ទីតាំងកសិកម្មជាង១២០០ បានអនុវត្តគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីកសិកម្ម៤៨០៛/KWh

ទីតាំងកសិកម្មជាង ១២០០កន្លែង ទទួលបានការបញ្ចុះតម្លៃអគ្គិសនី៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង


រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម ដែលមានតម្លៃទាបជាងការប្រើប្រាស់អគ្គិសនីប្រភេទផ្សេងៗ ចាប់តាំងពីឆ្នាំ២០២១មក ជាពិសេសគឺនៅពេលយប់ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក គឺថ្លៃអគ្គិសនីត្រូវបានអនុគ្រោះឲ្យបង់ត្រឹមតែ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។
ទីតាំងកសិកម្មជាង១២០០ បានអនុវត្តគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីកសិកម្ម៤៨០៛/KWh
ដោយ

មន្ត្រីជាន់ខ្ពស់នៃអគ្គិសនីកម្ពុជា បានឱ្យដឹងថា រហូតមកទល់ពេលនេះ មានអ្នកប្រកបរបរនៅក្នុង​វិស័យកសិកម្មជាង១ពាន់២០០ទីតាំងហើយ ដែលបានប្រើប្រាស់ថាមពលអគ្គិសនី​ក្រោម​គោលនយោបាយបន្ធូរបន្ថយនេះ ហើយតាមរយៈគោលនយោបាយនេះវា​នឹងជួយកាត់​បន្ថយការចំណាយថ្លៃដើម និងបង្កើនផលចំណេញដល់ពួកគេផងដែរ។

លោកបណ្ឌិត លឿង កែវសិលា ប្រធាននាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ នៃអគ្គិសនី​កម្ពុជា​បានគូសបញ្ជាក់ថា គោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីក្នុង​តម្លៃ៤៨០រៀលក្នុង​១គីឡូវ៉ាត់ម៉ោង ដែលកំណត់ឱ្យ​ប្រើចាប់ពីម៉ោង៩យប់ដល់ម៉ោង៧ព្រឹកនេះ ត្រូវបានអនុវត្តតាំងពីឆ្នាំ២០១៦ មក សម្រាប់តែការបូមទឹកធ្វើកសិកម្មប៉ុណ្ណោះ។ បន្ទាប់មកនៅឆ្នាំ២០២១ គម្រោងនេះត្រូវបាន​ដាក់ឱ្យប្រើប្រាស់​លើគ្រប់ប្រភេទក្នុងវិស័យកសិកម្មទាំងអស់។ ប៉ុន្តែកសិករ ម្ចាស់កសិដ្ឋាន និងអ្នកផលិតនៅក្នុងវិស័យកសិកម្មភាគច្រើន ពុំបានដឹងអំពីគោលនយោបាយ​អនុគ្រោះថ្លៃអគ្គិសនីនេះនោះទេ។ កត្តានេះបានធ្វើឱ្យក្រសួងស្ថានប័នពាក់ព័ន្ធបានផ្តួចផ្តើម​គ្នាបើកកិច្ចសន្ទនាមួយ ស្ដីពីការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្មនេះ កាលពីចុងឆ្នាំ២០២២កន្លងទៅ។

ក្រោយក្រសួងស្ថានប័នពាក់ព័ន្ធបានខិតខំជំរុញលើកិច្ចការនេះរួមមក លោកសង្កេតឃើញថា អ្នកទទួលបានការអនុគ្រោះថ្លៃអគ្គិសនីក្នុងវិស័យកសិកម្មនេះហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ចាប់តាំងពីដើមឆ្នាំ២០២១ រហូតមកទល់ពេលបច្ចុប្បន្ននេះ មានអ្នកប្រកបរបរ​នៅក្នុងវិស័យកសិកម្មជាង១ពាន់២រយទីតាំងនៅក្នុងខេត្តក្រុងចំនួន២២ បានមកស្នើសុំប្រើប្រាស់គោល​នយោបាយអនុគ្រោះថ្លៃអគ្គិសនីនេះ។ ប៉ុន្តែមានខេត្តចំនួន៣ដូចជាខេត្តកោះកុង មណ្ឌលគិរី និងឧត្តរមានជ័យមិនទាន់មានការស្នើសុំប្រើ​ប្រាស់គោលនយោបាយនេះនោះទេ។ ជាមួយគ្នានេះដែរអគ្គិសនីកម្ពុជាក៏បានតភ្ជាប់ចរន្តអគ្គិសនីដោយផ្លាស់ប្តូរទៅជាប្រភេទសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មនេះបានចំនួន៨៩៥ទីតាំង និងកំពុងដំណើរការតភ្ជាប់ចរន្តអគ្គិសនីនេះចំនួន៣៦៦ទីតាំងបន្ថែមទៀតផងដែរ។

ជុំវិញបញ្ហានេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចញ្ចឹមសត្វកម្ពុជាបានចាត់ទុកការដាក់ឲ្យ​អនុវត្តគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនៅក្នុងវិស័យកសិកម្មនៅពេលយប់នេះ គឺជាការយកចិត្តទុកដាក់មួយរបស់រាជរដ្ឋាភិបាលលើវិស័យកសិកម្ម ជាពិសេសវិស័យចិញ្ចឹមសត្វ ដ្បិតវាបានចូលរួមចំណែកជួយកាត់បន្ថយការចំណាយរបស់កសិករបានមួយកម្រិត។ តែយ៉ាងណាប្រធានសមាគមរូបនេះ អះអាងថា ប្រជាកសិករមួយចំនួននៅមិនទាន់អាច​ទទួលបានការប្រើប្រាស់គោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនេះនៅឡើយទេ ដោយសារទីតាំងចិញ្ចឹមសត្វរបស់ពួកគេនៅឆ្ងាយពីបណ្តាយអគ្គិសនីរបស់រដ្ឋ ដែលធ្វើឱ្យពួកគេត្រូវការចំណាយច្រើនលើការតភ្ជាប់ចរន្តអគ្គីសនីចូលទៅទីតាំងទាំងនោះ។

បើតាមលោកបណ្ឌិត លឿង កែវសិលា គោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីក្នុង​តម្លៃ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោងនេះ អ្នកប្រកបរបរកសិកម្មទាំងអស់អាចស្នើសុំ​បានដោយពុំមានកំណត់អំពីកម្រិតនៃការប្រើប្រាស់ និងប្រភេទនៃអាជីវកម្មក្នុងវិស័យកសិកម្មនោះទេ។ ហើយគោលបំណងនៃការផ្តល់នូវតម្លៃអនុគ្រោះពិសេសនេះ គឺដើម្បីជួយកាត់បន្ថយការចំណាយក្នុងការប្រើប្រាស់អគ្គិសនីដល់អ្នកប្រកបរបរកសិកម្ម ក៏ដូចជាជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ វារីវប្បករ អាជីវករ និងអ្នកវិនិយោគនៅក្នុងវិស័យកសិកម្មទាំងអស់អាចបង្កើនប្រាក់ចំណូលបន្ថែម និងលើកស្ទួយវិស័យកសិកម្មរបស់កម្ពុជាឱ្យកាន់តែរិកចម្រើនបន្ថែមទៀត៕




អត្ថបទបន្ទាប់


គណៈប្រតិភូយោធារុស្ស៊ី និងប្រតិភូបក្សកុម្មុយនិស្តចិនបំពេញទស្សនកិច្ចកូរ៉េខាងជើង ដើម្បីចូលរួមខួបលើកទី៧០នៃ«ទិវាជ័យជំនះ»

ព័ត៌មាន
គណៈប្រតិភូរុស្ស៊ីមួយក្រុមដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើហ្គី ស៊ូហ្គូ កាលពីថ្ងៃអង្ការទី ២៥ ខែកក្កដា ត្រូវបានសារព័ត៌មានជាច្រើន…

ក្រុមអ្នកជំនាញ៖ ស្ថានភាពវិស័យកាត់ដេរកម្ពុជានៅតែមានស្ថិរភាព និងមិនមានបញ្ហាប្រឈមខ្លាំងគួរឲ្យព្រួយបារម្ភឡើយ‌‌!

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មបានអះអាងថា ខ្សែចង្វាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅតាមរោង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ