ស្ដារសេដ្ឋកិច្ច​ក្រោយ​វិបត្តិកូវីដ-១៩

កម្ពុជាផ្ដោតលើអភិក្រមចំនួន៣ ដើម្បីស្ដារសេដ្ឋកិច្ចក្រោយ​វិបត្តិ​កូវីដ-១៩សម្រាប់ឆ្នាំ២០២១-២០២៣


រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំនូវទស្សនវិស័យសេដ្ឋកិច្ច និងផែនការស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩។ ក្នុងនោះដែរ បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មានអភិក្រមចំនួន៣ ដែលកម្ពុជាត្រូវផ្ដោតជាសំខាន់ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩។
កម្ពុជាផ្ដោតលើអភិក្រមចំនួន៣ ដើម្បីស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩សម្រាប់ឆ្នាំ២០២១-២០២៣ (រូបភាព៖ ខេមបូណូមីស)
ដោយ

ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ អំពី​ទស្សនវិស័យ​សេដ្ឋកិច្ច​កម្ពុជា និងផែនការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ-១៩ នៅថ្ងៃទី ១៥ ខែ​មករា ឆ្នាំ២០២១ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​ និងជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បាន​លើកឡើងថា មាន​អភិក្រម​ចំនួន ៣ ដែល​ត្រូវផ្ដោត​ ដើម្បី​ស្ដារសេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ នៅក្រោយ​វិបត្តិ​កូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ រួមមាន៖

ទី១, យុទ្ធសាស្ត្រ​ដើម្បីរស់ (Survival) ៖ ដើម្បីជំរុញ​ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ផង និងដើម្បី​បន្តប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ-១៩ ផង ព្រមទាំង​ដើម្បីរក្សា​លំនឹងជីវភាព​ប្រជាជន និងអាជីវកម្ម និងធុរកិច្ច ពិសេស​ក្នុងវិស័យ​ដែលទទួល​រងផល​ប៉ះពាល់​ខ្លាំង និងក្នុងវិស័យ​ថ្មីៗ​ដែលមាន​សក្តានុពល ព្រមទាំងការបង្កើតការងារ​បន្ថែម​ឱ្យបានច្រើន និងការជំរុញ​ការប្រើប្រាស់ និងការចំណាយ​ក្នុងស្រុក។ នៅក្នុង​ក្របខណ្ឌនេះ រាជរដ្ឋាភិបាល​នឹងបន្ត​អនុវត្តនូវរាល់​កម្មវិធី​ជំនួយ​សង្គម​នានា​ដែលមានស្រាប់ ក៏ដូចជា​បន្តនូវ​អន្តរាគមន៍​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល ដូចជាការ​បន្តអនុវត្ត​នូវ​កម្មវិធី​សាច់ប្រាក់​ពលកម្ម​ជាដើម។

ទី២.ការកែទម្រង់ (Reform) សំដៅពន្លឿន​ការធ្វើ​ពិពិធកម្ម ទាំងផ្នែក​ផលិតកម្ម សេវាកម្ម និងទីផ្សារ ព្រមទាំងការ​លើកកម្ពស់​ភាពប្រកួតប្រជែង ដោយផ្ដោត​លើការធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​បរិយាកាស និងកិច្ចសម្រួល​ពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច ព្រមទាំង​ការជំរុញ និងអភិវឌ្ឍ​ឌីជីថលូបនីយកម្ម​ក្នុងប្រព័ន្ធ​សេដ្ឋកិច្ច ក្នុងគោលដៅ​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺកូវីដ-១៩  ឱ្យក្លាយទៅ​ជាឱកាស។
ទី៣. ការកសាងភាពធន់ (Resilience) ប្រកប​ដោយចីរភាព និងបរិយាប័ន្ន តាមរយៈ​ការកសាង និងពង្រឹង​សមត្ថភាព​ស្ថាប័ន, ការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យគន្លឹះ, ការបង្កើន​ការអភិវឌ្ឍធនធានមនុស្ស, ការពង្រឹង​ប្រព័ន្ធ​គាំពារសង្គម និងប្រព័ន្ធ​សុខាភិបាល, ការធានា​ធនធាន​ក្នុងស្រុក​គ្រប់គ្រាន់ ដោយការ​បង្កើន​លំហរថវិកា, ការធានា​ភាពធន់​ក្នុងវិស័យ​ហិរញ្ញវត្ថុ តាមការអភិវឌ្ឍ​យន្តការ​ឆ្លើយតបទៅ​នឹងវិបត្តិ និងការបង្កើន​ប្រភព​ហិរញ្ញប្បទាន​ក្នុងស្រុក (ដូចជា ការបោះផ្សាយមូលបត្ររដ្ឋ), ការកាត់បន្ថយភាព​ពឹងផ្អែក​ខ្លាំង​លើកត្តា​ខាងក្រៅ ដោយការជំរុញ​ការធ្វើ​ពិពិធកម្ម និងការពង្រឹង​ភាពប្រកួតប្រជែង និងការកសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ក្នុងស្រុក​រឹងមាំ, ព្រមទាំង​ការលើក​កម្ពស់​ការអភិវឌ្ឍ​បៃតង (Green Growth) ដែល​ធានា​តុល្យភាព​រវាង​តម្រូវការ​អភិវឌ្ឍ និងការបន្ស៊ាំ​នឹងបម្រែ​បម្រួល​អាកាសធាតុ ជាដើម។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

គួរបញ្ជាក់​ផងដែរថា កំណើន​សេដ្ឋកិច្ច​សកល​ក្នុងឆ្នាំ ២០២០ ត្រូវបាន​វាយតម្លៃថា អាចនឹង​ធ្លាក់មក​ក្នុងអត្រា -៤,៤% ដោយសារ​ការដាក់ចេញ​នូវវិធាន​ការនានា​សំដៅ​​ទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ-១៩ ដែលបាន​បង្អាក់ និងដាក់សម្ពាធ​យ៉ាងខ្លាំង​ដល់ដំណើរការ​សេដ្ឋកិច្ច​សកល ទាំងលើ​សកម្មភាព​ផលិតកម្ម, ការប្រើប្រាស់ និងការវិនិយោគ។ យ៉ាងណាមិញ កំណើនត្រូវបាន​រំពឹងថា​នឹងងើបឡើងវិញ​មក​ក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ ២០២១ ក្រោមការ​រំពឹងទុក​ថា វ៉ាក់សាំង​ជំងឺកូវីដ-១៩ នឹងត្រូវបាន​ចាប់ផ្តើម​ចែកចាយក្នុងឆ្នាំ ២០២១ ​ស្របពេល​ដែលសកម្មភាព​សេដ្ឋកិច្ច​បន្តងើបឡើង​វិញ​ជាបណ្តើរៗ។ ទោះជាយ៉ាងនេះក្តី ការព្យាករថា កំណើន​សេដ្ឋកិច្ច​សកលក្នុងឆ្នាំ ២០២១ នឹងងើបឡើងវិញនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ព្រមទាំង​អាស្រ័យ​ស្ទើរតែទាំង​ស្រុង​លើ​ប្រសិទ្ធភាព និងលទ្ធភាព​ក្នុងការចែក​ចាយ​វ៉ាក់សាំង​កូវីដ-១៩។ 

ស្របគ្នាទៅ​នឹង​និន្នាការ​សកលនេះ, សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ក៏បាន​ទទួល​រងផល​ប៉ះពាល់​ខ្លាំងពីវិបត្តិ​ជំងឺ​កូវីដ-១៩ ផងដែរ។ តាមការ​វាយតម្លៃ​ចុងក្រោយ​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សេដ្ឋកិច្ចកម្ពុជា​ក្នុងឆ្នាំ ២០២០ អាចមាន​កំណើន​ទាប​ជាងការព្យាករ​កាលពីពាក់​កណ្តាល​ឆ្នាំ ដែលឆ្លុះបញ្ចាំង​តាមរយៈការធ្លាក់ចុះ​ជាងការ​រំពឹងទុក​នៃ​វិស័យ​កាត់ដេរ, វិស័យកសិកម្ម និងការធ្លាក់ចុះ​ខ្លាំង​នៃវិស័យទេសចរណ៍ ស្របពេល​ដែល​វិស័យ​សំណង់ និងអចលនទ្រព្យ ត្រូវបាន​ប៉ាន់ស្មានថា នឹងទទួល​រងផលប៉ះទង្គិច​តិចជាង​ការរំពឹងទុកបន្តិច។ ទន្ទឹមនេះ វិស័យ​កម្មន្តសាល​មិនមែនកាត់ដេរ​ត្រូវបាន​រំពឹងថានឹងអាចរក្សា​បានកំណើន​ល្អប្រសើរ។ គួរឱ្យកត់​សម្គាល់ផងដែរ វិស័យហិរញ្ញវត្ថុ​ទាំង​ធនាគារ និងមិនមែនធនាគារ​នៅរក្សា​បានស្ថិរភាព និងពុំមាន​សញ្ញាណ​ប្រែប្រួល​គួរឱ្យកត់​សម្គាល់ឡើយ។ ក្នុងឆ្នាំ ២០២១, សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករថា នឹងងើបឡើងវិញ ក្រោមការរំពឹង​ទុក​ការកើន​ឡើង​សន្សឹមៗ​នៃវិស័យ​គាំទ្រ និងប្រសិទ្ធភាព​នៃការដាក់ចេញ​វិធានការ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀង RCEP និង FTA នឹង​នាំឲ្យសេដ្ឋកិច្ចកម្ពុជា​លូតលាស់​ជា​វិជ្ជមាន​ក្នុង​ឆ្នាំ២០២១

ព័ត៌មាន
លោកបណ្ឌិត អុិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ នៃ ធនាគារ​​អេស៊ីលីដា បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​​អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ក្នុង​ឆ្ន…

អគ្គនាយក CSX ថា ឆ្នាំ២០២០ ជាប្រវត្តិសាស្ត្រមួយ​វិស័យ​ទីផ្សារ​មូលបត្រ​កម្ពុជា!

ព័ត៌មាន
និយ័តករ និងអ្នកជំនាញក្នុងវិស័យផ្សារមូលបត្រកម្ពុជា បានអះអាងថា នៅឆ្នាំ២០២០ វិស័យផ្សារមូលបត្រកម្ពុជានៅតែមានកំណើនល្អ បើទោះបីជាមានការយាយីដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ