កសិដ្ឋានចិញ្ចឹមក្រពើ

ក្រសួងកសិកម្មកំពុងជំរុញឲ្យមានការនាំចេញស្បែកក្រពើទៅកាន់ទីផ្សារចិន ខណៈអ្នកចិញ្ចឹមក្រពើកាន់តែច្រើនបោះបង់ការចិញ្ចឹម


អ្នកនាំពាក្យក្រសួងកសិកម្មកម្ពុជា បានអះអាងថ្មីៗនេះថា ក្រសួងកំពុងខិតខំជំរុញឲ្យរដ្ឋបាលគយចិនបើកផ្លូវឲ្យកម្ពុជាអាចនាំចេញស្បែកក្រពើទៅកាន់ទីផ្សារចិនបាននាពេលខាងមុខនេះ។ ការលើកឡើងពីការដុតដៃដុតជើងក្នុងការស្វែងរកទីផ្សារសម្រាប់ការនាំចេញស្បែកក្រពើនេះ ធ្វើឡើងនៅចំពេលដែល អ្នកចិញ្ចឹមក្រពើក្នុងស្រុកនាពេលបច្ចុប្បន្ន កំពុងប្រឈមនឹងការបិទទ្វារកាន់តែច្រើនឡើង ដោយសារតែគ្មានទីផ្សារ។
កសិដ្ឋានចិញ្ចឹមក្រពើ
ដោយ

លោក អ៊ុង វិសាល ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ នៅក្នុងខេត្តសៀមរាប បានប្រាប់ ខេមបូណូមីស ឱ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំមកនេះ កសិដ្ឋានរបស់លោកប្រឈមនឹងការខាតបង់ថវិកាអស់ជាច្រើន ដោយសារតែក្រពើដែលចិញ្ចឹមបាន ត្រូវបានឈ្មួញទិញក្នុងតម្លៃទាប និងពុំមានទីផ្សារបញ្ជាទិញពីបរទេសដូចពីមុន។ ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងដែរថា ដោយសារតែគ្មានទីផ្សារបែបនេះ ទើបធ្វើឱ្យម្ចាស់កសិដ្ឋានមួយចំនួនបានបង្ខំចិត្តកាប់សាច់លក់ និងមាននាំចេញទៅកាន់ប្រទេសជិតខាងក្នុងចំនួនតិចតួចដែលមានតម្លៃថោក ដើម្បីបានថវិកាខ្លះមកប្រើប្រាស់សម្រាប់ទិញចំណីឱ្យក្រពើបន្តទៀត។

បើតាមលោក អ៊ុង វិសាល ក្រពើមេពីមុនធ្លាប់លក់បាន ក្នុងតម្លៃចន្លោះពី ៥០០-៦០០ដុល្លារ តែបច្ចុប្បន្នលក់បានចន្លោះតែ ៤០-៥០ដុល្លារប៉ុណ្ណោះ ក្នុង១ក្បាល ហើយប្រសិនបើទីផ្សារនៅតែបន្ដដូច្នេះ នោះកសិដ្ឋានរបស់លោក ដែលមានចិញ្ចឹមក្រពើទាំងមេនិងឈ្មួល ប្រមាណ៥ពាន់ក្បាល​ នឹងត្រូវក្ស័យធននៅក្នុងរយៈពេល១ឆ្នាំខាងមុខ។ ទោះយ៉ាងណា ម្ចាស់កសិដ្ឋាន ដែលមានបទពិសោធន៍ចិញ្ចឹមក្រពើ ជិត៣០ឆ្នាំរូបនេះ រំពឹងថា រដ្ឋាភិបាលនឹងគិតគូររកទីផ្សារដល់អ្នកចិញ្ចឹមក្រពើក្នុងស្រុកឲ្យបានឆាប់ ដូចជាការនាំចេញស្បែកក្រពើដោយត្រង់ទៅកាន់ទីផ្សារចិនជាដើម ដ្បិតវា អាចលក់បានតម្លៃខ្ពស់ ជាជាងការនាំចេញទៅកាន់ប្រទេសជិតខាង។

ពាក់ព័ន្ធនឹងស្ថានភាពការចិញ្ចឹមក្រពើនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការចិញ្ចឹមក្រពើក្នុងឆ្នាំ២០២៣ មានការថយចុះចាប់តាំងពីមានការរាលដាលជំងឺកូវីដ-១៩ និងម្យ៉ាងទីផ្សារក្រពើនៅអន្តរជាតិ ក៏មិនទាន់មានតម្រូវការដែរ។ ទោះយ៉ាងណា អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ បានអះអាងថា ក្រសួងកំពុងខិតខំបន្ដការចរចារៀបចំពិធីសារ ជាមួយអគ្គរដ្ឋបាលគយចិន ដើម្បីនាំចេញស្បែកក្រពើទៅចិននៅពេលខាងមុខ។

អ្នកជំនាញធ្លាប់បានលើកឡើងដែរថា ការនាំចេញស្បែកក្រពើទៅកាន់ទីផ្សារចិនបាន គឺទាមទារឲ្យការចិញ្ចឹមមានលក្ខណៈបច្ចេកទេសត្រឹមត្រូវទើបស្បែកក្រពើអាចមានគុណភាពខ្ពស់ គួបផ្សំនឹងការវិនិយោគលើការកែច្នៃស្បែកក្រពើផងដែរ។ បច្ចុប្បន្ន ការចិញ្ចឹមក្រពើនៅកម្ពុជាភាគច្រើន គឺជាការចិញ្ចឹមលក់កូនតែប៉ុណ្ណោះ។

យោងតាមទិន្នន័យពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កសិដ្ឋាននានានៅកម្ពុជា ចិញ្ចឹមក្រពើបានចំនួនជាង ៣៣ម៉ឺនក្បាល មានការថយចុះជាង ៥ម៉ឺន៨ពាន់ក្បាល ស្មើ១៥%។ តាមទិន្នន័យដដែលនេះ បង្ហាញទៀតថា បច្ចុប្បន្ននៅកម្ពុជា មានកសិដ្ឋានចិញ្ចឹមក្រពើ ចំនួន ២៦៨ កសិដ្ឋាន ស្ថិតនៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងខេត្តព្រៃវែង៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសណាដណ្ដើមបានតំណែងជាប្រទេសនាំចេញកំពូលទៅកាន់សហរដ្ឋអាម៉េរិក ជំនួសចិន?

ព័ត៌មាន
ប្រទេសចិន បានកាន់កាប់តំណែងជាប្រទេសនាំចេញកំពូលទៅកាន់ទីផ្សារអាម៉េរិក រយៈពេល១៧ឆ្នាំមកហើយ ប៉ុន្ដែ ក៏ត្រូវរបូតតំណែងវិញ ដោយសារតែប្រទេសយក្ស…

សកម្មភាពសាងសង់ទីក្រុងរណបធំៗនៅកម្ពុជា នៅតែបន្តដំណើរការជាធម្មតា ទោះជាវិស័យសំណង់ និងអចលនទ្រព្យបន្ដនៅទ្រឹងក្ដី

ព័ត៌មាន
បើទោះបីជាស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នៅរយៈពេលចុងក្រោយនេះ មានសភាពនៅទ្រឹងយ៉ាងណាក្ដី ប៉ុន្ដែ គម្រោងសាងសង់ទីក្រុងរណបធំៗនៅកម្ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ