កិច្ចប្រជុំរវាងប្រមុខការពារជាតិអាមេរិក និងសមភាគីចិន

កិច្ចប្រជុំរវាងប្រមុខការពារជាតិអាមេរិក និងសមភាគីចិន នៅតែមិនទាន់អាចធ្វើបាន ទោះភាគីទាំងពីរបង្ហាញពីឆន្ទៈចង់ប្រជុំក្ដី


រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានសម្តែងការសោកស្តាយកាលពីថ្ងៃសៅរិ៍ ទី៣ មិថុនា ចំពោះការបដិសេធរបស់រដ្ឋមន្ត្រីការពារជាតិចិនដែលមិនព្រមជួបពិភាក្សាគ្នាទល់មុខ។ លោកថា កង្វះកិច្ចសន្ទនានឹងធ្វើឱ្យមានភាពជាប់គាំង និងល្អក់កករបន្ថែមទៀតក្នុងទំនាក់ទំនងរវាងយោធាមហាអំណាចទាំងពីរ។ មួយថ្ងៃក្រោយមក រដ្ឋមន្ត្រីការពារជាតិចិនបានបង្ហាញចេតនាចង់មានកិច្ចប្រជុំដែរ តែមានលក្ខខណ្ឌមួយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
កិច្ចប្រជុំរវាងប្រមុខការពារជាតិអាមេរិក និងសមភាគីចិន នៅតែមិនទាន់អាចធ្វើបាន ទោះភាគីទាំងពីរបង្ហាញពីឆន្ទៈចង់ប្រជុំក្ដី

លោក ឡយ អូស្ទីន ប្រមុខការពារជាតិអាមេរិក បានថ្លែងថា កង្វះកិច្ចសន្ទនាដោយផ្ទាល់ជាមួយសមភាគីចិន នឹងធ្វើឱ្យមានភាពជាប់គាំង និងល្អក់កករបន្ថែមទៀត ក្នុងទំនាក់ទំនងរវាងយោធាមហាអំណាចទាំងពីរលើសំណុំរឿងកោះតៃវ៉ាន់ និងបញ្ហានៅសមុទ្រចិនខាងត្បូង។ ការលើកឡើងដូច្នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីសន្តិសុខអាស៊ី សាងហ្គ្រីឡា (Sangri-La) នៅប្រទេសសឹង្ហបុរី។ លោកបានបន្ថែមថា ការស្ទាក់ស្ទើររបស់ទីក្រុងប៉េកាំងក្នុងការនិយាយទល់មុខគ្នា បានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់ ស្របពេលដែលប្រទេសគូប្រជែងទាំងពីរកំពុងបង្កើនកម្លាំងយោធារៀងៗខ្លួន។

លោក ឡយ អូស្ទីន បានបញ្ជាក់ក្នុងសម្ដីផ្ទាល់កាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងដែលសាធារណៈរដ្ឋប្រជាមានិតចិន មិនមានឆន្ទៈចូលរួមពិភាក្សាដោយការយកចិត្តទុកដាក់អំពីយន្តការដែលកាន់តែល្អប្រសើរឡើងសម្រាប់គ្រប់គ្រងវិបត្តិរវាងយោធារបស់យើងទាំងពីរប្រទេស"។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានបន្តថា៖ «ពេលណាយើងជជែកកាន់តែច្រើន យើងអាចជៀសវាងការយល់ច្រឡំ និងការគណនាខុស ដែលអាចនាំទៅរកវិបត្តិ ឬជម្លោះ»។

បន្ទាប់មក នៅថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) បានប្រាប់កិច្ចប្រជុំសន្តិសុខអាស៊ីថា ជម្លោះរវាងចិននិងសហរដ្ឋអាមេរិកនឹងក្លាយជា "គ្រោះមហន្តរាយដែលមិនអាចទ្រាំទ្របានសម្រាប់ពិភពលោក» ប៉ុន្តែថាប្រទេសរបស់លោកបានស្វែងរកការពិភាក្សាជុំវិញការប្រឈមមុខដាក់គ្នា។

ថ្លែងនៅក្នុងកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី លោក Li បាននិយាយថា ពិភពលោកគឺធំល្មមសម្រាប់ឱ្យប្រទេសចិន និងសហរដ្ឋអាមេរិក រីកចម្រើនជាមួយគ្នា។ ការកត់សម្គាល់បែបនេះធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានបដិសេធមិនជួបសមភាគីសហរដ្ឋអាមេរិកសម្រាប់កិច្ចពិភាក្សាទ្វេភាគីដោយផ្ទាល់។

លោក លី បានបញ្ជាក់ថា "ប្រទេសចិន និងសហរដ្ឋអាមេរិក មានប្រព័ន្ធផ្សេងៗគ្នា និងមានលក្ខណៈខុសៗគ្នាជាច្រើន" ហើយលោកបន្តថា «ទោះជាយ៉ាងណាក៏ដោយ រឿងនេះមិនគួររារាំងភាគីទាំងពីរមិនឱ្យស្វែងរកជំហររួម និងផលប្រយោជន៍រួម ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី និងដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនោះទេ”។

គួរជម្រាបថា រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកកាលពីលោកមិនទាន់បានកាន់តំណែងជារដ្ឋមន្ត្រីម្ល៉េះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនបានចោទលោកថាបានទិញ និងផ្គត់ផ្គង់សម្ភារៈយោធាទៅឱ្យរុស្ស៊ី។ នេះជាមូលហេតុចម្បងមួយដែលធ្វើឱ្យរដ្ឋមន្ត្រីការពារជាតិចិនបដិសេធជំនួបទ្វេភាគីជាមួយសមភាគីសហរដ្ឋអាមេរិក ដោយភាគីចិនបានស្នើឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មលើលោក លី ចេញជាមុនសិន។

កាលពីថ្ងៃសុក្រ អ្នកទាំងពីរបានចាប់ដៃគ្នារលាក់នៅខាងក្រៅសន្និសីទ សាងហ្គ្រី-ឡា ប៉ុន្តែមិនបានធ្វើការពិភាក្សាគ្នាលម្អិតទេ។ លោក Austin បាននិយាយថា "ការចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាលក្នុងពិធីទទួលទានអាហារពេលល្ងាច មិនអាចជំនួសឱ្យជំនួបដ៏ទូលំទូលាយមួយឡើយ"។

ការសន្ទនារវាងប្រទេសទាំងពីរបានជាប់គាំងចាប់តាំងពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្លីកឃិន (Antony Blinken) បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីខែកុម្ភៈ បន្ទាប់ពីពោងហោះរបស់ចិនត្រូវបានបាញ់ទម្លាក់ដោយសហរដ្ឋអាមេរិកដែលសង្ស័យថាធ្វើចារកិច្ចក្នុងលំហរអាកាសសហរដ្ឋអាមេរិក។

បញ្ហាសន្តិសុខដ៏តឹងតែងបំផុតមួយរវាងមហាអំណាចទាំងពីរគឺអំពីអនាគតរបស់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចង់ក្រសោបយកមកដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ទោះជាត្រូវប្រើកម្លាំងក៏ដោយ។ គេមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ចិនអាចឈ្លានពានកោះតៃវ៉ាន់ ហើយសហរដ្ឋអាមេរិកអាចនឹងចូលធ្វើអន្តរាគមន៍ជួយកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ៕




អត្ថបទបន្ទាប់


តើកម្ពុជាអាចរងឥទ្ធិពលបែបណាពីគម្រោងកាត់បន្ថយការនាំចេញអង្កររបស់វៀតណាមត្រឹម៤លានតោននៅឆ្នាំ២០៣០?

ព័ត៌មាន
ប្រទេសវៀតណាម គឺជាទីផ្សារគោលដៅដ៏សំខាន់មួយ ក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្មដែលមិនទាន់កែច្នៃ ក្នុងនោះរួមមាន …

អ្នកជំនាញក្នុងឧស្សាហកម្មសណ្ឋាគារអះអាងថា វិស័យសណ្ឋាគារមានភាពរឹងមាំ ខណៈការធ្វើដំណើរក្នុងពិភពលោកកើនឡើង

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ចបានអះអាងថា ឧស្សាហកម្មសណ្ឋាគារនឹងមានកំណើន ខណៈដែលនិន្នាការនៃការធ្វើដំណើរនៅក្នុងពិភពលោកកំពុងតែមានចលនាឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ