សារធាតុរ៉ែ

សហភាពអឺរ៉ុបយល់ព្រមកំណត់គោលដៅលើការផ្គត់ផ្គង់រ៉ែ កាត់បន្ថយការពឹងផ្អែកលើចិន


ក្រុមអ្នកចរចាតំណាងឱ្យរដ្ឋាភិបាលសហភាពអឺរ៉ុប និងសមាជិកសភា សម្រេចបាននូវកិច្ចព្រមព្រៀងមួយ ស្ដីពីការកំណត់គោលដៅសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកនូវសារធាតុរ៉ែសំខាន់ៗដូចជារ៉ែលីត្យូម និងរ៉ែនីកែលជាដើម ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើបណ្ដាប្រទេសទី៣ ជាពិសេសគឺប្រទេសចិនតែម្ដង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សារធាតុរ៉ែ
ដោយ

គណៈកម្មការអឺរ៉ុប បានស្នើឱ្យបង្កើតច្បាប់មួយស្ដីពីវត្ថុធាតុដើមសំខាន់ៗកាលពីខែមីនា ដែលជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបមួយ ដើម្បីអាចប្រកួតប្រជែងជាមួយនឹងសហរដ្ឋអាម៉េរិក និងប្រទេសចិន ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យាស្អាត។ សំណើនេះបាននិយាយថា សហភាពអឺរ៉ុបគួរតែទាញយករ៉ែ១០% កែច្នៃឡើងវិញ១៥% និងដំណើរការតម្រូវការប្រចាំឆ្នាំរបស់ខ្លួន៤០% នៅត្រឹមឆ្នាំ២០២៣នេះ សម្រាប់«វត្ថុធាតុដើមយុទ្ធសាស្ត្រ»ចំនួន១៦មុខ។

នៅទីបំផុតសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុបបានព្រមព្រៀងគ្នាលើច្បាប់នេះ កាលពីថ្ងៃចន្ទ ដែលនឹងដាក់ឱ្យចូលជាធរមាននៅដើមឆ្នាំ២០២៤ ប៉ុន្តែក្រុមអ្នកចរចាបានបង្កើនគោលដៅនៃការកែច្នៃរ៉ែឡើងវិញយ៉ាងតិច២៥% ហើយអ្នកចរចាខាងសភា ក៏បាននិយាយដែរថា គណៈកម្មការអឺរ៉ុបនឹងអនុម័តច្បាប់ពាក់ព័ន្ធមួយនៅឆ្នាំ២០២៧ ដែលកំណត់គោលដៅនៃការកែច្នៃឡើងវិញទាក់ទងនឹងកាកសំណល់ប្រចាំឆ្នាំជាជាងការកំណត់លើការប្រើប្រាស់រ៉ែទាំងនេះ។

នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមអ្នកចរចាក៏បានយល់ព្រមដាក់បន្ថែមរ៉ែអាលុយមីញ៉ូមចូលទៅក្នុងបញ្ជីវត្ថុធាតុដើមយុទ្ធសាស្ត្រ ព្រមទាំងរ៉ែក្រាហ្វ៊ីតសំយោគផងដែរ ខណៈដែលរ៉ែក្រាហ្វ៊ីតធម្មជាតិត្រូវបានដាក់នៅក្នុងបញ្ជីនេះរួចហើយ។ ការដាក់បញ្ចូលរ៉ែក្រាហ៊្វីតក្នុងបញ្ជីវត្ថុធាតុដើមយុទ្ធសាស្ត្រនេះ គឺដោយសារតែប្រទេសចិន បានដាក់ផែនការរឹតបន្តឹងការត្រួតពិនិត្យលើការនាំចេញរ៉ែក្រាហ្វ៊ីត ខណៈដែលចិនបានចម្រាញ់រ៉ែនេះនៅក្នុងពិភពលោកជាង៩០% ឱ្យចេញជាសម្ភារៈ ដែលគេប្រើយ៉ាងច្រើននៅក្នុងរថយន្តអគ្គិសនី ជាពិសេសសម្រាប់ការផលិតថ្មរថយន្តអគ្គិសនីតែម្ដង។

សហភាពអឺរ៉ុបក៏បានពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន សម្រាប់រ៉ែកម្រ និងរ៉ែលីត្យូម ដែលជាសម្ភារៈដ៏សំខាន់ផ្សេងទៀតសម្រាប់ការផ្លាស់ប្តូរទៅរកបច្ចេកវិទ្យាស្អាតរបស់សហភាពអឺរ៉ុប។ គោលបំណងរបស់ច្បាប់នេះគឺថា គ្មានប្រទេសទី៣ណាមួយគួរតែផ្តល់វត្ថុធាតុដើមយុទ្ធសាស្ត្រច្រើនជាង៦៥%នោះទេ ដែលរួមបញ្ចូលទាំងរ៉ែកូបាល់ (cobalt) រ៉ែទង់ដែង រ៉ែម៉ាញ៉េស្យូម និងរ៉ែទីតាញ៉ូមផងដែរ។

ប្រធានឧស្សាហកម្មសហភាពអឺរ៉ុបលោក ធៀរី ប្រេថុន (Thierry Breton) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើគ្មានច្បាប់នេះទេ អឺរ៉ុបនឹងប្រឈមមុខនឹងការខ្វះខាត និងការពឹងអាស្រ័យមិនដូចបំណង ហើយច្បាប់នេះនឹងធានាបាននូវស្តង់ដារបរិស្ថាន និងសង្គមខ្ពស់។

លោកបានបន្ថែមថា ប្លុកនេះនឹងធ្វើការជាមួយសមាជិកសហភាពអឺរ៉ុប ដើម្បីកំណត់គម្រោងយុទ្ធសាស្រ្តមួយចំនួនដែលនឹងទទួលបានប្រយោជន៍ពីនីតិវិធីកាន់តែលឿន និងកាន់តែមានប្រសិទ្ធភាពព្រមទាំងទទួលបានហិរញ្ញវត្ថុកាន់តែងាយស្រួលផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជន នឹងជួយលើកកម្ពស់ផលិតភាពការងារ និងកំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ជាមធ្យោបាយយូរអង្វែងជួយដ…

មិត្តហ្វូន និងសកម្មភាពគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា

ព័ត៌មាន
ក្នុងរយៈពេល 15 ឆ្នាំកន្លងមកនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន មិត្តហ្វូនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា និងប្រជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ