ទីផ្សារមូលបត្រកម្ពុជា

អគ្គនាយក CSX ពន្យល់ពីហេតុផលធ្វើឲ្យ CSX បំណែកកំណត់ត្រាលើការជួញដូរភាគហ៊ុនក្នុងឆ្នាំ២០២១


បើទោះបីជាស្ថិតក្នុងបរិបទកូវីដ១៩ ក៏ប៉ុន្តែ នៅឆ្នាំ២០២១ ទីផ្សារមូលបត្រកម្ពុជា នៅតែបន្តចុះបញ្ជីដល់ក្រុមហ៊ុនថ្មីៗ ជាបន្តបន្ទាប់ ថែមទាំងបានបំបែកកំណត់ត្រាថ្មីជាមួយនឹងបរិមាណ និងតម្លៃជួញដូរភាគហ៊ុន ជាមធ្យមមានក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីបើកទីផ្សារមូលបត្រមក។ តើមានកត្តាអ្វីខ្លះជំរុញឱ្យទីផ្សារមូលបត្រកម្ពុជាបំណែកកំណត់ត្រាលើការជួញដូរភាគហ៊ុនក្នុងឆ្នាំ២០២១?
អគ្គនាយកផ្សារមូលបត្រកម្ពុជា CSX (រូបភាព៖ គណនីហ្វេសប៊ុក ឯកឧត្តម ហ៊ុង សុហួរ)

នៅ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ បរិមាណ​ជួញដូ​ភាគហ៊ុន​ប្រចាំ​ថ្ងៃ​គិត​ជា​មធ្យម​មាន​ជាង ២៣​ម៉ឺន​ភាគហ៊ុន និង​តម្លៃ​ជួញដូរ​ភាគហ៊ុន​មាន​ជាង ២៥​ម៉ឺន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០២០ ទំហំ​ជួញដូរ​ភាគហ៊ុន​មានការ​កើនឡើង​រហូត​ប្រមាណ ៤០០% និង​តម្លៃ​ជួញដូរ​វិញ​កើនឡើង​ដល់​ទៅ ១២៧% ឯណោះ​។

ជុំវិញ​នឹង​កំណើន​នៃ​ការ​ជួញដូរ​ភាគហ៊ុន​ក្នុង​ទីផ្សារ​មូល​ប​ត្រ​នេះ​ដែរ ត្រូវ​បាន ឯកឧត្តម ហុង សុ​ហួរ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ពិតមែនតែ​មានការ​រំខាន​ច្រើន​ពី​កូ​វី​ដ​១៩ ហើយ​ក្រុមហ៊ុន​ចុះបញ្ជី​ជួប​ឧបសគ្គ​ច្រើន​មិន​អាច​មក​ចុះបញ្ជី​បាន​តាម​ការ​គ្រោងទុក​ក្ដី ប៉ុន្ដែ​សកម្មភាព​លើ​ទីផ្សារ​ហាក់​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ឯកឧត្តម ហុង សុ​ហួរ បាន​បន្ត​ថា មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​សកម្មភាព​លើ​ទីផ្សារ​មានការ​កើនឡើង ក្នុង​នោះ​កូ​វី​ដ​១៩ ផ្ទាល់​ក៏​ជា​ឱកាស​ដល់​វិនិយោគិន​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ស្វែង​យល់​ពី​វិស័យ​មូល​ប​ត្រ​។ ម្យ៉ាងវិញទៀត កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​តម្លៃ​ភាគហ៊ុន​មួយ​ចំនួន​ធំ​ធ្លាក់​ចុះ ដូច្នេះ អ្នក​វិនិយោគ​ក៏​មើលឃើញ​ឱកាស ក្រោយ​ស្ថានភាព​កូ​វី​ដ​បាន​ធូរស្បើយ​ឡើង​វិញ ទើប​វិស័យ​មូល​ប​ត្រ​ហាក់​មានការ​កើនឡើង ទាំង​ការ​បើក​គណនី​ជួញដូរ និង​ការ​ដាក់​បញ្ជា​ទិញ​-​លក់​ភាគហ៊ុន​។

ឯកឧត្តម ហុង សុ​ហួរ មាន​ក្ដី​រំពឹង​ថា ក្រុមហ៊ុន​ថ្មី​ៗ​ចុះបញ្ជី​នឹង​កើនឡើង​ថែម​ទៀត ទំហំ​ជួញដូរ​នឹង​បន្ត​កើនឡើង​ដែរ នៅ​ឆ្នាំ​បន្ទាប់ ខណៈ​ឆ្នាំ​២០២១ ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃ​កើនឡើង​ដល់​ជាង​២៥​ម៉ឺន​ដុល្លារ ជា​មធ្យម​។ អគ្គនាយក​ផ្សារភាគហ៊ុន រូប​នេះ មាន​ក្ដី​រំពឹង​ដែរ​ថា បើសិនជា​ស្ថានភាព​កូ​វី​ដ​១៩ បាន​ធូរស្បើយ ផ្សា​រមូល​ប​ត្រ​នឹង​បន្ត​កើនឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំទៅ​មុខ​ទៀត ដោយ​លោក​រំពឹង​ថា នៅ​ឆ្នាំ​២០២២​នេះ​ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃ​នឹង​មាន​ប្រមាណ ៣០​ម៉ឺន​ដុល្លារ​។

បើ​តាម​ឯកឧត្តម ហុង សុ​ហួរ រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ​បំណុល​របស់​រដ្ឋ ដែល​គ្រប់​បណ្ដា​អង្គភាព​ពាក់ព័ន្ធ​របស់​ក្រសួង កំពុងធ្វើការ​យ៉ាង​មមាញឹក​លើ​រឿង​នេះ ជាមួយ​ភាគី​ពាក់ព័ន្ធ រួម​មាន និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ជាដើម ដើម្បី​ធានា​ថា នឹង​អាច​បោះផ្សាយ​ផ្សា​រមូល​ប​ត្រ​ក្នុង​ឆ្នាំ​២០២២​។ តែ​យ៉ាងណា ភាព​មិន​ប្រាកដប្រជា​នៃ​កូ​វី​ដ​១៩ ពិសេស​វត្តមាន​វីរុស​អូ​មី​ក្រុង និង​ការ​សម្រេចចិត្ត​របស់​ម្ចាស់​ភាគហ៊ុន អាច​នឹង​ធ្វើ​ឱ្យ​វិស័យ​ផ្សា​រមូល​ប​ត្រ​កម្ពុជា មានការ​ប្រែប្រួល​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្តម ហុង សុ​ហូរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ULS និង Pointer ប្រារព្ធ​ពិធី​បិទ​បញ្ចប់​ការសាងសង់​គ្រោង​អគារ Rose Apple នៅ​សៀមរាប

ព័ត៌មាន
សៀមរាប -- ខុនដូថ្មី​ផ្ដោត​លើ​សហគមន៍​និង​លំហបៃតងRose Apple បញ្ចប់ការសាងសង់គ្រោងអគារហើយ។ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ពោរពេញដោយភាពច្នៃ…

អ្នកជំនាញ៖ កម្រិតឥណទានមិនដំណើរការកើនឡើងនៅឆ្នាំ២០២១ តែអាចគ្រប់គ្រងបាន

ព័ត៌មាន
វិស័យមួយចំនួន ពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ នៅតែរឹងមាំធន់នឹងវិបត្តិ ដោយក្នុងនោះ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ ក៏ដូចជាទំហំឥណទាន និងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ