តម្លៃប្រេងឆៅបន្ដធ្លាក់ចុះ

តម្លៃប្រេងឆៅបន្ដធ្លាក់ចុះ ចំពេលសកម្មភាពផលិតនៃរោងចក្រក្នុងប្រទេសចិនត្រូវបានកាត់បន្ថយ


តម្លៃប្រេងបានធ្លាក់ចុះក្នុងថ្ងៃចន្ទ ទី ១ ខែ សីហាដើមសប្តាហ៍នេះ ដោយសារតម្រូវការនៃផលិតកម្មធ្លាក់ចុះក្នុងប្រទេសចិន និង ជប៉ុន ក្នុងខែកក្កដា ហើយការធ្លាក់ចុះនេះ បានថ្លឹងថ្លែងលើទស្សនវិស័យនៃតម្រូវការសកល ខណៈអ្នកវិនិយោគនៅក្នុងទីផ្សារប្រេងឆៅ កំពុងត្រៀមខ្លួនតាមដានមើល អំពីកិច្ចប្រជុំនៅសប្តាហ៍នេះ រវាងមន្ត្រីមកពីអង្គការ OPEC និង ក្រុមហ៊ុនផលិតកំពូលផ្សេងទៀត ស្តីពីការកែតម្រូវការផ្គត់ផ្គង់ប្រេងឆៅ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters ។
តម្លៃប្រេងឆៅបន្ដធ្លាក់ចុះ ចំពេលសកម្មភាពផលិតនៃរោងចក្រក្នុងប្រទេសចិនត្រូវបានកាត់បន្ថយ

ការបិទខ្ទប់ដ៏តឹងរឹងនៃជំងឺកូវីដ១៩ ចាប់តាំងពីខែមិថុនានៅក្នុង​ប្រទេសចិន​បានធ្វើឱ្យ​សកម្មភាពរោងចក្រ​នៅក្នុងទីក្រុង​ប៉េកាំង​ត្រូវបានផ្អាក ខណៈប្រទេសនេះជាអ្នកនាំចូលប្រេងឆៅធំបំផុត​មួយ​របស់ពិភពលោក។ ទិន្នន័យបានបង្ហាញកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថា សន្ទស្សន៍នៃតម្រូវការប្រេងឆៅ​ក្នុងប្រទេសចិន​​បានធ្លាក់ចុះទាបជាង​ការរំពឹងទុករបស់​អ្នកវិភាគ ខណៈសកម្មភាព​​ផលិតកម្ម​​របស់​ជប៉ុនក៏​បាន​ធ្លាក់ចុះ​​ក្នុង​អត្រា​ទាប​បំផុត​​​ក្នុង​ខែកក្កដាផងដែរ បើធៀបក្នុង​រយៈពេល ១០ ខែកន្លងមកនេះ។

លោក Tina Teng អ្នកវិភាគទីផ្សារមកពីក្រុមហ៊ុន CMC Markets បាននិយាយថា ទិន្នន័យបានបង្ហាញពីការធ្លាក់ចុះ​ដ៏គួរឱ្យភ្ញាក់ផ្អើល​នៃសកម្មភាពសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង​ដែលជាប្រទេស​មានសេដ្ឋកិច្ចធំជាងគេទី ២ របស់ពិភពលោក ដោយសារការចាត់វិធានការបិទខ្ទប់ដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់​កូវីដ ១៩ ដែលបានធ្វើឱ្យទស្សនវិស័យតម្រូវការនៃទីផ្សារប្រេងឆៅមានការធ្លាក់ចុះ​ជាលំដាប់។ តម្លៃប្រេងឆៅនៅអង់គ្លេសនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានធ្លាក់ចុះ ៨២សេន មកនៅត្រឹមតម្លៃ ១០៣ដុល្លារ ១៥សេនក្នុងមួយធុងបារ៉ែល ខណៈប្រេងឆៅរបស់អាមេរិកវិញ មានតម្លៃ ៩៧ ដុល្លារ៤៤សេន ក្នុងមួយបារ៉ែល ធ្លាក់ចុះ ១ ដុល្លារ១៨ សេន។

អ្នកវិភាគបានគូសបញ្ចាក់នៅក្នុងការស្ទង់មតិរបស់ Reuters បានកាត់បន្ថយការព្យាករ​ជាលើកដំបូងចាប់តាំងពីខែមេសាមក ដោយគេបានព្យាករថា តម្លៃប្រេងឆៅអង់គ្លេស​ជាមធ្យមសម្រាប់ឆ្នាំ ២០២២ នឹងមាន​មកនៅត្រឹម ១០៥ ដុល្លារ ៧៥ សេន ក្នុងមួយបារ៉ែល ខណៈប៉ាន់ស្មានសម្រាប់ប្រេងឆៅ​អាមេរិកមានតម្លៃ ១០១ ដុល្លារ ២៨ សេន ក្នុងមួយបារ៉ែល។

គួរជម្រាបថា អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និង សម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ នឹងជួបប្រជុំគ្នានៅថ្ងៃពុធ ទី ៣ ខែ សីហាសប្តាហ៍នេះ ដើម្បីសម្រេចកំណត់​បរិមាណទិន្នផលប្រេងសម្រាប់ខែកញ្ញា៕




អត្ថបទបន្ទាប់


វៀតណាមជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការវិនិយោគ ដើម្បីជួយខ្លួនក្លាយជាមជ្ឈមណ្ឌលនៃខ្សែចង្វាក់តម្លៃពិភពលោក

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអំពាវនាវឱ្យធុរកិច្ចកូរ៉េខាងត្បូងពង្រីកការវិនិយោគក្នុងប្រទេសវៀតណាម ដើម្បីជួយឱ្យប្រទេសរបស់ខ្លួន…

រឿងរ៉ាវព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតឡើងនៅមុន និងអំឡុងដំណើរទស្សនកិច្ចដ៏ព្រឺព្រួចរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់

ព័ត៌មាន
មនុស្សរាប់លាននាក់ កាលពីយប់ថ្ងៃទី២ សីហា បានតាមដានយ៉ាងដិតដល់ចំពោះ ដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិក ទៅកាន់ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ