តរជាតិជាច្រើនបានបដិសេធទិញប្រេងពីរុស្ស៊ី បន្ទាប់ពីប្រទេសនេះបានរងទណ្ឌកម្មពីបស្ចិមលោកជុំវិញការឈ្លានពានរបស់ខ្លួនទៅលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ នោះ ប្រេងឆៅរបស់រុស្ស៊ីត្រូវបានជួញដូរដោយបញ្ចុះតម្លៃក្រោមតម្លៃស្តង់ដារអន្តរជាតិ កាលពីឆ្នាំមុនចំពេលមានការកំណត់តម្លៃរបស់បស្ចិមលោកឱ្យលក់ត្រឹមតែ៦០ដុល្លារក្នុងមួយធុងបារ៉ែល ដែលបានធ្វើកាលពីខែធ្នូ ឆ្នាំ២០២២។

ប៉ុន្តែការបង្កើនល្បឿនរបស់ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន និងឥណ្ឌាក្នុងការទិញប្រេងបញ្ចុះតម្លៃរបស់រុស្ស៊ីរហូតដល់ឆ្នាំ២០២៣ នោះ បានរុញច្រានឱ្យតម្លៃប្រេងឆៅរបស់រុស្ស៊ីអាចលក់ក្នុងតម្លៃខ្ពស់ជាងតម្លៃកំណត់៦០ដុល្លារអាម៉េរិកក្នុងមួយធុងបារ៉ែល។

ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនបានប្រើប្រាស់ឈ្មួញអន្តរការី ដើម្បីដោះស្រាយការដឹកជញ្ជូន និងការធានារ៉ាប់រងប្រេងឆៅរបស់រុស្ស៊ី ដើម្បីជៀសវាងការបំពានលើទណ្ឌកម្មរបស់លោកខាងលិច។ ហើយអ្នកទិញមួយចំនួន ក៏បានប្រើដែនទឹកនៅជិតប្រទេសម៉ាឡេស៊ី ធ្វើជាចំណុចដឹកជញ្ជូនឆ្លងកាត់សម្រាប់ទំនិញដែលជាប់ទណ្ឌកម្មមកពីប្រទេសអ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា​ ខណៈការនាំចូលមកពីម៉ាឡេស៊ីក៏បានកើនឡើងជាង៥៣% កាលពីឆ្នាំមុនផងដែរ។

ទន្ទឹមនឹងនេះ ចិនក៏បានបង្កើនការនាំចូលប្រេងពីអាម៉េរិក កាលពីឆ្នាំមុនដោយកើនឡើងជាង៨១% ផងដែរ បើទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនក៏ដោយ ស្របពេលផលិតកម្មប្រេងឆៅរបស់អាម៉េរិកមានការកើនឡើង។សរុបមក គឺថាការនាំចូលប្រេងឆៅសរុបរបស់ប្រទេសចិនសម្រាប់ឆ្នាំ២០២៣ បានកើនឡើងដល់កម្រិតខ្ពស់បំផុតជិត៥៦៤លានតោន ស្មើនឹងជាង១១លានធុងបារ៉ែលក្នុងមួយថ្ងៃ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្តាលវៀតណាម ជំរុញឱ្យរដ្ឋាភិបាល បង្កើនការឃ្លាំមើលទីផ្សារមាស

ព័ត៌មាន
ធនាគារកណ្តាលវៀតណាម បានជំរុញឱ្យស្ថាប័ន និងអាជ្ញាធរជំនាញផ្សេងៗរួបរួមគ្នា បន្តតាមដាន និងឃ្លាំមើលការប្រែប្រួលខ្លាំងនៃតម្លៃ និងទីផ្សារមាសនៅក្នុ…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអប់រំ បណ្តុះបណ្តាលមូលធនមនុស្សគឺជាកត្តាដ៏ចម្បងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាព ក្នុងរយៈពេលប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ