ចិននិងប្រទេសប៉ាគីស្ថាន

រដ្ឋមន្ត្រីការបរទេសចិនថា ចិននិងប្រទេសប៉ាគីស្ថានប្តេជ្ញាកសាងសហគមន៍កាន់តែជិតស្និទ្ធដែលមានអនាគតរួមគ្នា


លោក ឈីន កាង (Qin Gang) ជាទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិននិងប្រទេសប៉ាគីស្ថានដែលជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់កាលៈទេសៈនោះ បានប្តេជ្ញាចិត្តកសាងសហគមន៍ចិន-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធដោយមានអនាគតរួមគ្នា នៅក្នុងយុគសម័យថ្មីនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ស៊ីនហួ។
រដ្ឋមន្ត្រីការបរទេសចិនថា ចិននិងប្រទេសប៉ាគីស្ថានប្តេជ្ញាកសាងសហគមន៍កាន់តែជិតស្និទ្ធដែលមានអនាគតរួមគ្នា

នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីមានកិច្ចសន្ទនាជាយុទ្ធសាស្ត្រជុំទី៤រវាងរដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង និងសមភាគីប៉ាគីស្ថាន លោក ប៊ីឡាវាល ប៊ូតូ ហ្សាដារី (Bilawal Bhutto Zardari), លោក ឈីន បានថ្លែងថា ប្រទេសចិនកោតសរសើរចំពោះការគាំទ្រផ្នែកនយោបាយរបស់ប៉ាគីស្ថានលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់ចិន។

លោក ឈីន បាននិយាយទៀតថា ចិននឹងបន្តគាំទ្រប៉ាគីស្ថានក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិ, ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍សមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន, និងក្នុងការដើរតួនាទីដ៏ត្រឹមត្រូវរបស់ខ្លួនក្នុងកិច្ចការពិភពលោកនិងតំបន់។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នាថា ប្រទេសទាំងពីរនៅក្នុងយុគសម័យក្រោយជំងឺកូវីដ នឹងបន្តការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ក៏ដូចជាការពិគ្រោះយោបល់តាមរយៈយន្តការនានា។ ភាគីទាំងពីរបានបន្តថា ដៃគូទ្វេភាគីនេះក៏នឹងអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀងសំខាន់ៗដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរ។ លើសពីនេះទៀត យោងតាមរដ្ឋមន្ត្រីទាំងពីររូប ចិននិងប៉ាគីស្ថាននឹងពន្លឿនកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងចិននិងប៉ាគីស្ថាន។

នៅក្នុងជំនួបនោះ ភាគីទាំង២បានសន្យាពន្លឿនគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) និងផែនការនិងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ព្រមទាំងពង្រីកព្រំដែននៃសហប្រតិបត្តិការលើវិស័យនានាទៀត រួមទាំងវិស័យកសិកម្ម បច្ចេកវិទ្យា និងថាមពលថ្មី ដើម្បីជួយប៉ាគីស្ថានឱ្យសម្រេចបានការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព។

ឆ្នាំនេះជាខួបលើកទី ១០ នៃការចាប់ផ្តើមគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។ លោករដ្ឋមន្ត្រីការបរទេសចិនបានគូសបញ្ជាក់អំពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃគម្រោងនេះ។

លោក ឈីន បាននិយាយថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសទាំង២ គម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន បានក្លាយជាគំរូមួយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ ដែលនាំមកនូវការកែលម្អយ៉ាងសំខាន់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសប៉ាគីស្ថាន និងអត្ថប្រយោជន៍សេដ្ឋកិច្ចនិងសង្គមជាក់ស្តែងពីគម្រោងប្រមូលផលដំបូងៗមួយចំនួន។

លោក ឈីន បានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួមគ្នារវាងចិន និងប៉ាគីស្ថាននេះ មានបំណងជួយប៉ាគីស្ថានឱ្យអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

លោក ឈីន បាននិយាយថា មានចលនាមួយចំនួនបានប្រឌិតការកុហកថា ប្រទេសចិនកំពុងបង្កើតអន្ទាក់បំណុលនៅក្នុងប្រទេសប៉ាគីស្ថាន។ លោក ឈីន បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានសួរមនុស្សទាំងនោះថា តើពួកគេបានធ្វើអ្វីខ្លះសម្រាប់ការអភិវឌ្ឍនៅប្រទេសប៉ាគីស្ថាន និងទឹកប្រាក់ពិតប្រាកដដែលពួកគេបានវិនិយោគនៅប៉ាគីស្ថាន។ លោក ឈីន ជឿថា ពលរដ្ឋប៉ាគីស្ថានមិនត្រូវការវោហាសាស្ត្រគ្មានប្រយោជន៍ទេ ប៉ុន្តែត្រូវការជំនួយពិតប្រាកដ។

លោកបានសង្កត់ធ្ងន់ថា ស្ថិរភាពគឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ ហើយសន្តិសុខគឺជាមូលដ្ឋាននៃវិបុលភាព។ ប្រទេសចិនសង្ឃឹមថា កម្លាំងនយោបាយទាំងអស់ក្នុងប្រទេសប៉ាគីស្ថាននឹងកសាងការឯកភាពគ្នា, រក្សាស្ថិរភាព, ឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមខាងក្នុងនិងខាងក្រៅ, ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចនិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន, និងជំរុញប្រទេសឱ្យធ្វើដំណើរលឿនឆ្ពោះទៅរកការអភិវឌ្ឍន៍ និងការរស់រវើកឡើងវិញ។

ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការតាមដាន និងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើអ្នកប្រព្រឹត្តិការវាយប្រហារភេរវកម្មដែលយកប្រទេសចិនជាគោលដៅ។ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនិងប្រឆាំងភេរវកម្មឱ្យកាន់តែស៊ីជម្រៅ ហើយបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការក្នុងកិច្ចការប្រឆាំងភេរវកម្មក្នុងតំបន់ថែមទៀតផង៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កម្ពុជា-វៀតណាមបានឯកភាពគ្នាសិក្សាលទ្ធភាពភ្ជាប់ជើងហើរត្រង់រវាងកោះភូគុក និងខេត្តសៀមរាប

ព័ត៌មាន
កម្ពុជា និងវៀតណាមបានឯកភាពគ្នាសិក្សាលើលទ្ធភាពភ្ជាប់ជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍ប្រទេសទាំងពីរ ជាពិសេសរវាងខេត្តសៀមរាបដែលជាតំបន់ទេសចរណ…

ការស្ទង់មតិបង្ហាញថា ពលរដ្ឋ ៨០ % នៅជប៉ុនប្រឆាំងផែនការដំឡើងពន្ធ ដើម្បីរ៉ាប់រងការចំណាយលើវិស័យការពារជាតិ

ព័ត៌មាន
លទ្ធផលនៃការស្ទង់មតិមួយរបស់ សារព័ត៌ មាន ក្យូដូ ញូស៍ (Kyodo News) បានបង្ហាញកាលពីថ្ងៃសៅរ៍ ថា អ្នកចូល រួម សរុប ចំនួន ៨០ % បាន និយាយ ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ